ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានឆ្លើយតបទៅនឹងសមាគមផ្គត់ផ្គង់ជ្រូកកម្ពុជា ដោយបដិសេធថា ខ្លួនពុំបានអនុញ្ញាតផ្តល់គោលការណ៍ នាំចូលជ្រូករស់ ឱ្យក្រុមហ៊ុនណាផ្តាច់មុខននោះទេ ។
ក្រសួង បន្តថា អគ្គនាយកដ្ឋាន បានជំរុញលើកទឹកចិត្តដល់ប្រជាកសិករបង្កើនការចិញ្ចឹមជ្រូក ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុកបន្ថែមទៀត រហូតកាត់បន្ថយការនាំចូលជ្រូករស់ មកត្រឹមកម្រិតអប្បរមា។ ការគ្រប់គ្រងនាំចូលជ្រូករស់ពីបរទេស មកផ្គត់ផ្គង់ទីផ្សារកម្ពុជា មិនពាក់ព័ន្ធអំពើពុករលួយឡើយ ផ្ទុយទៅវិញទទួលបានការសាទរពីសមាគមចិញ្ចឹមសត្វកម្ពុជា ហើយបានជំរុញ និងលើកទឹកចិត្ត សមាជិកសមាគម ក៏ដូចជាកសិករឱ្យពង្រីកកសិដ្ឋានចិញ្ចឹមសត្វ និងការចិញ្ចឹមជាលក្ខណៈគ្រួសារ។
ជាមួយគ្នានេះ រយៈពេល៥ខែ ដើមឆ្នាំ២០២០ ក្រសួងកសិកម្ម ទទួលបានការស្នើសុំបង្កើតកសិដ្ឋានចំនួន ២៣កន្លែង។ លើសពីនេះទៅទៀត អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម បាននាំចូលមេជ្រូកពូជ មានចំនួន ១ម៉ឺន៤ពាន់ក្បាល ក្នុងរយៈពេល៥ខែក្នុងឆ្នាំ២០២០ ដែលមានការកើនឡើងខ្ពស់ ធៀបនឹងឆ្នាំ២០១៩ ដែលមានត្រឹម៧៨៤០ក្បាល និងកូនជ្រូកពូជ នាំចូលក្នុងរយៈពេល៥ខែដើមឆ្នាំ២០២០ មានចំនួន ៨ម៉ឺន ៨ពាន់ ៨៧០ក្បាល។
សូមជំរាបថា តម្លៃជ្រូករស់ ក្នុងរយៈពេល៥ដើមឆ្នាំនេះ មានចន្លោះពី ១១០០០រៀលទៅ ១២០០០រៀលក្នុងមួយគីឡូក្រាម។ ជាការកត់សំគាល់ ការកើនឡើងតម្លៃជ្រូករស់ ដល់ ១៤២០០រៀល៕ អត្ថបទ ៖ គង់ វណ្ណៈ