ភ្នំពេញៈ ក្រុមហ៊ុនផលិតសំលៀកបំពាក់ដ៏ធំមួយរបស់ប្រទេសចិន ឈ្មោះ Shenzhou International Group Holdings បានប្រកាសថា បានកំពុងដំណើរការសាងសង់រោងចក្រកាត់ដេរសម្លៀកបំពាក់មួយ ដែលមានតម្លៃ ១៥០លានដុល្លារ នៅរាជធានីភ្នំពេញ
ក្រុមហ៊ុននេះ គឺជាក្រុមហ៊ុនដែលផលិតសំលៀកបំពាក់ ឲ្យទៅក្រុមហ៊ុនធំៗដូចជា Nike, Adidas និង Uniqlo ជាដើម។ ការសាងសងរោងចក្រកាត់ដេរនៅកម្ពុជា របស់ក្រុមហ៊ុន Shenzhou នឹងចូលរួមចំណែកយ៉ាងធំធេង ដល់គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មរបស់ប្រទេសកម្ពុជា ឆ្នាំ២០១៥-២០២៥។ ជាមួយនឹងការនាំចេញទៅក្រៅប្រទេសក្នុងទំហំទឹកប្រាក់ ៤៤០ លានដុល្លារនៅក្នុងឆ្នាំ ២០១៨ ក្រុមហ៊ុននេះបានក្លាយទៅជាអ្នកផលិតធំជាងគេ នៅក្នុងប្រទេសកម្ពុជា ហើយមានបុគ្គលិកខ្មែរជាង ១១.០០០ នាក់។
លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ បានមានប្រសាសន៍ថា៖ “កម្ពុជាបានក្លាយជាមូលដ្ឋានគ្រឹះដ៏ធំ និងជោគជ័យមួយសម្រាប់ក្រុមហ៊ុន ក្នុងការផលិតសម្លៀកបំពាក់ ឲ្យក្រុមហ៊ុន Nike ។ ភាពជោគជ័យរបស់ក្រុមហ៊ុន មិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់ក្រុមហ៊ុនខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងរួមចំណែកជំរុញសេដ្ឋកិច្ចកម្ពុជា និងបង្កើតការងារសម្រាប់ប្រជាជនកម្ពុជាផងដែរ”។
ក្រុមហ៊ុន Shenzhou បានដំណើរការនៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ ២០០៥ ហើយបច្ចុប្បន្ននេះ បានសាងសងរោងចក្រថ្មីមួយទៀតរបស់ខ្លួន នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្ថិតនៅក្នុងរាជធានីភ្នំពេញ។ លោក Mark Griffie ដែលជាអនុប្រធានក្រុមហ៊ុន Nike បាននិយាយថា៖ “ប្រទេសកម្ពុជា គឺជាប្រទេសមួយដ៏សំខាន់សម្រាប់ក្រុមហ៊ុន Shenzhou និងក្រុមហ៊ុន Nike ។ ជាមួយនឹងរោងចក្រថ្មីដែលកំពុងត្រូវបានសាងសង់នៅទីនេះ យើងសង្ឃឹមថា នឹងបន្តការរីកចម្រើនរួមគ្នា នៅក្នុងប្រទេសកម្ពុជា សម្រាប់រយៈពេលជាច្រើនឆ្នាំខាងមុខនេះទៀត”។
លោកបន្តថា: «ការដឹកជញ្ជូនលើកដំបូងសម្រាប់ក្រុមហ៊ុន Nike ពីក្រុមហ៊ុន Shenzhou នៅប្រទេសកម្ពុជា គឺបានធ្វើឡើងកាលពីឆ្នាំ ២០០៧។ ចាប់តាំងពីការបង្កើតឡើងកាលពី ១២ ឆ្នាំមុនមក អាជីវកម្មរបស់យើងរួមគ្នានៅកម្ពុជា បានរីកចម្រើនយ៉ាងខ្លាំង ហើយសព្វថ្ងៃនេះមានបុគ្គលិកជាង ៣ ពាន់នាក់នៅកម្ពុជា បានផលិតផលិតផលសម្រាប់ក្រុមហ៊ុន Nike »។
រោងចក្រថ្មីដែលមានតម្លៃ ១៥០លានដុល្លារ ត្រូវបានគេរំពឹងថានឹងត្រូវបញ្ចប់នៅខែមីនាឆ្នាំ ២០២១ ហើយនឹងបង្កើតការងារចំនួនប្រហែល ជា១៧.០០០ កន្លែងសម្រាប់ប្រជាជនកម្ពុជា៕