កូរ៉េខាងជើង មាន​សកម្មភាព​ឡើងវិញ នៅ​តំបន់​ផលិត “​កាំ​ជ្រូច ប្រល័យ​លោក​”

2568

ខណៈដែល​ស្ថាន​ការ​ការទូត ស្ថិតនៅក្នុង​ភាពមិនច្បាស់លាស់ បន្ទាប់ពី​បរាជ័យ​នៅក្នុង​កិច្ចប្រជុំ​កំពូល​កូរ៉េខាងជើង​និង​អាម៉េរិក កាលពី​សប្តាហ៍​មុន​ នៅ​ទីក្រុង​ហាណូយ​រួចមក ក្រុមអ្នកវិភាគ​របស់​អាមេរិក និង​កូរ៉េខាងត្បូង​​បាន​បញ្ជក់​ថា សកម្មភាព​បានចាប់ផ្តើម​មាន​ឡើងវិញ នៅ​ទីតាំង​បង្ហោះ​ផ្កាយរណប​មួយ​ នៅ​ក្នុងប្រទេសកូរ៉េខាងជើង​។​

​ក្រុម​អ្នកជំនាញ​ឯកទេស ​របស់​កូរ៉េខាងជើង​ដ៏​មាន​ឥទ្ធិពល ទទួលបាន​ព័ត៌មាន​ពី​ក្រុម​ស៊ើបការណ៍​សម្ងាត់​កូរ៉េខាងត្បូង​ថា ការងារ​សាងសង​ បានចាប់ផ្ដើម​ឡើងវិញ នៅ​ស្ថានីយ​ផ្កាយរណប Sohae ដែល​ស្ថិតនៅក្នុង​តំបន់ Tongchang-ri នៅ​ភាគ​ពាយព្យ​នៃ​ប្រទេស​នេះ​។​

មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន បាន​សន្យា​​នៅក្នុង​កិច្ចប្រជុំ​កំពូល ​អាម៉េរិក – កូរ៉េខាងជើង​ ដែល​បានរៀបចំ​ធ្វើឡើង នៅ​ប្រទេស​សិង្ហ​បុរី​កាលពី​ខែមិថុនា ឆ្នាំ​២០១៨ ថា​ នឹង​រុះរើ​កន្លែង​ដែល​អាច​សាកល្បង ម៉ាស៊ីន​គ្រាប់​អាវុធ​មី​ស៊ី​ល តែ​ការងារ​រុះរើ​នេះ ត្រូវបាន​ផ្អាក​កាលពី​ចុងខែ​សីហា ឆ្នាំ​២០១៨ ហើយ​រវាង​ថ្ងៃទី៦ កុម្ភៈ ដល់​ថ្ងៃទី២ ខែមីនា ការងារ​ត្រូវបាន​ចាប់ផ្តើម​ឡើងវិញ​។​

បន្ទាប់ពី​ការបរាជ័យ នៅឯ​កិច្ចប្រជុំ​កំពូល នាទី​ក្រុង​ហាណូយ ប្រទេស​វៀតណាម ដែល​ពុំបាន​ឈានដល់​កិច្ចព្រមព្រៀង​ណាមួយ​នោះ ជំហាន​ខាង​ការទូត​បន្ទាប់ ដើម្បី​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរនៅ​ឧបទ្វីប​កូរ៉េ គឺ​ការធ្វើឱ្យ​ប្រសើរឡើង នូវ​ទំនាក់ទំនង​រវាង​ក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​ព្យុងយ៉ាង ដែល​កំពុង​ស្ថិតនៅ​ឆ្ងាយ​ពី​ភាពច្បាស់លាស់​។​

​ទោះជា​យ៉ាងណាក៏ដោយ កាលពី​ថ្ងៃ​ចន្ទ​កន្លងទៅនេះ លោក Mike Pompeo រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាម៉េរិក បាន​និយាយ​នៅក្នុង​ទីក្រុង​វ៉ាស៊ីនតោន ដោយ​បញ្ជាក់​យ៉ាងច្បាស់​ថា លោក​សង្ឃឹមថា​នឹងមាន​កិច្ចចរចា​ នាពេល​អនាគតបន្តទៀត​។​

លោក Pompeo បាន​និយាយថា៖ “​ខ្ញុំ​សង្ឃឹម បើទោះបីជា​មិនទាន់មាន ការប្តេជ្ញាចិត្ត​នៅឡើយ​ក៏ដោយ​ថា យើង​នឹង​ត្រលប់​មកវិញ (​កិច្ចចរចារ​) ខ្ញុំ​នឹងមាន​ក្រុមការងារ​នៅ​ទីក្រុង​ព្យុងយ៉ាង នាពេល​ប៉ុន្មាន​សប្តាហ៍​ខាងមុខនេះ​។ ខ្ញុំ​កំពុង​បន្ត​ធ្វើការ ​ដើម្បី​រក​ចំនុច ដែល​ផ្ដល់​ផលប្រយោជន៍​រួមគ្នា ទៅវិញទៅមក​មួយ​”​។​

ទីក្រុង​ព្យុងយ៉ាង មិនទាន់បាន​ឆ្លើយតប​ទៅនឹង​ការលើកឡើង​ របស់លោក Pompeo ជា​សាធារណៈ​នោះទេ ប៉ុន្តែ​ការផ្ដល់​ផលប្រយោជន៍​រួមគ្នា ប្រហែលជា​អាចមាន ទោះ​ស្ថិតនៅក្នុង​កម្រិត​តិចជាង​ ពី​ការរំពឹង​ចង់បាន​ខ្ពស់​កាលពីលើកមុន​ក៏​ដោយ​។​

​គួរ​រំ​ម្លឹ​ក​ផង​ដែលថា នៅឯ​កិច្ចប្រជុំ​កំពូល ក្នុង​ប្រទេស​វៀតណាម កូរ៉េខាងជើង ផ្ដល់ឱ្យ​នូវ​ការរុះរើ​រោងចក្រ​ផលិត​អាវុធ​នុយក្លេអ៊ែរ ​សំខាន់ៗ​របស់ខ្លួន​នៅ​តំបន់ Yongbyon ក្រោម​ការឃ្លាំមើល និង​អ្នកត្រួតពិនិត្យ​របស់​អន្តរជាតិ ដើម្បី​ទទួលបាន​មកវិញ​នូវ ការបន្ធូរបន្ថយ​លើ​ការដាក់ទណ្ឌកម្ម ដែល​បាន​ដាក់ចេញ​កាលពី​ឆ្នាំ ២០១៦​។ តែប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ បាន​លើកឡើងថា កូរ៉េខាងជើង ចង់ឱ្យមាន​ការលើកលែង​ការដាក់ទណ្ឌកម្ម​ទាំងអស់ ប៉ុន្តែ​វា​មិន​ពាក់ព័ន្ធ​ទាល់តែសោះ ព្រោះ​ការដាក់ទណ្ឌកម្ម​ក្រោយ​ឆ្នាំ ២០១៦ ត្រូវបាន​គេ​មើលឃើញ​យ៉ាង​ទូលំទូលាយ​ថា ជាការ​ដាក់ទណ្ឌកម្ម​ខ្លាំ​ង​បំផុត​៕​ ប្រែសម្រួលពី Asia Times