ប្រាសាទអង្គរវត្ត ស្ថិតនៅក្នុងខេត្តសៀមរាប នៃប្រទេសកម្ពុជា នៅតែបន្តរកបានប្រាក់ចំណូល ខាងផ្នែកទេសចរណ៍សម្រាប់ប្រទេសកម្ពុជា ដែលកើនឡើងជារៀងរាល់ឆ្នាំ បើទោះបីជាការលក់សំបុត្រ ចូលទស្សនាសម្រាប់ភ្ញៀវបរទេស មានការដំឡើងថ្លៃយ៉ាងណាក៏ដោយ ក៏នៅតែមានភ្ញៀវបរទេស បានទិញសំបុត្រចូលទស្សនា ស្ថាបត្យកម្មដ៏អស្ចារ្យ មួយគ្មានពីរលើលោកនេះដែរ។
អាជ្ញាធរមូលដ្ឋាន ដែលគ្រប់គ្រងតំបន់ប្រាសាទអង្គរវត្ត បានព្យាករណ៍ថា តួរលេខនៃប្រាក់ចំណូល អាចកើនដល់ 117 លានដុល្លារអាមេរិកនៅចុងឆ្នាំនេះ ដោយមានភ្ញៀវទេសចរបរទេសប្រហែល ២.៦លាននាក់ បានមកទស្សនាប្រាសាទអង្គរវត្ត។
ប្រាសាទអង្គរវត្ត នៅតែជាអ្នករកចំណូលបាន រាប់លានដុល្លារសម្រាប់ប្រទេសកម្ពុជា បើប្រៀបធៀបទៅនឹងតំបន់បេតិកភណ្ឌពិភពលោក ២កន្លែងផ្សេងទៀតគឺ ប្រាសាទព្រះវិហារ ដែលស្ថិតនៅក្នុងខេត្តព្រះវិហារ និងតំបន់បុរាណវិទ្យា ប្រាសាទសំបូរព្រៃគុក ស្ថិតនៅក្នុងខេត្តកំពង់ធំ។
លោកនាយកប្រតិបត្ត របស់គ្រឺះស្ថានអង្គរ បានឲ្យដឹងថា៖ “ភ្ញៀវទេសចរ មានកំណើន ៧% ក្នុងឆ្នាំនេះ ហើយភ្ញៀវទេសចរមកពី ១៩៣ប្រទេស បានមកទស្សនាប្រាសាទអង្គរវត្ត ហើយ ៤៣% នៃអ្នកទេសចរសរុប គឺជាភ្ញៀវទេសចរមកពីប្រទេសចិន។”
លោកបន្តថា៖ “ភ្ញៀវទេសចរបរទេស នៅតែមកមើលបេតិកភ័ណ្ឌពិភពលោក ប្រាសាទអង្គរវត្ត ហើយនៅក្នុងកំឡុងពេលរដូវការមនុស្សច្រើន គឺថាភ្ញៀវទេសចរពេញតែម្ដង សូម្បីតែសណ្ឋាគារក៏ពិបាកកក់បន្ទប់ដែរ។”
ក្នុងខែកុម្ភៈឆ្នាំ ២០១៧ អាជ្ញាធរបានដំឡើងតម្លៃចូលទស្សនា ប្រាសាទអង្គរវត្ត ដែលជាបេតិកភណ្ឌពិភពលោក សម្រាប់ភ្ញៀវទេសចរបរទេស រហូតដល់ ៣៧ដុល្លារអាមេរិក សម្រាប់សំបុត្រមួយថ្ងៃ តម្លៃ ៦២ដុល្លារអាមេរិក សម្រាប់សំបុត្របីថ្ងៃ និង ៧២ដុល្លារ សម្រាប់តម្លៃសំបុត្រ ចូលទស្សនារយៈពេលមួយសប្តាហ៍។
កាលពីមុន តម្លៃចូលទស្សនា ប្រាសាទអង្គរវត្ត គឺ ២០ដុល្លារអាមេរិក, ៤០ដុល្លារអាមេរិក និង ៦០ដុល្លារអាមេរិកប៉ុណ្ណោះ។
ការមកដល់ទស្សនារបស់ភ្ញៀវទេសចរ នៅប្រាសាទអង្គរវត្ត បានបង្ហាញសញ្ញានៃការធ្លាក់ចុះនៅក្នុងឆ្នាំ ២០១៨ ប្រហែល ៧% បើប្រៀបធៀបទៅនឹងកំណើន ១២% នៅក្នុងឆ្នាំ ២០១៧។
គ្រឹះស្ថានអង្គរ បានឲ្យដឹងទៀតថា៖ “វាលំបាកណាស់សម្រាប់យើង ក្នុងការរក្សាកំណើនពីរខ្ទង់ជារៀងរាល់ឆ្នាំ សម្រាប់ភ្ញៀវទេសចរ មកទស្សនាប្រាសាទអង្គរវត្ត ដែលវាមិនដូចការទិញទំនិញនៅផ្សារទំនើប ក្នុងប្រទេសសិង្ហបុរី ឬម៉ាឡេស៊ីនោះទេ។ យើងត្រូវការរំពឹងទៅលើអ្នកដំណើរថ្មី និងត្រូវសាងសង់ហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត។”
អាជ្ញាធរកំពុងងាកទៅរក ការប្រើប្រាស់បច្ចេកវិទ្យា សម្រាប់ការលក់សំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត ដើម្បីទ្រទ្រង់លំហូរភ្ញៀវទេសចរ កើនឡើងជារៀងរាល់ឆ្នាំ។
គ្រឹះស្ថានអង្គរ បានព្យាយាមធ្វើឲ្យមានភាពងាយស្រួល សម្រាប់ការទិញសំបុត្រ ចូលទស្សនាប្រាសាទអង្គរវត្ត ដោយអនុញ្ញាតឲ្យសណ្ឋាគារលក់សំបុត្រ និងផ្សព្វផ្សាយការកក់សំបុត្រតាមអ៊ីនធឺណែត ដែលកំពុងតែសាកល្បងអនុវត្ត មុនពេលដែលប្រព័ន្ធនេះដំណើរការពេញលេញ។
បច្ចុប្បន្នអ្នកទេសចរ ត្រូវទៅទិញសំបុត្ររបស់ពួកគេ នៅគ្រឺះស្ថានអង្គរ នៅក្នុងខេត្តសៀមរាប ដែលមានចំងាយប្រហែល ៥ គីឡូម៉ែត្រ ពីទីតាំងប្រាសាទ ដែលវាអាចមានភាពពិបាក នៅពេលដែលបញ្ជរទិញសំបុត្រពេញ ក្នុងអំឡុងរដូវមានភ្ញៀវទេសចរច្រើន។
ជាមួយគ្នានេះដែរ រដ្ឋាភិបាលកម្ពុជា បាននិងកំពុងអនុវត្តផែនការមេយុទ្ធសាស្ត្រ អភិវឌ្ឍន៍ទេសចរណ៍ ឆ្នាំ ២០១២ ដល់ឆ្នាំ ២០២០ ដើម្បីអភិវឌ្ឍឧស្សាហកម្មនៅតាមបណ្តាខេត្ត និងក្រុង ក្នុងការទាក់ទាញការវិនិយោគបន្ថែមទៀត ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងបង្កើតផលិតផលទេសចរណ៍ថ្មី៕