យោងទៅតាមអ្នកជំនាញខាងផ្នែកសេដ្ឋកិច្ចបានឲ្យដឹងថា មានលុយ មិនប្រាកដថាអាចទិញសុខភាព និងសុភមង្គលបាននោះទេ។
ក្រុមហ៊ុនវិនិយោគ LetterOne កាលពីពេលថ្មី ៗ នេះបានចេញផ្សាយការសិក្សាថ្មីមួយ អំពីសន្ទស្សន៍ សុខុមាលភាពពិភពលោក ដែលបានធ្វើការវិភាគថា តើប្រទេសណាខ្លះ មានសុខភាពល្អ និងរីករាយបំផុត។ អ្នកស្រាវជ្រាវបានជ្រើសរើសយក ១៥១ ប្រទេស ដោយធ្វើការទាញទិន្នន័យពី អង្គការសុខភាពពិភពលោក, អង្គការសហប្រជាជាតិ និងរបាយការណ៍សុភមង្គលពិភពលោក។
ប្រទេសកាណាដា ទទួលបានចំណាត់ថ្នាក់លេខមួយ ចំណែកប្រទេសផ្សេងទៀត ស្ថិតក្នុងចំណាត់ថ្នាក់កំពូលទាំង ១០ នោះរួមមាន ប្រទេសអូម៉ង់ , អ៊ីស្លង់, ហ្វីលីពីន, ម៉ាល់ឌីវ, ហូឡង់, សិង្ហបុរី, ឡាវ, កូរ៉េខាងត្បូង និងកម្ពុជា លេខរៀងទី១០។

ការសិក្សានេះ គឺធ្វើឡើងដោយផ្អែកលើមូលដ្ឋាន នៃការដាក់ពិន្ទុលើកត្តាធំៗ ១០ ក្នុងមានដូចជាកត្តា៖ សម្ពាធឈាម, ជាតិស្ករនៅក្នុងឈាម, ជាតិខ្លាញ់ ឬធាត់, ការបាក់ទឹកចិត្ត, សុភមង្គល, ការប្រើប្រាស់ជាតិស្រវឹង, ការប្រើប្រាស់ថ្នាំជក់, ការធ្វើលំហាត់ប្រាណ, អត្រាលទ្ធភាពសង្ឃឹមរស់ និងការចំណាយរបស់រដ្ឋាភិបាលនៃប្រទេសនីមួយៗ ទៅលើវិស័យសុខាភិបាលជាដើម។
ទន្ទឹមនឹងនេះដែរប្រទេសដែលមានសេដ្ឋកិច្ចធំៗ នៅលើពិភពលោក មិនអាចទទួលបាន ចំណាត់ថ្នាក់កំពូលទាំង ២៥។ ចក្រភពអង់គ្លេស ឈរនៅលំដាប់ទី ១៥ ព្រោះដោយសារអត្រាខ្ពស់នៃមនុស្សធាត់ ខណៈដែលប្រទេសអាល្លឺម៉ង់ បារាំង និងជប៉ុន មិនបានស្ថិតនៅក្នុងចំណាតថ្នាក់កំពូលទាំង ២៥ ដោយសារអត្រាខ្ពស់នៃជំងឺលើសឈាម។

សហរដ្ឋអាមេរិក ដែលជាប្រទេសមហាអំណាច និងសេដ្ឋកិច្ចធំបំផុត របស់ពិភពលោក បែរជាទទួលបានចំណាត់ថ្នាក់ទី៣៧ ដោយសារតែអត្រានៃភាពធាត់ និងជំងឺធ្លាក់ទឹកចិត្តខ្ពស់។
នេះសរបញ្ជក់ឲ្យឃើញថា មានលុយ មានអំណាច មិនប្រាកដថា អាចមានសុខុមាលភាពល្អនោះទេ៕