ប្រទេសកម្ពុជា បានជ្រើសរើសយកក្រុមហ៊ុន Pundi X ធ្វើជាដៃគូរបស់ខ្លួន នៅក្នុងការអភិវឌ្ឍន៍ទីក្រុងឆ្លាត (Smart City) នៅរាជធានីភ្នំពេញ ដោយប្រើប្រាស់បច្ចេកវិទ្យា Blockchain ។ គម្រោងនេះត្រូវបានគេរាយការណ៍ថា នឹងត្រូវបានសាងសង់នៅលើផ្ទៃដី ១០០ ហិកតា។
បើតាមក្រុមហ៊ុន Crypto Vibes បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនដែលប្រើប្រាស់បច្ចេកវិទ្យា blockchain និង រូបិយប័ណ្ណអេឡិចត្រូនិក (cryptocurrency) នឹងជួយកសាងទីក្រុងឆ្លាតវៃនៅរាជធានីភ្នំពេញ ដែលនឹងដាក់បញ្ចូលប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដោយឈរលើមូលដ្ឋានបច្ចេកវិទ្យា blockchain ។
ក្នុងចំណោមរចនាសម្ព័ន្ធមូលដ្ឋាន ដែលនឹងត្រូវបានសាងសង់ជាមួយបច្ចេកវិទ្យា blockchain នៅក្នុងទីក្រុងឆ្លាតវៃ (Smart City) រួមមានដូចជា៖ ប្រព័ន្ធចរាចរនៅតាមផ្លូវ, បណ្ដាញប្រព័ន្ធថាមពល, ប្រព័ន្ធដឹកជញ្ជូន និងប្រព័ន្ធសុវត្ថិភាពសាធារណៈ និងបណ្ដាញទឹក។ គម្រោងនេះត្រូវបានគេនិយាយថា ជាផ្នែកមួយនៃផែនការរបស់ប្រទេសនៅក្នុងទ្វីបអាស៊ី ក្នុងការអភិវឌ្ឍមណ្ឌលពាណិជ្ជកម្មកណ្តាល ដែលប្រើប្រាស់បច្ចេកវិទ្យាទំនើប។
ខណៈដែលក្រុមហ៊ុន Limestone Network ត្រូវបានគេជ្រើសរើសសម្រាប់ការកសាងស្រទាប់បច្ចេកវិទ្យានៃទីក្រុងឆ្លាតវៃ នៅក្នុងទីក្រុងភ្នំពេញ ហើយក្រុមហ៊ុន Pundi X ជាអ្នកដាក់បញ្ចូលនូវដំណោះស្រាយម៉ាស៊ីនទូទាត់លុយ POS ប្រើប្រាស់បច្ចេកវិទ្យា blockchain នៅតាមតំបន់នៃទីក្រុងឆ្លាតវៃ។ ក្រុមហ៊ុនបច្ចេកវិទ្យាដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរីនេះ នឹងដាក់ប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយរបស់ខ្លួន សម្រាប់គម្រោងនេះរួមដូចជាប្រព័ន្ធ XWallet, XPOS និង XPASS ។
ប្រព័ន្ធដែលបានលើកឡើងខាងលើនេះ នឹងអនុញ្ញាតឱ្យអ្នករស់នៅទីក្រុងភ្នំពេញឆ្លាតវៃ ធ្វើប្រតិបត្តិការទូទាត់ដោយប្រើប្រាស់រូបិយប័ណ្ណនិម្មិត (virtual currency) សម្រាប់ការទូទាត់ ក៏ដូចជាការជួញដូរជាមួយឈ្មួញផ្សេងទៀត ដែលចូលរួមនៅក្នុងការទទួលយករូបិយប័ណ្ណឌីជីថល (digital currencies)។
លោក Zac Cheah អគ្គនាយកក្រុមហ៊ុន Pundi X បាននិយាយថា ក្រុមហ៊ុននឹងធានាថា អ្នករស់នៅក្នុងទីក្រុងឆ្លាតវៃ បុគ្គលិក និងសូម្បីតែភ្ញៀវ នឹងទទួលបានការទូទាត់តាមប្រព័ន្ធឌីជីថល តាមរយះដំណោះស្រាយម៉ាស៊ីនទូទាត់ POS របស់ខ្លួន។ លោក Cheah បានកត់សម្គាល់ថា សូម្បីតែការទិញទឹកមួយដប ក៏នឹងត្រូវធ្វើការទូទាត់ ដោយប្រើប្រាស់រូបិយប័ណ្ណនិម្មិតដែរ។
តាមរយៈការបង្ហោះព័ត៌មាន នៅលើគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន Limestone Network លោក Eddie Lee ដែលជាស្ថាបនិករបស់ក្រុមហ៊ុន ត្រូវបានគេដកស្រង់សម្តីថា៖ “ជាការពិតណាស់ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងកន្លែងរស់នៅ នឹងត្រូវបានធ្វើប្រតិបត្តិការ លើប្រព័ន្ធ blockchain ដែលមានសុវត្ថិភាព ហើយយើងបានជ្រើសរើសយកក្រុមហ៊ុន Pundi X ជាអ្នកអភិវឌ្ឍទីក្រុងឆ្លាតវៃ ជាមួយនឹងដំណោះស្រាយម៉ាស៊ីនទូទាត់ POS ដែលប្រើប្រាស់ប្រព័ន្ធ blockchain។”
គួររំម្លើកផងដែរថា ប្រទេសកម្ពុជា បាននិងកំពុងជំរុញឱ្យមាន ការអភិវឌ្ឍន៍ផ្នែកបច្ចេកវិទ្យារបស់ខ្លួន ខណៈដែលប្រទេសនេះ កំពុងវិនិយោគលើការអប់រំយុវជនរបស់ខ្លួន តាមរយៈគំរូនៃការរៀនសូត្របែបថ្មី។ កាលពីសប្តាហ៍មុន លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ បានជួបជាមួយតំណាងក្រុមហ៊ុន Microsoft ដើម្បីលើកកម្ពស់ប្រព័ន្ធសិក្សារបស់ប្រទេស សម្រាប់យវុជនវ័យក្មេងប្រកបដោយទេពកោសល្យ ដែលកំពុងតែបង្ហាញនូវសក្តានុពលរបស់ខ្លួន ក្នុងវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។ ភាគីទាំង២ បានពិភាក្សាគ្នាអំពីការពង្រីកកម្មវិធីវិទ្យាល័យជំនាន់ថ្មី (NGS) ដែលស្វែងរកការលើកទឹកចិត្ត ដល់សិស្សានុសិស្ស៕