ភ្នំពេញ៖ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានមណ្ឌលសិក្សាចិននៃរាជបណ្ឌិត្យសភា បានលើកឡើងថា ទៅថ្ងៃមុខខេត្តកំពង់សោម ត្រូវបានគេព្យាករណ៍ថា នឹងរីកចម្រើនហើយមានការអភិវឌ្ឍ ខ្លាំងជាង ប្រទេសសិង្ហបុរី ទៀត ដោយសារកំពង់ផែ មាននាវាចរណ៍ចេញចូល មានពាណិជ្ជកម្មចរាចរណ៍ទៅមក ដោយប្រទេសកម្ពុជាគ្រាន់តែចាំប្រមូលលុយ។
មូលហេតុអ្វី បានជា លោកបណ្ឌិត គី សេរីវឌ្ឍន៍ ហ៊ានអះអាងបែបនេះ?
ខាងក្រោមនេះ គឺជាហេតុផលមួយចំនួន សម្រាប់ធ្វើការពិចារណ ពីព្រោះពុំមានផែនការ ឬរបាយការណ៍ណាអះអាង ១០០% ថាការការលើកឡើងខាងលើ របស់លោកបណ្ឌិត ជាការពិតនោះទេ។
តាមការអះអាងរបស់លោក ផៃ ស៊ីផាន រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំសម្តេចតេជោ ហ៊ុន សែន នឹងប្រែក្លាយខេត្តព្រះសីហនុ ឲ្យក្លាយទៅជាកូននាគនៅអាស៉ី តាមរយៈវិនិយោគិនចិន។ គោលនយោបាលរបស់កម្ពុជា គឺស្វាគមន៍ រាល់អ្នកវិនិយោទាំងអស់ ដែលមានបំណងមកបណ្តាក់ទុន ព្រោះនយោបាយការបរទេសប្រទេសកម្ពុជា មិនយកប្រទេសណាមួយមកធ្វើជាសត្រូវនោះទេ។

លោក ផៃ ស៊ីផាន និយាយទៀតថា សម្តេចតេជោ មានទស្សនទានមួយថា នឹងបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុ សម្រាប់បម្រើការងារ នៅកំពង់សោម។
ដោយសារតែប្រទេសកម្ពុជា និងប្រទេសចិន គឺជាមិត្ត និងជាដៃគូយុទ្ធសាស្ដ្រគ្រប់ជ្រុងជ្រោយ នោះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អះអាងថា ចិនត្រូវយកកម្ពុជា ធ្វើជាទីកន្លែងចែកចាយទំនិញ ទៅកាន់បណ្តាប្រទេសអាស៊ាន និង ប្រទេសផ្សេងៗ រួមមានប្រទេសឥណ្ឌា អារ៉ាប់ គឺប្រទេសទាំងឡាយ នៅលោកខាងកើត តាមរយៈការផ្ទេរទំនិញ នៅកំពង់ផែទឹកជ្រៅ ក្នុងខេត្តព្រះសីហនុ ហើយការចែកចេញទំនិញ ទៅកាន់ប្រទេសផ្សេងៗទៀត ពីប្រទេសកម្ពុជា ផ្អែកទៅតាមគោលនយោបាយ “ផ្លូវមួយខ្សែក្រវ៉ាត់មួយ” ដែលដាក់ចេញដោយលោក ស៊ី ជីងពីង មេដឹកនាំប្រទេសចិន។

ប្រទេសចិន បានគាំទ្រឱ្យប្រទេសថៃ ជីក “ព្រែកជីកក្រា” បើគម្រោងនេះដំណើរការ នោះ ព្រែកជីកក្រា នឹងក្លាយទៅជាទីកន្លែងឆ្លងកាត់ នៃនាវាដឹកទំនិញនានា ពីលោកខាងលិច ទៅលោកខាងកើត ដោយមិនបាច់ឆ្លងកាត់ តាមប្រទេសសិង្ហបុរីឡើយ ព្រោះបើឆ្លងកាត់តាមប្រទេសសិង្ហបុរី ត្រូវខាតការធ្វើដំណើរជាង១ពាន់គីឡូម៉ែត្រ។ ដូចនេះនាវា ទាំងនោះត្រូវចូលចត នៅកំពង់ផែទឹកជ្រៅរបស់កម្ពុជា ហើយគេអាច បែងចែកទំនិញតាមផ្លូវគោកក៏បាយ ផ្លូវទឹកក៏បាន។

ដោយសារខេត្តកំពង់សោម មានសក្តានុពលសេដ្ឋកិច្ច ចិននឹងប្រែក្លាយខេត្តកំពង់សោម ឲ្យក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ ដូចនេះបានជាគេព្យាករណ៍ថា អនាគតខេត្តកំពង់សោម នឹងរីកចម្រើន ហើយមានការអភិវឌ្ឍ ខ្លាំងជាង ដោយសារកំពង់ផែកំពង់សោម មាននាវាចរណ៍ចេញចូល មានពាណិជ្ជកម្មចរាចរណ៍ទៅមក កម្ពុជា ចាំតែប្រមូលលុយថ្លៃនាវាចេញចូល។
“ត្បិតថាយើងអត់មានទំនិញនាំចេញ ប៉ុន្តែយើងជាកន្លែងដែលចរាចរណ៍ទំនិញ មានន័យថា កប៉ាល់ចេញក៏លុយ កប៉ាល់ចូលក៏លុយ អញ្ចឹងយើងក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុហើយ” លោកបណ្ឌិត គី សេរីវឌ្ឍន៍ អះអាងបែបនេះ៕