ចិន៖ អាជ្ញាធរអាកាសចរណ៍ស៊ីវិលប្រទេសចិន បានបង្គាប់ឱ្យក្រុមហ៊ុនអាកាសចរណ៍ចិនទាំងអស់ ផ្អាកជាបណ្ដោះអាសន្ន រាល់ការធ្វើការហោះហើរ ដែលប្រើប្រាស់យន្ដហោះប្រភេទ Boeing 737 Max បន្ទាប់ពីមនុស្ស១៥៧នាក់ បានស្លាប់នៅក្នុងសោកនាដកម្មធ្លាក់យន្ដហោះ 737 MAX 8 នៅឯប្រទេសអេត្យូពី កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។
យន្ដហោះ Boeing 737 Max 8 នៃក្រុមហ៊ុនអាកាសចរណ៍ Ethiopian Airlines បានធ្លាក់តែប៉ុន្មាន ៦នាទីប៉ុណ្ណោះ ក្រោយហោះឡើង ពីអាកាសយានដ្ឋាននៃរដ្ឋធានី អេដឌីស អាបាបា (Addis Ababa) របស់ប្រទេសអេត្យូពី (អាហ្វ្រិកកណ្តាល) សំដៅទៅកាន់រដ្ឋធានីណៃរ៉ូប៊ី (Nairobi) នៃប្រទេសកេនយ៉ា បណ្ដាលឲ្យ មនុស្សនៅលើនោះទាំងអស់១៥៧នាក់ បានស្លាប់គ្មានសល់ម្នាក់ ក្នុងនោះមានអ្នកដំណើរ១៤៩នាក់ និងក្រុមអាកាសយានិក៨នាក់។

បើតាមការសន្និដ្ឋានបឋម បញ្ហាបច្ចេកទេសមួយចំនួននៃគ្រឿងម៉ាស៊ីន អាចជាមូលហេតុនៅពីក្រោយសោកនាដកម្ម ធ្លាក់យន្ដហោះនេះ ហើយវាក៏ជាលើកទី២ផងដែរ ដែលយន្ដហោះប្រភេទ Boeing 737 Max បានធ្លាក់ ក្រោយយន្ដហោះ ប្រភេទនេះនៅប្រទេសឥណ្ឌូណេស៊ី បានធ្លាក់កាលពីខែតុលា ឆ្នាំ២០១៨ ផ្ដាច់ជីវិតមនុស្សទាំងអស់១៨៩នាក់។

គួរបញ្ជាក់ថា មនុស្សទាំង១៥៧នាក់បានបាត់បង់ជីវិត ក្នុងករណីធ្លាក់យន្តហោះដ៏រន្ធត់ នៃអាកាសចរណ៍អេត្យូពី កាលពីថ្លៃអាទិត្យ គឺមានចំរុះជាតិសាសន៍ដូចជា កេនយ៉ា ចិន អាមេរិក បារាំង ឥណ្ឌា អ៊ីតាលី កាណាដា អង់គ្លេស អេហ្ស៊ីប ឥណ្ឌូណេស៊ី ស្លូវ៉ាក អូទ្រីស ស៊ុយអ៊ែដ អ៊ីស្រាអែល ម៉ូរ៉ូកូ ប៉ូឡូញ អេស្ប៉ាញ ហូឡង់ ប៊ែលហ្សិក ជីបូទី អៀរឡង់ ម៉ូហ្សំប៊ិក នេប៉ាល់ នីហ្សេរីយ៉ា ណ័រវេយ៍ រ៉ាវ៉ាន់ដា អារ៉ាប៊ីសាអូឌីត ស៊ែប៊ី ស្លូវ៉ានី សូម៉ាលី ស៊ូដង់ តូហ្គោ អ៊ូហ្គាន់ដា យ៉េមែន និងអេត្យូពីផ្ទាល់៕