លោក គីម ជុង​អ៊ុន ត្រូវបាន​គេ​អះអាងថា នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​វៀតណាម មុន​ជំនួប​កំពូល លើក​ទី​ពីរ មកដល់​

988

​មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន នឹងធ្វើ​ដំណើរ​មកកាន់​ប្រទេស​វៀតណាម សម្រាប់​ការបំពេញ​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​ជា​ប្រវត្តិសាស្ត្រ បន្ទាប់ពី​បុណ្យចូលឆ្នាំ​ចិន ពីថ្ងៃ​ទី​០៤ រហូតដល់​ថ្ងៃទី​០៨ ខែកុម្ភៈ​ខាងមុខនេះ ដែល​អាច​ធ្វើឡើង​នៅមុន​ជំនួប​កំពូល ត្រាំ​-​គីម លើក​ទី​ពីរ​ត្រូវ​រៀបចំឡើង​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី​១៧ ខែមករា ឆ្នាំ​២០១៩​។​

សារព័ត៌មាន Reuters បានឱ្យដឹង​ទៀតថា ក្នុងចំណោម​ប្រភព​ចំនួន ០២ ដែល​ខ្លួន​ទទួលបាន មាន​ប្រភព​មួយ​បានទទួល​ស្គា​ល់ពី​គម្រោង នៃ​ដំណើរ​ទស្សនកិច្ច​របស់ លោក គីម ជុង​អ៊ុន តែ​មិនបាន​បញ្ជាក់​ពី​កាល​បិ​រ​ច្ឆេ​ទ​ឡើយ ហើយក៏​មិនបាន​ទទួលស្គាល់ថា ដំណើរ​ទស្ស​និច្ច​ផ្លូវរដ្ឋ​របស់លោក គីម មកកាន់ ប្រទេស​វៀតណាម មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការរៀបចំ​ជំនួប​កំពូល​ជាមួយ​លោក ដូ​ណា​ល់ ត្រាំ ដែរ​ឬ​យ៉ាងណា​នោះទេ​។ ចំណែកឯ ក្រសួងការបរទេស​វៀ​ត​ណា​ម​វិញ ក៏​មិនបាន​ឆ្លើយតប​នឹង​សំណួរ​ពី Reuters ដែរ​។​

គួរ​បញ្ជាក់ថា កាលពី​សប្ដាហ៍​មុន សារព័ត៌មាន​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​បាន​រាយការណ៍​ថា លោក ដូ​ណា​ល់ ត្រាំ ចង់​ជួប​លោក គីម ជុង​អ៊ុន ជា​លើក​ទី ២ នៅក្នុង​ទីក្រុង​ហាណូយ នៅ​ពាក់កណ្ដាល​ខែកុម្ភៈ​ខាងមុខ ខណៈ​អ្នកជំនាញ​ជាច្រើន​សុទ្ធតែ​រំពឹងថា វៀតណាម​នឹង​ទទួលបាន​សិទ្ធិ​រៀបចំ ជំនួប​កំពូល​នេះ​ដោយសារតែ​ប្រទេស​ក​ម្មុយ​នី​ស្ដ​មួយ​នេះ មាន​ទំនាក់ទំនង​ល្អ​ជាមួយ​កូរ៉េខាងជើង​ផង និង​សហរដ្ឋអាមេរិក​ផង​។​

ប៉ុន្តែ​ការប្រកាស ជា​ផ្លូវការ​ពី​ទីតាំង​រៀបចំ​ជំនួប​កំពូល ទំនងជា​នឹងត្រូវ​ប្រកាស​ក្នុងពេល​ឆាប់ៗ ពោល​គឺអាច​នៅក្រោយ​កិច្ចប្រជុំ​រវាង​មន្ត្រីជាន់ខ្ពស់​កូរ៉េខាងជើង និង​អាមេរិក​នៅក្នុង​សប្ដាហ៍​នេះ ខណៈ​ប្រទេស​ថៃ​ក៏បាន​ប្រជែង​សុំ​ធ្វើជា​ម្ចាស់ផ្ទះ ជាមួយ​វៀតណាម​ផងដែរ​៕