Samsung ចំណូលធ្លាក់​ចុះ​ ចំណែក ​Apple​ វិញខាត​ដល់​ទៅ​៥​ប៊ី​លាន​ដុល្លារ

959

គេហទំព័រ Apple Insider បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​១៤ មករា កន្លងមកនេះ​ថា វា​មិនមែនជា​ការភ្ញាក់ផ្អើល​ទេ ដែល​ការព្រមាន​ពី​ការធ្លាក់ចុះ​ នៃ​ទីផ្សារ​ស្មា​ត​ហ្វូ​ន​ពិភពលោក​បាន​លេចឡើង ​បន្ទាប់ពី Apple ទទួលស្គាល់ថា ​ប្រាក់ចំណូល​ខ្លួន​សម្រាប់​ត្រីមាស​មុន​ ​ទាប​ជាង​ការគិត​ទុក​ដល់​ទៅ​៥​ប៊ី​លាន​ដុល្លារ រួមទាំង​ការធ្លាក់ចុះ​នៃ​ប្រាក់ចំណូល​របស់ Samsung ព្រោះតែ​ទីផ្សារ​ក្នុងប្រទេស​ចិន​មានការ​អន់ថយ ។ ប៉ុន្តែ​អ្នកវិភាគ​នៅ Credit Suisse គិតថា ការធ្លាក់ចុះ​នេះ​គឺ​ពិតជា​សំខាន់​ណាស់ ។​

Apple Insider បាន​ឲ្យ​ដឹង​មក​ថា ផលិតកម្ម​ស្មា​ត​ហ្វូ​ន​កំពុងតែ​ធ្លាក់ចុះ​ហើយ​វា​អាច​នឹង​បន្ត​ធ្លាក់ចុះ​ទៅទៀត ។ Credit Suisse បាន​ឲ្យ​ដឹង​មក​ថា ផលិតកម្ម​ស្មា​ត​ហ្វូ​ន​សម្រាប់​ត្រីមាស​ចុងក្រោយ​នា​ឆ្នាំ ២០១៨ ស្មើ​ប្រមាណ ៣៥៧​លាន​គ្រឿង ឬ​ទាប​ជាង​ឆ្នាំ មុន​៣% ខណៈដែល​ផលិតកម្ម​សម្រាប់​ត្រីមាស​ទី​១​នា​ឆ្នាំនេះ​វិញ​អាច​នឹង​ស្មើ​តែ ២៨៩​លាន​គ្រឿង​ប៉ុណ្ណោះ ។​

ជា​លទ្ធផល​ផលិតកម្ម​ស្មា​ត​ហ្វូ​ន​ប្រចាំឆ្នាំ​អាច​នឹង​ធ្លាក់ចុះ​ដល់​ទៅ​១៩% មកដល់​កម្រិត​កាលពី​ឆ្នាំ ២០១៣ ។ រហូតមកដល់​ការព្រមាន​របស់ Apple កាលពី​ខែមករា​នេះ ក្រុមហ៊ុន Apple មិនទាន់​មើលឃើញ​ផលប៉ះពាល់​ច្រើន​ទេ ខណៈដែល​ក្រុមហ៊ុន​ដទៃ​ដូចជា Samsung មើលឃើញ​ការ​អន់ថយ ។​

អ្នកវិភាគ​និង Apple បាន​និ​យ​យា​ថា ប្រទេស​ចិន​គឺជា​កត្តា​សំខាន់​ដែល​បង្ក​ឲ្យ​ការលក់​មាន​កម្រិត​ទាប​ជាង​ការ​គិតទុក​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ។​

លោក Tim Cook ដែលជា​នាយក​ប្រតិបត្តិ​របស់ Apple បាន​និយាយ​មក​ថា ការដែល​ប្រាក់ចំណូល​បាន​ពី​ការលក់ iPhone មាន​ទាប​ជាង​ការ​គិតទុក​ដែល​ភាគច្រើន​នៅ​ប្រទេស​ចិន ជា​កត្តា​បង្ក​ឲ្យ​ប្រាក់ចំណូល​ធ្លាក់ចុះ ។ ប៉ុន្តែ​ការ​អន់ថយ​នៃ​ចំនួន​លក់​មិន​ត្រឹមតែ​កើតមានឡើង​ក្នុងប្រទេស​ចិន​ទេ តែ​ក៏មាន​ក្នុង​ទីផ្សារ​ដទៃ​ដែរ ។​

របាយការណ៍​មួយ​ពី Pew ដែល​បានចេញ​កាលពី​ខែតុលា​បាន​ឲ្យ​ដឹងថា ៩៥% នៃ​មនុស្សពេញវ័យ​ក្នុង​សហរដ្ឋអាមេរិក​នៅ​ឆ្នាំ ២០១៨ មាន និង​ប្រើប្រាស់​ទូរស័ព្ទដៃ ខណៈដែល​មាន​៧៧%​មាន​និង​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ហើយ ។ វា​មានន័យថា ក្រុមហ៊ុនទូរស័ព្ទ​មិនមាន​លទ្ធភាព​ច្រើន​ក្នុងការ​បង្កើន​ការលក់​ទៅកាន់​អតិថិជន​ថ្មីៗ​ក្នុង​សហរដ្ឋអាមេរិក​ទេ ៕