ភ្នំពេញៈ គោលនយោបាយសេដ្ឋកិច្ចឌីជីថល ដែលរដ្ឋាភិបាលកម្ពុជាកំពុងព្រាង ត្រូវបានរំពឹងថា នឹងអាចដាក់ឲ្យដំណើរការនៅដើមឆ្នាំ ២០២០ខាងមុខនេះ។ នេះគឺជាការលើកឡើងរបស់ លោក វង្សី វិស្សុត រដ្ឋលេខាធិការអចិន្រៃ្តយ៍នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងវេទិកាសាធារណៈ ស្ដីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ ២០១៩ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ កន្លងទៅនេះ។
លោក វង្សី វិស្សុត បានបន្តថា រដ្ឋាភិបាលកម្ពុជា បានបង្កើតក្រុមការងារបច្ចេកទេសមួយ សម្រាប់ព្រាងគោលនយោបាយស្តីពីសេដ្ឋកិច្ចឌីជីថល នៅក្នុងក្រុមប្រឹក្សាឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ។ ក្រុមនេះនឹងត្រូវការពេលវេលា ១ ឬ ២ ឆ្នាំ ដើម្បីបញ្ចប់សេចក្ដីព្រាងគោលនយោបាយនេះ។ គោលនយោបាយនេះរំពឹងថា នឹងរួចរាល់សម្រាប់ការដាក់ឲ្យដំណើរការនៅដើមឆ្នាំ ២០២០។
គោលនយោបាយស្តីពីសេដ្ឋកិច្ចឌីជីថល មានមុខងារជាផែនទីបង្ហាញផ្លូវ ដើម្បីបង្កើនកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ដែលមានមូលដ្ឋានលើការអភិវឌ្ឍបច្ចេកវិទ្យាថ្មី។
លោក វង្សី វិស្សុត បន្ថែមថា កម្ពុជាបានរក្សាកំណើនសេដ្ឋកិច្ចក្នុងល្បឿនដ៏លឿនក្នុងរយៈពេល ២ ទសវត្សរ៍ ហើយប្រទេសនេះនឹងចាំបាច់ត្រូវសម្លឹងមើលបច្ចេកវិទ្យាថ្មីៗ និងការសម្របខ្លួនទទួលយកឌីជីថលកាន់តែច្រើន នៅក្នុងវិស័យផ្សេងៗ ដើម្បីបន្តការទទួលបានការរីកចម្រើន។
លោកថ្លែងថា៖ “បើសិនយើងមានក្រុមនេះ ហើយដាក់គោលនយោបាយត្រូវ និងធ្វើបានល្បឿនកំណើនសេដ្ឋកិច្ចអាចនឹងលឿនជាងមុន ដូច្នេះឆ្នាំ ២០៣០ យើងនឹងអាចសម្រេចបានគោលដៅប្រែក្លាយកម្ពុជាទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់”។
លោក វិស្សុត បានឲ្យដឹងថា គោលនយោបាយនេះនឹងចាំបាច់ដោះស្រាយការងារជាច្រើនដូចជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ឡូជីស្ទីក ការតភ្ជាប់ឌីជីថល និងមជ្ឈមណ្ឌលនវានុវត្តន៍សម្រាប់សហគ្រិនវ័យក្មេង។
លោកបន្ថែមថា ការលើកទឹកចិត្តរបស់រដ្ឋាភិបាល ដូចជាការលើកទឹកចិត្តផ្នែកពន្ធ នឹងដាក់បញ្ចូលនៅក្នុងគោលនយោបាយនេះ ដើម្បីជំរុញសហគ្រិនវ័យក្មេងឲ្យបង្កើនការបង្កើតក្រុមហ៊ុនបង្កើតថ្មីខាងបច្ចេកវិទ្យា៕