ឆ្នាំ២០១៨ មានភ្ញៀវទេសចរ សរុបជិត ២.៦លាននាក់ បានចូលទស្សនា ប្រសាទអង្គរ

1962

ភ្នំពេញ៖ ក្នុងរយៈពេលពេញមួយឆ្នាំ២០១៨ មានភ្ញៀវទេសចរអន្តរជាតិចំនួន ២,៥៩០,៨១៥នាក់ (កើនឡើង ៥.៤៥%) បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ក្នុងខេត្តសៀមរាប នេះបើយោងតាមរបាយការណ៍ របស់គ្រឹះស្ថានអង្គរ ចេញផ្សាយនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩នេះ។

របាយការណ៍នេះបានបន្តថា ភ្ញៀវទេសចរដែលបានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរទាំងនោះ គឺមកពីប្រទេសចំនួន ១៩៤ប្រទេស ក្នុងចំណោមនោះ ភ្ញៀវទេសចរជនជាតិចិន មានច្រើនជាងគេ ដែលមានចំនួន ១,១២៣,៥៩៧នាក់ កើនឡើង ២៣.៤៣%។

គ្រឹះស្ថានអង្គរ ក៏បានចេញសេចក្ដីប្រកាសព័ត៌មានឱ្យដឹងដែរថា ចំណូលដែលបានពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ក្នុងរយៈពេលមួយឆ្នាំ២០១៨ មានចំនួន ១១៦,៦៤៦,៦៨៥ដុល្លារអាមេរិក កើនឡើង ៨.០៣% និងបានឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផាចំនួន ៥,១៨១,៦៣០ដុល្លារអាមេរិក៕