ភ្នំពេញ៖ ថៅកែហាងកែសម្ផស្ស «ឌែម៉ូគ្លីនិក» ឈ្មោះ ហូវ ដាណេ និងអ្នកជំនាញវះកាត់ ឈ្មោះ ពៅ ស៊ីណាត ត្រូវបានកម្លាំងអាវុធហត្ថចាប់បញ្ជូនទៅកាន់តុលាការ នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩នេះ។
មន្រ្តីតុលាការបានប្រាប់ថា «នៅពេលនេះ ព្រះរាជអាជ្ញារង លោក សឿន មុន្នីរ័ត្ន កំពុងសាកសួរដើម្បីរកហេតុផលថា តើត្រូវដាក់បន្ទុក ឬដោះបន្ទុក»?
សូមបញ្ជាក់ថា កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅរសៀលថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩ បានចុះឃាត់ខ្លួនកូនប្រសារសេដ្ឋីថៃ ម្ចាស់ហាងកែសម្ផស្ស «ឌែម៉ូគ្លីនិក» ដែលទើបរៀបការកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ក្រោយមានបណ្ដឹងរឿងជំរិតទារប្រាក់ពីអតិថិជន ដែលចូលទៅទទួលសេវាកែសម្ផស្ស។
លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេស បានយ៉ាងខ្លីថា កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានស៊ើបអង្កេតលើករណីនេះ ក្រោយទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ការដាក់ពាក្យបណ្ដឹងនេះបន្ទាប់ពីជនរងគ្រោះ បានចូលទៅកែសម្ផស្សនៅក្នុងគ្លីនិកខាងលើ ហើយត្រូវបានម្ចាស់គ្លីនិករៀបចំបង្កប់កាមេរ៉ាថតសកម្មភាពកែសម្ផស្ស ដែលក្នុងនោះរួមមានទាំងការកែរកេរ្ដិ៍ភេទផងដែរ។
សូមជម្រាបថា ថៅកែហាងកែសម្ផស្ស «ឌែម៉ូគ្លីនិក» ឈ្មោះ ហូវ ដាណេ ជាមេម៉ាយកូន២ ទើបតែចូលរោងការជាមួយសេដ្ឋីថៃវ័យក្មេងឈ្មោះ Thammarat Thurathong នៅផ្ទះវីឡាដ៍ស្កឹមស្កៃមួយ ស្ថិតនៅក្នុងបុរី វិមានភ្នំពេញ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨៕