សង្គ្រាម តៃវ៉ាន់ & ចិន អាចកើតឡើងទេ? តៃវ៉ាន់ នឹងធ្វើសមយុទ្ធយោធា ទប់ទល់ជាមួយ ចិន

2275

តៃប៉ិ៖ បើតាមការចេញ ផ្សាយរបស់សារព័ត៌មាន Al Jazeera បានឲ្យដឹងថា យោធាតៃវ៉ាន់ បានប្រកាសធ្វើសមយុទ្ធយោធា ក្នុងលក្ខណៈទ្រង់ទ្រាយធំថ្មីមួយ ក្នុងឆ្នាំ២០១៩នេះ ដើម្បីពង្រឹងសមត្ថភាពការពារប្រទេស និងស្វែងយល់ពីវិធីសាស្ត្រ ក្នុងការទប់ទល់ជាមួយប្រទេសចិន ដែលបានព្រមានប្រើកម្លាំងយោធា វាយយកកោះតៃវ៉ាន់ ប្រសិនបើហ៊ានប្រកាសឯករាជ្យ។

យោងតាមយោធារបស់ប្រទេសតៃវ៉ាន់ បានបញ្ជក់ថា សមយុទ្ធយោធានឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗនេះ ក្នុងគោលបំណងពង្រឹង និងសិក្សាក៏ដូចជាបង្កើតយុទ្ធសាស្ត្រ ការពារជាតិថ្មីៗបន្ថែមទៀត សំដៅប្រឆាំងនឹងការលុកលុយ ឬឈ្លានពានណាមួយ ពីសំណាក់ប្រទេសចិន។ តែយោធាតៃវ៉ាន់ ក៏មិនទាន់បញ្ជាក់អ្វីលម្អិតបន្ថែម អំពីសមយុទ្ធយោធានេះនៅឡើយទេ។

គួររំម្លឹកថា ប្រទេសចិន បានចាត់ទុកថាកោះតៃវ៉ាន់ គឺជាអាណាខេត្តមួយរបស់ខ្លួន និងបានព្រមានជាច្រើនឆ្នាំមកហើយថា នឹងប្រើប្រាស់កម្លាំងយោធាវាយយកកោះតៃវ៉ាន់ បើសិនជាទីក្រុងតៃប៉ិ ហ៊ានប្រកាសឯករាជ្យ៕