ព្រះមហាក្សត្រ​ថៃ បាន​ចុះ​ព្រះ​ហត្ថលេខា ឲ្យ​រៀបចំ​ការបោះឆ្នោត​លើកដំបូង ចាប់តាំងពី​រដ្ឋប្រហារ​

5198

បាងកក​៖ ព្រះបរមរាជវាំង​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ ២៣ មករា​ថា ព្រះមហាក្សត្រ​ថៃ​ព្រះបាទ មហា​វិ​ច្ឆិ​រ៉ា ឡុងកន បាន​បាន​ចុះ​ព្រះ​ហត្ថលេខា លើ​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់​ឲ្យ​មានការ​រៀបចំ​ដំណើរការ​បោះឆ្នោត​សាកល​ជា​ផ្លូវការ នៅក្នុង​ប្រទេស​ថៃ ហ​លយ​ថ្ងៃ​បោះឆ្នោត ត្រូវបាន​គេ​រំពឹងថា​នឹងត្រូវ​ប្រកាស​ក្នុងពេល​ឆាប់ៗ​នេះ​។​

​បន្ទាប់ពី​ការចេញ​ព្រះរាជក្រឹត្យ​នា​ថ្ងៃ​ពុធ​នេះ គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​ថៃ មាន​រយៈពេល ០៥​ថ្ងៃ ដើម្បី​កំណត់​ក៏ដូចជា​ប្រកាស​កាលបរិច្ឆេទ​នៃ​ការបោះឆ្នោត​។ កន្លងទៅនេះ​រដ្ឋាភិបាល​យោធា​ថៃ​ធ្លាប់បាន​អះអាងថា ការបោះឆ្នោត​នឹង​ប្រព្រឹត្តទៅ​មិន​ឲ្យ​លើសពី​ខែកុម្ភៈ​ឡើយ ប៉ុន្តែ​ការចេញ​ព្រះរាជក្រឹត្យ​នា​ថ្ងៃនេះ របស់​ព្រះមហាក្សត្រ​ថៃ មានន័យថា ថ្ងៃ​បោះឆ្នោត​ទំនងជា​នឹងត្រូវ​លើក​ទៅដល់​យ៉ាងហោចណាស់​ក៏​ខែមីនា​ដែរ​។​

​គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត បន្ទាប់ពី​នោះមក​បានប្រកាស​ថា ការបោះឆ្នោត​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ២៤ ខែមីនា​​ ឆ្នាំ២០១៩ខាងមុខនេះ​។​

ឧបនាយករដ្ឋមន្ត្រី​ថៃ លោក វី​ស្សា​នុ គ្រា​ង៉ា​ម (Wissanu Krea-ngam) បាន​លើកឡើងថា ថ្ងៃទី​២៤ ខែមីនា ជា​ថ្ងៃ​សាក​សម​បំផុត ព្រោះ​វា​នឹង​ផ្តល់​ពេល​គ្រប់គ្រាន់​សម្រាប់​ការធ្វើ​យុទ្ធនា​ការបោះឆ្នោត​។ យ៉ាងណាក៏ដោយ ការបោះឆ្នោត​សាកល​នៅ​ប្រទេស​ថៃ​ត្រូវគេ​រំពឹងថា នឹង​ប្រព្រឹត្តទៅ នៅមុន​ពិធី​ឡើងគ្រងរាជ្យសម្បត្តិ​ជា​ផ្លូវការ​របស់​ព្រះបាទ មហា​វិ​ច្ឆិ​រ៉ា ឡុងកន ដែល​នឹង​ប្រារព្ធ​ឡើង​នា​អំឡុង​ដើមខែ​ឧសភា​។​

គួរ​រំម្លឹកផងដែរថា ការបោះឆ្នោត​សាកល​នា​ឆ្នាំ​២០១៩​នេះ នឹង​ក្លាយជា​ការបោះឆ្នោត​តាមបែប​លទ្ធ​ប្រជាធិបតេយ្យ​លើកដំបូង គិត​ចាប់តាំងពី​រដ្ឋាភិបាលយោធា​សព្វថ្ងៃ បានធ្វើ​រដ្ឋប្រហារ​ទម្លាក់​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោកស្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ កាលពី​អំឡុង​ខែឧសភា ឆ្នាំ​២០១៤៕