ទោះបីជាអាយុសង្ឃឹមរស់ និងស្ថានភាពរស់នៅក្នុងប្រទេស កម្ពុជា មានការកើនឡើងជាលំដាប់ក៏ពិតមែននៅប៉ុន្មានឆ្នាំចុងក្រោយនេះ ក៏អត្រានៃចំនួនមនុស្សដែលមានជំងឺមិនឆ្លង នៅតែមានកម្រិតខ្ពស់គួរឲ្យកត់សម្គាល់។ បើតាមទិន្នន័យរបស់អង្គការសុខភាពពិភពលោក WHO ជំងឺមិនឆ្លងបានក្លាយជាមូលហេតុនៃមរណភាពជាង ៦៤% នៃអត្រាមរណភាពសរុបនៅប្រទេស កម្ពុជា។
អង្គការសុខភាពពិភពលោក បានឲ្យដឹងថា អត្រាដ៏ខ្ពស់នេះ គឺបណ្តាលមកពីបែបផែនរស់នៅដែលអាចចៀសវាងបាន មានដូចជារបបអាហារដែលមិនល្អចំពោះសុខភាព ការជក់បារី កង្វះលំហាត់ប្រាណ និងការទទួលទានគ្រឿងស្រវឹងហួសកម្រិត ជាពិសេសបុរសៗតែម្ដង។ WHO ក៏បានថ្លែងថា ប្រជាសាស្ត្រកម្ពុជាដែលមានវ័យកាន់តែកើនឡើង និងកំណើនចំណាកស្រុកពីជនបទមកពីទីប្រជុំជននានាដោយសារតែការអភិវឌ្ឍយ៉ាងលឿនរហ័សរបស់កម្ពុជា ក៏ជាកត្តារួមចំណែកចំពោះបញ្ហានេះដែរ។

ជំងឺមិនឆ្លង ២ ប្រភេទ ដែលកំពុងតែបង្កឲ្យមានការព្រួយបារម្ភខ្លាំង គឺជំងឺខូចតម្រងនោម និងជំងឺខូចលំពែង។ ការសិក្សាមួយនៅក្នុងឆ្នាំ ២០១៥ ដែលស្រាវជ្រាវដោយក្រុមវេជ្ជសាស្ត្រនៅភ្នំពេញ បានធ្វើការត្រួតពិនិត្យលើក្រុមមនុស្សដែលមានរោគសញ្ញា ជំងឺក្រលៀន ដូចជាការមានដានឈាម ឬកម្រិតប្រូតេអ៊ីននៅក្នុងទឹកនោម។
ក្នុងចំណោមមនុស្ស ១,០០០ នាក់ ដែលជាក្រុមមនុស្សមិនមានប្រវត្តិមានជំងឺនេះពីមុនមក បានបង្ហាញថា ជាងពាក់កណ្ដាលនៃពួកគេមានសញ្ញាគ្រោះថ្នាក់ ឬភាពមិនប្រក្រតីនៅក្នុងលទ្ធផលតេស្តរបស់ពួកគេ។ ទិន្នន័យអង្គការសុខភាពពិភពលោកបានបង្ហាញថាកាលពីឆ្នាំមុន មានមនុស្សជិត ២ ៥០០នាក់ បានស្លាប់បាត់បង់ជីវិតដោយសារ ជំងឺតម្រងនោម។

មូលហេតុចម្បងពីរដែលបណ្ដាលឲ្យមានជំងឺតម្រងនោម គឺជំងឺទឹកនោមផ្អែម និងការឡើងសម្ពាធឈាមខ្ពស់ ដែលជំងឺទាំង ២ ប្រភេទនេះទៀតសោតត្រូវបានគេមើលឃើញថា កំពុងតែកើនឡើងនៅប្រទេស កម្ពុជា និងត្រូវបានព្យាករថានឹងបន្តកើនឡើងថែមទៀតនាពេលអនាគត។ ឧទាហរណ៍ កាលពីឆ្នាំ ២០០០ ការកើនឡើងសម្ពាធឈាមខ្ពស់ បានកើតឡើងលើប្រជាជនកម្ពុជាចំនួន ១៩% នេះបើតាម WHO។ នៅឆ្នាំ ២០២៥ តួលេខនេះអាចកើនដល់ ២៦% ឬក៏អាចនិយាយបានថាម្នាក់ក្នុងចំណោមមនុស្ស ៤ នាក់នឹងមានជំងឺនេះ ហើយអត្រានេះ គឺខ្ពស់ជាងតួលេខពិភពលោកផងដែរ។
អត្រានៃជំងឺទឹកនោមផ្អែម ក៏បានកើនឡើងជាលំដាប់ក្នុងចន្លោះពេល ៣០ ទៅ ៤០ ឆ្នាំចុងក្រោយនេះ ពី ២.៥% នៃប្រជាជនសរុបនៅឆ្នាំ ១៩៨០ រហូតដល់ប្រមាណ ៦% នៅឆ្នាំ ២០១៦ ត្រូវនឹង ៩០០,០០០ នាក់។ ទោះបីជាចំនួននេះវានៅទាបជាងបណ្ដាប្រទេសមួយចំនួនដែលត្រូវបានរាតត្បាតយ៉ាងខ្លាំងដោយជំងឺនេះក៏ដោយ ក៏ការបន្តកើនឡើងនៃជំងឺនេះនៅតែជាមូលហេតុមួយដែលបង្កការព្រួយបារម្ភដល់អ្នកជំនាញផ្នែកសុខាភិបាលជាច្រើននៅកម្ពុជា។
បើយោងតាមអង្គការសុខភាពពិភពលោកដដែលនោះបានឲ្យដឹងថា ការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជា គឺជាកត្តាមួយក្នុងចំណោមកត្តាដទៃទៀតដែរ ដែលស្ថិតនៅពីក្រោយនៃការកើន ឡើងនេះ។

មានមនុស្សជាច្រើន បានមករស់នៅទីប្រជុំជន ដែលការរស់នៅភាគច្រើនមិនទាមទារឲ្យមានសកម្មភាពរាងកាយច្រើន ដោយសារតែប្រព័ន្ធដឹកជញ្ជូនទំនើប និងការងារការិយាល័យ។ ពេលវេលាធ្វើការក៏កាន់តែមានរយៈពេលវែង ហើយលទ្ធភាពក្នុងការទទួលទានអាហារមិនល្អសម្រាប់សុខភាពក៏កាន់តែមានច្រើនឡើងៗ។ ជាលទ្ធផល ការស្ទង់មតិរបស់អង្គការសុខភាពពិភពលោកនៅឆ្នាំ ២០១០ បានបង្ហាញថា ការកើនឡើងនៃជំងឺទឹកនោមផ្អែមទៅលើប្រជាជននៅទីប្រជុំជនមានប្រមាណជា ២.៤% ខ្ពស់ជាងប្រជាជននៅទីជនបទ ហើយគឺប្រជាជនទាំងនេះហើយ ដែលកំពុងតែប្រឈមមុខជាមួយនឹងបញ្ហានៃជំងឺតម្រងនោម និងជំងឺលំពែងនៅពេលក្រោយ។
បញ្ហាមួយក្នុងចំណោមបញ្ហាជាច្រើនដែលក្រុមអ្នកជំងឺតម្រងនោមនឹងជួបប្រទះនោះ គឺការចំណាយថវិកាច្រើនសន្ធឹកសន្ធាប់សម្រាប់ការព្យាបាល។
វិធីព្យាបាលជាទូទៅសម្រាប់អ្នកជំងឺខូចតម្រងនោម គឺការប្រើប្រាស់ម៉ាស៊ីនលាងឈាមដែលជួយច្រោះសម្អាតជាតិពុលចេញពីក្នុងឈាម ដោយសារតែប្រព័ន្ធតម្រងនោមរបស់អ្នកជំងឺមិនអាចបំពេញតួនាទីនេះបាន។ ការលាងសម្អាតឈាមនេះទៀតសោត គឺតម្រូវឲ្យធ្វើឡើងជាច្រើនដងក្នុងមួយសប្ដាហ៍ ហើយការចំណាយដ៏ខ្ពស់សម្បើមរបស់វិធីព្យាបាលមួយនេះបានក្លាយទៅជាបន្ទុកយ៉ាងធ្ងន់ដល់គ្រួសារមួយចំនួន ជាពិសេសប្រសិនបើពួកគេមិនមានទំនុកបម្រុងផ្នែកហិរញ្ញវត្ថុសមស្របមួយ។
ការលាងសម្អាតឈាមនេះទៀតសោត ក៏មិនមានជាការព្យាបាលឲ្យជាសះស្បើយដែរ។ ដូច្នេះប្រសិនបើមានសមាជិកគ្រួសារម្នាក់មានជំងឺខូចតម្រងនោម នោះពួកគេនឹងត្រូវការការលាងឈាមពេញមួយជីវិតជាមិនមែន ដែលការចំណាយសម្រាប់សេវានេះអាចកើនរហូតដល់រាប់សិបម៉ឺនដុល្លារអាមេរិក។ វិធីព្យាបាលឲ្យជាសះស្បើយមានតែមួយគត់ គឺការវះកាត់ប្ដូរតម្រងនោះ ប៉ុន្តែចំនួនវេជ្ជបណ្ឌិតដែលជំនាញផ្នែកតម្រងនោមនៅប្រទេស កម្ពុជា នៅមានកម្រិតនៅឡើយ ហើយការព្យាបាលនៅបរទេសមានតម្លៃថ្លៃ។ នេះគឺជាបញ្ហាមួយបន្ថែមទៀតសម្រាប់អ្នកជំងឺនេះ។
វិធីមួយដែលល្អបំផុតនោះ គឺការបង្ការកុំឲ្យមានជំងឺតែម្តង។ បើតាមគេហទំព័ររបស់សេវាសុខភាពជាតិរបស់ចក្រភពអង់គ្លេស បានឲ្យដឹងថាអ្នកអាចបង្ការខ្លួនអ្នកមិនឲ្យមានជំងឺនេះបានតាមវិធីសាស្ត្រមួយចំនួន។ ការជ្រើសរើសរបៀបរស់នៅដែលមានដូចជា ការព្យាបាលជំងឺទឹកនោមផ្អែម ការរក្សានូវរបបអាហារដែលមានតុល្យភាព និងការកាត់បន្ថយគ្រឿងស្រវឹង គឺសុទ្ធតែអាចជួយកាត់បន្ថយហានិភ័យនៃការវិវត្តក្លាយទៅជាជំងឺខូចតម្រងនោម និងលំពែង។ ការឈប់ជក់បារី និងការហាត់ប្រាណទៀងទាត់ដើម្បីជួយរក្សាទម្ងន់ និងសម្ពាធឈាមឲ្យមានលំនឹង ក៏ជាវិធីសាស្ត្របង្ការដ៏ល្អផងដែរ៕