សេដ្ឋកិច្ចរបស់ចិន បានថមថយនៅក្នុងឆ្នាំ២០១៨ បន្ទាប់ពីមានការលូតលាស់យ៉ាងខ្លាំង អស់រយៈពេលជាច្រើនទសវត្សរ៍មក។ អ្នកវិភាគសេដ្ឋកិច្ចមួយចំនួន បានព្យាករណ៍ថា ឆ្នាំ២០១៩ នេះសេដ្ឋកិច្ចរបស់ចិន នឹងជួបឧបសគ្គជាច្រើនថែមទៀត។

ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេ លំដាប់លេខ២ លើពិភពលោកនេះ កំពុងតែទទួលរងផលប៉ះពាល់ពីការធ្វើពាណិជ្ជកម្ម និងកំពុងខិតខំប្រឹងប្រែងទប់ស្កាត់ ការផ្តល់កម្ចីដែលមានហានិភ័យខ្ពស់។ ស្ថានភាពសេដ្ឋកិច្ចនៅក្នុងប្រទេសចិន ជះឥទ្ធិពលចំពោះអាជីវកម្ម និងទីផ្សារជុំវិញពិភពលោក ដោយសារតែប្រទេសចិន ជាប្រទេសនាំចូល នូវវត្ថុធាតុដើមពីប្រទេសដទៃទៀត និងនាំចេញផលិតផលធំជាងគេ ដូចជា iPhone, Laptop និងផលិតផលជាច្រើនទៀតជាដើម។

កំណើនប្រជាជនថ្នាក់កណ្តាល ក៏បានធ្វើឲ្យប្រទេសចិន ក្លាយជាទីផ្សារធំជាងគេសម្រាប់ផលិតផលប្រើប្រាស់ដូចជា រថយន្ត ស្មាតហ្វូន និងស្រាបៀរផងដែរ ដែលផ្ដល់ប្រាក់ចំណេញរាប់ប៊ីលានដុល្លារ ដល់ក្រុមហ៊ុនដូចជា General Motors និង Apple ជាដើម ។
សេដ្ឋវិទូលោក Rajiv Biswas ប្រចាំនៅតំបន់អាស៊ីប៉ាស៊ីហ្វិក បានឲ្យដឹងថា៖ “ប្រទេសចិនបានក្លាយជាកត្តាជំរុញ ដល់ការលូតលាស់របស់ពិភពលោកធំជាងគេ”។
កត្តាសំខាន់សម្រាប់សេដ្ឋកិច្ចចិន គឺសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិនក្នុងឆ្នាំ២០១៩។ បន្ទាប់ពីការដាក់ពន្ធថ្មីៗដ៏ខ្ពស់លើផលិតផល ក្នុងតម្លៃរាប់ប៊ីលានដុល្លារ ភាគីទាំងសងខាងកំពុងតែចរចា លើកិច្ចព្រមព្រៀងមួយនៅចុងខែកុម្ភៈនេះ។ ប្រសិនបើកិច្ចព្រមព្រៀងនេះមិនអាចសម្រេចបានទេនោះ ពន្ធនឹងកើនឡើងបន្ថែមទៀត។

ចំណែកលោក Julian Evans-Pritchard សេដ្ឋវិទូជាន់ខ្ពស់នៅក្រុមហ៊ុន Capital Economics បានឲ្យដឹងថា ៖ “ការនាំចេញរបស់ចិន នឹងទទួលរងសម្ពាធ បើទោះជាមានការជៀសផុតពីការបន្ថែមពន្ធក៏ដោយ”។

ក្រៅពីការតម្លើងថ្លៃពន្ធហើយ រដ្ឋាភិបាលអាមេរិក ក៏បានហាមឃាត់ក្រុមហ៊ុនបច្ចេកវិទ្យាចំនួន២ មិនឲ្យទិញគ្រឿងផលិតនាំចូលពីប្រទេសចិន បង្កើនវិធានការលើការវិនិយោគរបស់បរទេសនៅប្រទេសអាមេរិក ពីក្រុមហ៊ុនធំៗរបស់ចិន រហូតចង់ឃាត់ខ្លួននាយកក្រុមហ៊ុន Huawei ជាដើម៕