ខ្វិតជាដំណាំឈើហូបផ្លែមួយប្រភេទ ដែលពេញនិយមណាស់នៅកម្ពុជា។ ផ្លែខ្វិតអាចទទួលទានបានទាំងនៅពេលខ្ចី, ចាស់ និងទុំ គ្រាន់តែនៅពេលខ្ចី វាមានរសជាតិចត់ ហើយជូរអែមនៅពេលចាស់ ឬទុំ។ ទោះបីជាភាគច្រើនមនុស្សគ្រប់គ្នាបានស្គាល់ និងធ្លាប់បរិភោគផ្លែឈើនេះក៏ដោយ ប៉ុន្តែប្រហែលជាមិនបានដឹងថា ផ្លែខ្វិតអាចអត្ថប្រយោជន៍យ៉ាងច្រើនចំពោះសុខភាពឡើយ។ ខាងក្រោមនេះ គឺជា អត្ថប្រយោជន៍របស់ ផ្លែខ្វិត៖

១. ល្អសម្រាប់សុខភាពថ្លើម និងតម្រងនោម ៖ ផ្លែខ្វិតមានផ្ទុក និងសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងសមាសធាតុមួយចំនួន ដែលប្រយុទ្ធប្រឆាំងរ៉ាឌីកាល់សេរី ហើយថែមទាំងជួយធ្វើឲ្យដំណើរការមុខងារផ្សេងៗ នៃរាងកាយមានលក្ខណៈកាន់តែប្រសើរឡើងផងដែរ។ ផ្លែខ្វិត ជាប្រភពដ៏ល្អនៃសារធាតុ Beta-carotene, សារធាតុ Thiamine និង Riboflavin ដែលជួយពង្រឹងសុខភាពថ្លើម ហើយសាច់នៃផ្លែឈើនេះ ក៏ដើរតួនាទីជាសារធាតុបន្សាបជាតិពុលផ្សេងៗ តាមបែបធម្មជាតិ ដែលជួយការពារសុខភាពតម្រងនោម និងថ្លើម ។
២. គ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម (ករណីបង្កដោយ Fluoride) ៖ Fluoride ជាកត្តាដ៏សំខាន់បំផុតមួយ ដែលជះឥទ្ធិពលលើកម្រិត នៃជាតិស្ករក្នុងឈាម។ សារធាតុ Fluoride ក្នុងទឹកដែលអ្នកទទួលទាន បង្កើនការធន់ទៅនឹងជាតិគ្លុយកូស នៃឈាមដែលបណ្ដាលឲ្យកើត បញ្ហាជាតិស្ករក្នុងឈាមឡើងខ្ពស់។ ផ្លែខ្វិត គឺមានប្រយោជន៍ណាស់ក្នុងការគ្រប់គ្រងសារធាតុ fluoride ដែលបង្កជាបញ្ហាជាតិស្ករក្នុងឈាមឡើងខ្ពស់ ក៏ព្រោះសាច់នៃផ្លែឈើនេះ មានផ្ទុកសមាសធាតុដូចជា Saponis, Phytosterols, Flavonoids, Polyphenols និង Ascorbic acid ដែលមានប្រសិទ្ធភាពគ្រប់គ្រងកម្រិតនៃជាតិស្ករក្នុងឈាម ។ ដូច្នេះការទទួលទានផ្លែខ្វិត អាចជួយកាត់បន្ថយកម្រិតនៃជាតិស្ករក្នុងឈាមបានយ៉ាងប្រសើរ។

៣.ព្យាបាលពស់ចឹក និងឃ្មុំទិច ៖ តាំងពីសម័យបុរាណមក នៅក្នុងប្រទេសឥណ្ឌា សំបកនៃដើមខ្វិត ត្រូវបានគេប្រើសម្រាប់ព្យាបាលពេលត្រូវពស់ចឹក ហើយសំបកផ្លែខ្វិតវិញ គឺប្រើសម្រាប់ព្យាបាលពេលត្រូវឃ្មុំទិច។
៤. ជួយរំលាយអាហារ៖ ការទទួលទានផ្លែខ្វិតទុំ អាចជួយទប់ស្កាត់ បញ្ហាទល់លាមកបានយ៉ាងមានប្រសិទ្ធិភាព តាមរយៈសារធាតុ laxative ដែលវាមាន។ ផ្លែខ្វិត ក៏ជួយកម្ចាត់ប៉ារ៉ាសិតក្នុងពោះវៀន និងជាឱសថមួយដ៏ល្អ សម្រាប់ព្យាបាលជំងឺរំលាយអាហារផងដែរ។
៥. ជាប្រភពដ៏ប្រសើរនៃសារធាតុចិញ្ចឹមច្រើនប្រភេទ៖ ផ្លែខ្វិត មានផ្ទុកសម្បូរទៅដោយ Carbohydrates និង ប្រូតេអ៊ីន រួមទាំងវីតាមីន A, B, C ជាតិកាល់ស្យូម, ផូស្វ័រ ក៏ដូចជាជាតិសសៃ ដែលជួយរក្សាសុខភាពរាងកាយល្អរឹងមាំ ជៀសផុតពីជំងឺ ផ្សេងៗ។

ទោះជាយ៉ាងណា កុំទទួលទានច្រើនពេក ព្រោះវាអាចបណ្ដាលឲ្យអ្នក ហើមពោះ, ឈឺពោះ និងឈឺបំពង់កបានដែរ៕ (ដងស្រង់ពី Health.com.kh)