ព្រះសីហនុ៖ ដើម្បីបញ្ចៀសទឹកកខ្វក់ កុំឱ្យហូរចូលទៅក្នុងសមុទ្រ និងទៅទីកន្លែងនានាដែលនាំឱ្យប៉ះពាល់ដល់ទឹកសមុទ្រ និងបរិស្ថាននៅក្នុងខេត្តព្រះសីហនុ គឺត្រូវសាងសងស្ថានីយចម្រោះទឹកកខ្វក់មួយបន្ថែមទៀត ដែលមានសមត្ថភាពចម្រោះទឹករហូតដល់ទៅ ២៥,០០០ម៉ែត្រគូបក្នុងមួយថ្ងៃ និងដាក់ប្រព័ន្ធលូសរុបប្រវែងប្រមាណ ១៥៧គីឡូម៉ែត្រ ដែលត្រូវការថវិការប្រមាណ ២០០លានដុល្លារអាមេរិក។
នេះជាការលើកឡើងរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ខណៈដែលលោក រួមជាមួយលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដោយអភិបាលខេត្តព្រះសីហនុ លោក យន្ត មីន និងមន្ត្រីជំនាញជាច្រើនរូបផ្សេងទៀត បានធ្វើដំណើររួមគ្នាចុះពិនិត្យ និងសិក្សានៅទីតាំងស្ថានីយចម្រោះទឹកកខ្វក់ស្ថិតនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩កន្លងទៅនេះ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានប្រាប់ថា ស្ថានីយចម្រោះទឹកកខ្វក់នាពេលបច្ចុប្បន្ននេះ មានសមត្ថភាពចម្រោះទឹកបានប្រមាណតែ៥ពាន់ម៉ែត្រគូបតែប៉ុណ្ណោះ ខណៈដឹកកខ្វក់បង្ហូរពីតាមលំនៅឋាន អាហារដ្ឋាន និងសណ្ឋាគារជាដើមកំពុងមានកម្រិតខ្ពស់រហូតដល់ទៅ ២៥,០០០ម៉ែត្រគូបក្នុងមួយថ្ងៃ។
លោកបានបន្តទៀតថា ដើម្បីចម្រោះទឹកកខ្វក់ដែលកំពុងមានកំណើតយ៉ាងគំហុកនាពេលបច្ចុប្បន្ន គឺក្រសួងបានសិក្សាសាងសង់អាងចម្រោះទឹកកខ្វក់បន្ថែមទៀត ដែលគោលបំណងធ្វើឱ្យស្ថានីយចម្រោះទឹកកខ្វក់នេះមានសមត្ថភាពចម្រោះទឹកកខ្វក់ឱ្យបាន៦ម៉ឺនគូបក្នុងមួយថ្ងៃ។ ការកសាងអាងចម្រោះទឹកថ្មី ក៏ដូចជាការដាក់ប្រព័ន្ធលូសរុបប្រវែងប្រមាណ ១៥៧គីឡូម៉ែត្រផងនោះ គឺត្រូវការថវិកាប្រមាណ ២០០លានដុល្លារអាមេរិក។
គួររំម្លឹកផងដែរថា ក្នុងពិធីបុណ្យសមុទ្រនៅខេត្តកោះកុងកាលពីចុងឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន បានប្រាប់ឲ្យគណៈកម្មការគ្រប់គ្រងឆ្នេរសមុទ្រ ដែលមានលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាប្រធាន រួមនឹងអាជ្ញាធរពាក់ព័ន្ធទាំងអស់ រួមគ្នាលុបបំបាត់ការបង្ហូរទឹកកខ្វក់ចូលទៅក្នុងសមុទ្រ៕