សង្គ្រាមពាណិជ្ជកម្ម ចិន-អាមេរិក បានអូសបន្លាយជាងមួយឆ្នាំហើយ ដែលពុំមានអ្នកណាហ៊ានអះអាងថា ចិន រងគ្រោះ ឬ អាមេរិក រងគ្រោះ នោះទេព្រោះប្រទេសទាំង២ មានចំនុចខ្លាំង និងខ្សោយរៀងៗខ្លួន។
ប្រទេសចិន មើលទៅដូចជារងគ្រោះខ្លាំង ដោយសារតែរបាំងពន្ធគយ ដែលអាមេរិក ដាក់បន្ថែមស្ទើរតែគ្រប់មុខទំនិញ, រោងចក្រជាច្រើននៅប្រទេសចិន បានផ្លាស់ប្តូរទៅកាន់ប្រទេសផ្សេងៗទៀត ដើម្បីគេចចេញពីរបាំងពន្ធនេះ ដែលក្នុងនោះប្រទេសវៀតណាម ទទួលបានច្រើនជាងគេ។
តើ ចិន មិនដឹង ឬ ចិន មានអ្វីទប់ទល់ ជាមួយអាមេរិកឬ បានជាបន្តលេងល្បែងនេះជាមួយអាមេរិក?
ដំបូងឡើយ គេមើលឃើញថា ចិន នឹងយក ធនធានរ៉ែ ដ៏កម្ររបស់ផែនដី (Rare Earth Element) ដែលជាសមាសធាតុផ្សំយ៉ាងចាំបាច់ នៃគ្រឿងបរិក្ខាយោធា និងសម្ភារៈទំនើប នាពេលបច្ចុប្បន្ន រួមមានទាំងកុំព្យូទ័រយួរដៃ រហូតដល់យានជំនិះអេឡិចត្រូនិច និងប្រព័ន្ធសព្វាវុធ ហើយប្រទេសចិន គឺជាអ្នកផ្ដត់ផ្គង់ ៩០ភាគរយ នៃការផលិតនិងកែច្នៃធនធាននេះ នៅទូទាំងពិភពលោក។
តែរហូតមកដល់ពេលនេះ ចិន អត់មាននិយាយអ្វីមួយម៉ាត់សោះ ទាក់ទងនឹង ធនធានរ៉ែ ដ៏កម្ររបស់ផែនដីនេះ។
ចំនុចមួយទៀត ប្រទេសចិនជាម្ចាស់បំណុលធំជាងគេបង្អស់ របស់រដ្ឋាភិបាលអាមេរិក ដោយប្រទេសចិន មានមូលបត្របំណុលអាមេរិកនៅក្នុងដៃដល់ទៅជាង ១.២ ទ្រីលានដុល្លារ (ពាន់ពាន់លាន) ឬស្មើនឹង០៧ភាគរយ នៃតម្លៃទីផ្សារពិភពលោកទាំងមូល។
ប្រទេសចិន អាចលក់មូលបត្របំណុលអាមេរិកនេះ ដើម្បីយកប្រាក់បំពេញទុនបម្រុងរបស់ខ្លួនឡើងវិញ ឬក៏ដើម្បីលើកកម្ពស់ប្រាក់យ័នរបស់ខ្លួន។
បើប្រទេសចិន សម្រេចជ្រើសរើសលក់មូលបត្របំណុលអាមេរិកទាំងអស់ វានឹងធ្វើឲ្យលុយដុល្លារអាមេរិកចុះខ្សោយខ្លាំង ហើយការប្រាក់ដែលអាមេរិក ត្រូវបង់ក៏នឹងឡើងខ្ពស់កប់ពពក ដែលអាចបណ្តាលឲ្យសេដ្ឋកិច្ចរបស់អាមេរិកទាំងមូលជួបបញ្ហាធំ។ តែវា ផ្ដល់ផលអវិជ្ជមាន ដល់ប្រទេសចិនខ្លួនឯងវិញផងដែរ ព្រោះការលក់មូលបត្របំណុលអាមេរិក វាអាចធ្វើលុយយ័នរឹងមាំ តែនៅពេលជាមួយគ្នានោះ បានធ្វើឲ្យការនាំចេញផលិតផលរបស់ចិនកាន់តែថ្លៃ និងពិបាកលក់ជាដើម។
ទាក់ទងទៅនឹងចំនុចនេះ ចិន ក៏មិនទាន់ ធ្វើសកម្មភាពអ្វីមួយនៅឡើយនោះទេ។
បន្ទាប់ពីការចរចារ ពាណិជ្ជកម្មរវាង ចិន និងអាមេរិក មិនទទួលបានលទ្ធផលអ្វីសោះនោះ លោក ដូណាល់ ត្រាំ បានប្រកាសដំឡើងពន្ធ ១០ភាគរយលើទំនិញទំហំ ៣០០ពាន់លានដុល្លារផ្សេងទៀត ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី១ ខែកញ្ញាខាងមុខនេះ ព្រោះតែ ចិន មិនធ្វើតាមការសន្សា ទិញផលិតផលកសិកម្មរបស់ អាមេរិក។
ផលិតផលកសិកកម្ម ជាចំនុចខ្សោយរបស់អាមេរិក ដូចនេះ ចិន ប្រកាសវិញភ្លាមថា ឈប់ទិញ ផលិតផលកសិកម្ម របស់អាមេរិក គឺ ចិន មានបំណងចង់ឲ្យ ប្រជាជនអាមេរិករស់នៅទីជនបទ ដែលជាអ្នកគ្រាំទ្រ និងបានបោះឆ្នោតឲ្យ លោក ដូណាល់ ត្រាំ ធ្វើជាប្រធានាធិបតី ទឹកភ្នែក ដែលនឹងអាចនាំឲ្យប្រជាប្រិយភាពរបស់ លោក ដូណាល់ ត្រាំ ធ្លាក់ចុះ សម្រាប់ការបោះឆ្នោត នៅឆ្នាំ២០២០ ខាងមុខនេះ។
សូមបញ្ជាក់ថា ការនាំចូលផលិតផលកសិកម្មរបស់ចិន ពីសហរដ្ឋអាមេរិក មានការធ្លាក់យ៉ាងគំហុក គឺឆ្នាំ២០១៧ មានការនាំចូលប្រមាណជា ១៩,៥ ពាន់លានដុល្លារ តែការនាំនេះបានធ្លាក់មកត្រឹមតែ ៩,១ពាន់លានដុល្លារតែប៉ុណ្ណោះបន្ទាប់ពីសង្គ្រាមពាណិជ្ជកម្ម ហើយអាចនឹងធ្លាក់ជាងនេះទៀត។ ចិន ធ្វើបែបនេះ បានបង្ខំធ្វើអោយរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ត្រូវចេញប្រាក់សំណង ឲ្យទៅកសិករក្នុងរយៈពេល២ឆ្នាំ ប្រមាណជា ២៨ពាន់លានដុល្លារ ឯណោះ។
ជាងនេះទៀតសោទ ធនាគារ Bank of America ការកើនឡើងកម្តៅជាថ្មីនៃសង្គ្រាមពាណិជ្ជកម្ម របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ជាមួយនិងប្រទេសចិន បានធ្វើប៉ះពាល់រួចជាស្រេចហើយ ទៅលើបណ្តាញផ្គត់ផ្គង់ផលិតផល និងទីផ្សារភាគហ៊ុន នៅជុំវិញពិភពលោក ហើយជាងនេះទៅទៀត វាអាចនឹងធ្វើឲ្យថ្លៃប្រេងធ្លាក់ចុះក្រោម ៣០ដុល្លារក្នុងមួយបារ៉ែល បើចិនសម្រេចទិញប្រេងពីអ៊ីរ៉ង់ ដោយគ្មានញញើតទណ្ឌកម្មរបស់អាមេរិកនោះ។
នេះយើងអាចមើលឃើញថា អាមេរិក ក៏រងគ្រោះខ្លាំងណាស់ដែរ តែនៅតែធ្វើឡូយ ហើយមិនហ៊ាននិយាយដាច់ណាត់ ឈប់ចរចាជម្លោះពាណិជ្ជកម្មនេះជាមួយចិននោះទេ នៅតែរក្សាគំរោងទទួលស្វាគមន៍ប្រតិភូចិនសម្រាប់ កិច្ចចរចានៅក្នុងខែកញ្ញានេះដែរ៕