សហរដ្ឋអាមេរិក និងរុស្ស៊ី បានចុះហត្ថលេខា សន្ធិសញ្ញានុយក្លេអ៊ែរ INF (Intermediate-Range Nuclear Forces) កាលពីឆ្នាំ១៩៨៧ ដោយអតីតប្រធានាធិបតីអាមេរិក លោក រ៉ូណាល់ រីហ្គែន (Ronald Reagan) និងអតីតមេដឹនាំសហភាពសូវៀត លោក មីឃែល ហ្គោបាឆេវ (Mikhail Gorbachev)។
នៅក្នុង សន្ធិសញ្ញានុយក្លេអ៊ែរ នេះ សហរដ្ឋអាមេរិក និងរុស្ស៊ី មិនអាចដាក់ពង្រាយ ឬអភិវឌ្ឍន៍មីស៊ីល-នុយក្លេអ៊ែរ ដែលអាចបាញ់បានក្នុងចំងាយពី ៥០០-៥,៥០០០គីឡូម៉ែត្រ (រយៈចំងាយមធ្យម)។
កាលពីខែកុម្ភៈ ឆ្នាំ២០១៩ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសទុកពេល ៦ខែឱ្យរុស្ស៊ីបំផ្លាញមីស៊ីលដែលទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តអង្គការ NATO ចោទថា បានរំលោភលើសន្ធិសញ្ញា INF តែរុស្ស៊ីបានបដិសេធ ទើបរហូតដល់ថ្ងៃសុក្រ ទី០២ ខែសីហាកន្លងទៅនេះ ស្រាប់តែទើបភាគីទាំង ២ ដកខ្លួនចេញពីសន្ធិសញ្ញានុយក្លេអ៊ែរ នេះជាផ្លូវការតែម្ដង។
ហេតុអ្វីបានជា អាមេរិក ស្រាប់តែដកខ្លួនចេញ សន្ធិសញ្ញានុយក្លេអ៊ែរ នេះ?
អ្នកជំនាញខ្លះយល់ថា ការដកខ្លួនរបស់ អាមេរិក ពី សន្ធិសញ្ញានុយក្លេអ៊ែរ នេះ ប្រហែលជា អាមេរិក គិតថា បច្ចុប្បន្ននេះ រុស្ស៊ី ដូចជាមិនមែនជាគូប្រជែងធំនោះទេ គឹមានតែ ចិន ទេ ដែលកំពុងតែកើនឡើង នូវឥទ្ធិពលនៅក្នុងតំបន់អាស៊ីយ៉ាងខ្លាំង បើបណ្ដោយឲ្យ ចិន ធ្វើបែបនេះតទៅទៀត ដោយគ្មានធ្វើអ្វីសោះនោះ អាចនាំឲ្យឥទ្ធិពលរបស់ អាមេរិក នៅអាស៊ីធ្លាក់ចុះ ឯតំណែង បងធំទី១ នៅលើពិភពលោក ក៏មិនអាចរក្សាបានដែរ។
ម្យ៉ាងវិញទៀត សហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានមើលឃើញថា ការជាប់បម្រាមនៅក្រោមសន្ធិសញ្ញានុយក្លេអ៊ែរ បានផ្ដល់ឱកាសឱ្យបណ្ដាប្រទេស ដែលជាគូប្រជែងអាមេរិកពិសេសគឺ ចិន (អ៊ីរ៉ង់ និងកូរ៉េខាងជើង ជាដើម) កាន់តែបានដៃ អភិវឌ្ឍន៍មីស៊ីលរយៈចំងាយមធ្យមរបស់ខ្លួន។ មុនពេលដកខ្លួនចេញពី សញ្ញានុយក្លេអ៊ែរ លោក ដូណាល់ ត្រាំ បានសាកល្បងចិត្ត ចិនរួចហើយ ដោយលោកចង់បានកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ថ្មីមួយ ដែលក្នុងនោះក៏រួមបញ្ចូលទាំងចិនផងដែរ តែ ចិន ក៏ចេញមុខបដិសេដមិនចូលរួមភ្លាមៗ តែម្ដង។
ដូចនេះ ការដកខ្លួនថយ ពីសន្ធិសញ្ញានុយក្លេអ៊ែរ របស់អាមេរិក គឹអាចឲ្យអាមេរិក យកសេរីភាពនេះ ទៅទប់ជាមួយចិន ដោយចាប់ផ្ដើមគម្រោង ដាក់ពង្រាយមីស៊ីល នៅអាស៊ី ដើម្បីរះស្ទះចិន ព្រោះមីស៊ីលរយៈចំងាយមធ្យមរបស់ចិន អាចបាញ់បានចំងាយពី ៥០០-៥,៥០០គីឡូម៉ែត្រ ដែលចំងាយនេះគឺសមល្មមអាចបាញ់ដល់មូលដ្ឋានទ័ពអាមេរិក នៅទូទាំងប្រទេសជប៉ុនបានយ៉ាងងាយ។
ប្រទេសចិន ចេញមុខព្រមានថា នឹងចាត់វិធានការឆ្លើយតបចាំបាច់នានា បន្ទាប់ពីបានយល់នូវមហិច្ឆតា ក្នុងការដាក់ពង្រាយប្រព័ន្ធមីស៊ីល របស់អាមេរិក នៅក្នុងតំបន់អាស៊ី ហើយដែលចេតនានេះ ត្រូវបានចិនមើលឃើញថា មានគោលដៅប្រឆាំងនឹងឥទ្ធិពល យោធារបស់ខ្លួននៅក្នុងតំបន់។
ពិភពលោក អាចនឹងស្ថិតនៅក្នុងស្ថានភាពដ៏គ្រោះថ្នាក់ ដោយសារតែប្រទេសធំៗ ធ្វើការការប្រជែង និងរត់ប្រណាំងសព្វាវុធដ៏មហាប្រល័យនេះ៕