ភ្នំពេញ៖ យុវជនថ្នាលនៃក្លឹប Melville United Academy ៣នាក់ជាបងប្អូនបង្កើត បានបង្ហាញពីក្តីសុបិនរបស់ខ្លួន ចង់ក្លាយជាកីឡាករជម្រើសជាតិកម្ពុជា បន្ទាប់ពីពួកគេបានមកបង្ហាញបច្ចេកទេស នៅលើទីលាន Cantral Park រាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ។
យុវជនទាំង ៣នាក់ មានឈ្មោះ លឹម ចិត្ត អាយុ ១៨ឆ្នាំ, លឹម អារុណ អាយុ ១៥ឆ្នាំ និង លឹម លោកា អាយុ ១២ឆ្នាំ ដែលមាន លោក លឹម គុណ ត្រូវជាឪពុក ជាជនជាតិខ្មែរ និង លោកស្រី Marliese ត្រូវជាម្ដាយ ជាជនជាតិញ៉ូសឺឡែន។
ពួកគេទាំង៣នាក់ បានលើកឡើងស្រដៀងៗគ្នាថា ពួកគេពិតជាមានមោទនភាពណាស់ ដែលបាន មានជាប់ឈាមជ័រជាជនជាតិខ្មែរ ហើយបំណងប្រាថ្នារបស់ពួកគេ ក្រោយចូលប្រឡូកអាជីពបាល់ទាត់ គឺចង់ក្លាយជាកីឡាករជម្រើសជាតិកម្ពុជា នាថ្ងៃអនាគត ដោយពួកគេបានប្ដេជ្ញា និងខិតខំប្រឹងប្រែងហ្វឹកហាត់ឲ្យបានខ្លាំង ដើម្បីត្រៀមជួយក្រុមជម្រើសជាតិកម្ពុជា។
លោក លឹម គុណ មានស្រុកកំណើត នៅខេត្តព្រះវិហារ និងភរិយា មានចិត្តរីករាយជាខ្លាំង ដែលឃើញកូនប្រុសទាំង៣ មានឆន្ទៈក្នុងការជួយប្រទេសកម្ពុជា តាមរយៈវិស័យកីឡាបាល់ទាត់។ លោកសង្ឃឹមថា បំណងប្រាថ្នាលដ៏ធំកូនទាំង៣ នឹងបានសម្រេច ហើយលោកជឿជាក់ថា វិស័យកីឡាបាល់ទាត់នៅកម្ពុជា នឹងកាន់តែរីកចម្រើនបន្ថែមទៀត នាថ្ងៃអនាគត។
គួរបញ្ជាក់ថា នៅឆ្នាំ១៩៩០ លោក លឹម គុណ បានទៅសិក្សានៅប្រទេសញ៉ូសឺឡែន ថ្នាក់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ដ្រគ្រប់គ្រង និងបានរៀបការជាមួយលោកស្រី Marliese។ គោលបំណង ដែលលោកមកប្រទេសកម្ពុជានៅពេលនេះ គឺមកលេងសាច់ញាត្តិ និងមួយទៀតលោកចង់ឲ្យកូនៗរបស់លោក បង្ហាញសមត្ថភាពជាមួយក្លឹប បឹងកេត៕