ហេង ចន្ថា អតីត «Miss Grand Cambodia» ២០១៦ ភ្ជាប់ពាក្យស្ងាត់ៗ

983

(ភ្នំពេញ)៖ កញ្ញា ហេង ចន្ថា ត្រូវបានគេដឹងថា គឺជាអតីត «Miss Grand Cambodia» ២០១៦ និងបានវិវត្តន៍ខ្លួនក្លាយជា តារាសម្តែងដ៏មានប្រជាប្រិយភាព។ តារាស្រីសម្រស់បានរូបនេះ ត្រូវបានមហាជនដាក់រហស្សនាមឲ្យថា «នាងចេកអាំង» ក្រោយពីសម្តែងរឿងភាគខ្មែរដើរតួឯកក្នុងរឿង «នាងចេកអាំង» យ៉ាងស័ក្តសម។ និយាយពីរូបសម្រស់ និងសមត្ថភាពវិញ ក៏មិនធម្មតាដែរ ខណៈបច្ចុប្បន្នមានបុរសមិនតិចនោះទេ ចង់បានជាគូអនាគត។ យ៉ាងណាមិញ ពេលនេះស្រាប់តែមានដំណឹងថា នាងបានភ្ជាប់ពាក្យហើយ ដោយមិនទាន់ដឹងថា អនាគតស្វាមីជាអ្នកសិល្បៈជាមួយគ្នា ឬយ៉ាងណាឡើយ។

រហូតមកទល់នឹងពេលនេះ ដំណឹងភ្ជាប់ពាក្យរបស់តារាស្រី ហេង ចន្ថា គឺមិនទាន់ទម្លាយដោយសាមីខ្លួនផ្ទាល់ឲ្យបានទូលំទូលាយនៅឡើយទេ។ តែយ៉ាងណា គេសង្កេតឃើញថា តាមរយៈ Story ក្នុងបណ្តាញ Instagram របស់នាង គឺបានបង្ហាញយ៉ាងច្បាស់ថា នាងបានភ្ជាប់ពាក្យហើយ។ ដោយក្នុងនោះ នាងបានគ្រងឈុតប្រពៃណី ជាមួយនឹងអំបោះចង់ដៃពណ៌លឿងស្រាល ហើយក្រោយខ្នងមានពាក្យថា ពិធីភ្ជាប់ពាក្យ ខាងស្រីនាម ហេង ចន្ថា ច្បាស់ៗតែម្តង។

ដំណឹងភ្ជាប់ពាក្យរបស់តារាស្រី សម្រស់សោភា ហេង ចន្ថា ត្រូវបានអ្នកតាមដានវិស័យសិល្បៈសន្និដ្ឋានបានថា នឹងធ្វើឲ្យបុរសមិនតិចនាក់នោះទេខកចិត្ត និងស្តាយមិនបានរូបនាងមកធ្វើជាគូអនាគត។ ហើយខ្លះទៀត និយាយថា បុរសដែលបាននាងជាស្វាមី គឺសំណាងណាស់ហើយ ព្រោះ ហេង ចន្ថា បានទាំងសម្រស់ និងសមត្ថភាព។ ក្រៅពីសិល្បៈ តារាស្រីរូបនេះ ពូកែខាងលក់ទំនិញតាមអនឡាយ ដោយ ទទួលបានការគាំទ្រច្រើនពីអតិថិជនផងដែរ៕