Valencia ត្រៀមផ្តល់ទឹកប្រាក់ជិត ៤លានដុល្លារ ក្នុង ១រដូវកាលឲ្យ Callejon ទៅលើកិច្ចសន្យា ២ឆ្នាំ

716

(វ៉ាលេនសៀ)៖ ក្លិបអេស្ប៉ាញ Valencia ត្រៀមផ្តល់តម្លៃពលកម្មប្រមាណ ៣.៥លានអឺរ៉ូ ស្មើនឹង ៣.៨២លានដុល្លារទៅកាន់កីឡាករខ្សែប្រយុទ្ធ Jose Callejon ដែលអាចនាំមកពីក្លិបពពកស Napoli របស់អ៊ីតាលី ខណៈមិនទាន់បានបង្ហាញតម្លៃផ្ទេរនៅឡើយទេ ក្នុងទីផ្សារដោះដូរកីឡាករនារដូវក្តៅខាងមុខនេះ។

កិច្ចសន្យាចាស់របស់ Callejon នៅ Napoli នឹងផុតកំណត់នារដូវក្តៅខាងមុខនេះ ដោយការពិភាក្សាថ្មីនៅមិនទាន់ធ្វើឡើងនោះទេ។ នេះបើតាមការចេញផ្សាយដោយ Marca។

អតីតខ្សែប្រយុទ្ធក្រុម Real Madrid ក្នុងអំឡុងឆ្នាំ២០១១-២០១៣ នោះ បច្ចុប្បន្នមានវ័យ ៣៣ឆ្នាំសញ្ចាតិអេស្ប៉ាញ អាចត្រឡប់មកកាន់ទឹកដីកំណើតវិញនៅពេលណាមិនបន្តកិច្ចសន្យាថ្មីជាមួយក្រុម Napoli គ្រាដែល Valencia ជាក្រុមដែលត្រៀមធ្វើការផ្តល់ជូនកិច្ចសន្យា ២ឆ្នាំ ជាមួយនឹងតម្លៃពលកម្មប្រមាណ ៣.៨២លានដុល្លារ ១ឆ្នាំ ហើយរូបគេត្រូវបាន Napoli នាំផ្ទេរយកតាំងពីឆ្នាំ២០១៣ ចេញពីក្រុមអធិរាជស ក្នុងតម្លៃប្រមាណត្រឹមតែ ១១លានដុល្លារតែប៉ុណ្ណោះ។

បច្ចុប្បន្ន Valencia កំពុងធ្វើការទាក់ទាញមួយទៅកាន់ Callejon ចំពេល Sevilla ក៏មានការចាប់អារម្មណ៍ផងដែរ ហើយខ្សែប្រយុទ្ធរូបនេះបានបង្ហាញខ្លួនឲ្យ Napoli បាន ២៤៥ប្រកួត និងរកបាន ៦២គ្រាប់ ដោយធ្លាប់លើកពាន LaLiga ១លើកកាលឆ្នាំ២០១២ ជាមួយ Real Madrid និងជាកីឡាករដែលធ្លាប់លេងឲ្យ Espanyol បាន ៤ឆ្នាំផងដែរ៕