ភ្នំពេញ៖ មូលនិធិមួយ ត្រូវបានបង្កើតឡើង ដើម្បីបង្ហាញពីសន្ដានចិត្តដ៏ស្មោះស របស់រដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុន ក៏ដូចជាការទទួលខុសត្រូវ ចំពោះគ្រួសារជនរងគ្រោះ ដែលត្រូវបានជនជាតិជប៉ុន២នាក់ បានរៀបគម្រោងទុកជាមុន ដើម្បីប្លន់សម្លាប់យករថយន្តផងដែរ។
កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ ជនជាតិជប៉ុនពីរនាក់ ត្រូវបានចាប់ខ្លួន ដោយកងកម្លាំងសមត្ថកិច្ចខេត្តសៀមរាប ក្នុងករណីប្លន់សម្លាប់បុរសជាអ្នករត់តាក់ស៊ីម្នាក់ ដើម្បីប្លន់យករថយន្ត នៅលើកំណាត់ផ្លូវជាតិលេខ ៦ ត្រង់ចំណុចជញ្ជីងថ្លឹងរថយន្តពួក ក្នុងទឹកដីភូមិពួកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប។ ជនរងគ្រោះដែលបានស្លាប់នោះ មានឈ្មោះ ហ៊ឹម ចាន់ រស់នៅភូមិជាន់ត្រាច ឃុំឈូកដាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានប្រពន្ធ និងកូន ៤នាក់ក្នុងបន្ទុក។

ប្រជាជនជប៉ុន ដែលរស់នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាប្រជាជនជប៉ុន ដែលរស់នៅក្នុងប្រទេសជប៉ុន បានសម្ដែងនូវសេចក្ដីសោកស្ដាយ, ចូលរួមរំលែកទុក្ខ និងព្រួយបារម្ភចំពោះផលប៉ះពាល់ ដល់ជំនឿចិត្ត ក៏ដូចជាមិត្តភាពដ៏រឹងមាំអស្ចារ្យ របស់ប្រទេសជប៉ុន និងប្រទេសកម្ពុជា អស់រយៈពេលជាង ៦៥ឆ្នាំកន្លងមកនេះ ក្រោយពីករណីឃាតកម្ម ដ៏គួរឲ្យភ្ញាក់ផ្អើល និងជាលើកទីមួយនៅប្រទេសកម្ពុជា ដែលមានជនល្មើស ជាជនជាតិជប៉ុន កន្លងមកនេះ។
ទោះជានិយាយ ពាក្យថាសុំទោស ចំពោះគ្រួសារជនរងគ្រោះ មួយពាន់ដង មួយម៉ឺនដង មួយលានដង ក៏មិនអាចធ្វើឲ្យអ្វីៗគ្រប់យ៉ាង វិលត្រលប់មកដូចដើមវិញបានឡើង ហេតុដូចនេះហើយ មានតែការចូលរួមចំណែកធ្វើការប៉ះប៉ូវ ចំពោះក្រុមគ្រួសារជនរងគ្រោះ រួមមានប្រពន្ធ និងកូន ៤នាក់ ខាងផ្នែកជីវភាពរស់នៅប្រចាំថ្ងៃ និងការសិក្សារសម្រាប់កូនៗរបស់គាត់ ដើម្បីកសាងអនាគតដ៏ភ្លឺស្វាងរបស់ពួកគេ នោះទេទើបជាជម្រើសដ៏ល្អបំផុតមួយ។

មូលនិធិនេះ បានចាប់ផ្ដើមប្រមូលថវិកាចាប់ពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩។ បើគិតត្រឹមព្រឹកថ្ងៃទី២២ ខែមីនានេះ ក្រុមស្ម័គ្រចិត្ត ដែលត្រូវបានអនុម័តដោយសមាគមជប៉ុននៅកម្ពុជា ដែលមានទាំងប្រជាជនជប៉ុនរស់នៅក្នុងប្រទេសកម្ពុជា ព្រមទាំងប្រជាជនជប៉ុនរស់នៅក្នុងប្រទេសជប៉ុន ដែលមានចំនួនលើសពី ២៥០នាក់ បានបរិច្ចាគជាថវិកាផ្ទាល់ខ្លួន ដើម្បីជួយដល់មូលនិធិនេះ។ គេរំពឹងថា នឹងមានប្រជាជនជប៉ុនជាច្រើនរូបទៀត ដែលនឹងចូលរួមសម្រាប់មូលនិធិដូចដែលបានរៀបរាប់ខាងលើនេះ។
លើសពីនេះទៀត សប្បុរសជនទាំងអស់ ក៏អាចចូលរួមបានដែរ ដោយអាចស្វែងរក ប្រអប់បរិច្ចាគ ដែលត្រូវបានរៀបចំឡើង នៅក្នុងផ្សារទំនើបអ៊ីអនទី ១ និង ទី ២។
ម្យ៉ាងវិញទៀត កាលពីព្រឹកថៃ្ងទី២០ ខែមីនា កន្លងទៅនេះ ក្រុមកីឡាបាល់ទាត់ អង្គរថាយហ្គឺរ សៀមរាប ដែលមានមូលដ្ឋាននៅខេត្តសៀមរាប ដែលដឹកនាំដោយលោក កាតូ អាគិហ៊ិរ៉ុ (KATO AKIHIRO) បានជួយឧបត្ថម្ភថវិកាសរុបជាង ៤,០០០ដុល្លារ សហរដ្ឋអាមេរិច ដែលនៅក្នុងនោះមានថវិកាផ្ទាល់ខ្លួនរបស់លោក កាតូ ចំនួន ១,០០០ដុល្លារសហរដ្ឋអាមេរិច ត្រូវបានផ្ដល់ជូនក្រុមគ្រួសារជនរងគ្រោះ សម្រាប់ការចំណាយបន្ទាន់ ដែលមានដូចជាការយកទៅចាត់ចែងរៀបចំពិធីបុណ្យសពទៅតាមប្រពៃណីខ្មែរ។

ស្ថានទូតជប៉ុនប្រចាំនៅប្រទេសកម្ពុជា និងប្រជាជនជប៉ុនទាំងអស់ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រមនេះ ចំពោះក្រុមគ្រួសារជនរងគ្រោះ និងសូមបួងសួងសូមអោយវិញ្ញាណក្ខន្ធជនរងគ្រោះឈ្មោះ ហ៊ឹម ចាន់ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
គួរបញ្ជាក់ផងដែរថា ប្រជាជនជប៉ុនដែលកំពុងរស់នៅប្រទេសកម្ពុជា តែងតែចូលរួមជាសកម្ម ដើម្បីគាំទ្រនូវសកម្មភាពសង្គមនានា ដែលមានដូចជាសកម្មភាពផ្លាស់ប្ដូរ និងណែនាំអំពីវប្បធ៌មប្រទេសជប៉ុន និងកម្ពុជា, សកម្មភាពកីឡា, អប់រំ, សកម្មភាពសម្អាតទីក្រុង ដោយការប្រមូលសំរាមជាដើម។
ទោះបីជាយ៉ាងណាក៏ដោយ ការចូលរួមចំណែកស្វែងរកសន្តិភាព, សកម្មភាពសប្បុរសធម៌ និងការជួយអភិវឌ្ឍន៍នៅប្រទេសកម្ពុជា យ៉ាងច្រើនសន្ធឹកសន្ធប់កន្លងមក ដោយរដ្ឋាភិបាលជប៉ុន ក៏ដូចជាប្រជាជនជប៉ុនទាំងអស់ នឹងនៅតែស្ថិតនៅក្នុងការចងចាំ ក្នុងក្រអៅបេះដូងរបស់ប្រជាជនកម្ពុជាជានិច្ចនិរន្តរ៍ មិនមានអ្វីអាចមកកាត់ផ្ដាច់បានឡើយ៕
