ភ្នំពេញ៖ ក្រុមគ្រួសារ តារាកំប្លែង នាយសាន ម៉ៅ ប្រាប់ថា នាយសាន ម៉ៅ មានជំងឺជាច្រើនប្រភេទ ដូចជា លើសឈាម ទឹកនោមផ្អែម ជាពិសេសជំងឺសួតធ្ងន់ដែលតម្រូវឲ្យដាក់អុកហ្ស៊ីសែនជាប្រចាំ និងបានឈានដល់ដំណាក់កាលធ្ងន់។
ដោយសភាពជំងឺ ហាក់មិនធូរស្បើយនោះ ក្រុមគ្រួសារ តារាកំប្លែង នាយសាន ម៉ៅ បានសម្រេចចិត្ត នាំយករូបលោកចេញទៅព្យាបាល នៅប្រទេសថៃក្នុងក្តីសង្ឃឹមចុងក្រោយ ដោយបានយកផ្ទះនិងរថយន្ត ទៅបញ្ចាំបានថវិកាចំនួន ១៥០០០ដុល្លារ ដើម្បីប្រើប្រាស់សម្រាប់ថ្លៃព្យាបាល។

ថវិកាដែលបានមកនេះ ប្រហែលជាមិនអាចគ្រប់គ្រាន់នោះឡើយ ដោយរយៈពេល ២១ថ្ងៃ នៃការព្យាបាលនៅប្រទេសកម្ពុជាចំណាយអស់ ជិត ១ម៉ឺនដុល្លារទៅហើយនោះ។ ដោយហេតុនេះហើយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន កើតមានក្តីអាណិតអាសូរ ដោយបានបរិច្ចាគថវិកាផ្ទាល់ខ្លួន ជួយសម្រួលដល់ការខ្វះខាត ចំពោះការព្យាបាលរបស់នាយ សាន ម៉ៅ និងសម្រួលដល់បន្ទុករបស់ក្រុមគ្រួសាររបស់លោកផងដែរ។ នេះបើយោងតាមការបង្ហោះរបស់លោក ហេង ឡុង នៅថ្ងៃនេះ។

លោក ហេង ឡុង បានបង្ហោះសារនៅលើបណ្ដាញសង្គមថា “សូមអបអរសាទរចំពោះបង សាន ម៉ៅ ដែលត្រូវបានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជួយឧបត្ថម្ភក្នុងការសង្គ្រោះបន្ទាន់នៅប្រទេសថៃ សូមជួយស៊ែរអបអរសាទរចំពោះគាត់ផង ពេលនេះលោកពូ សាន ម៉ៅ កំពុងសម្រាកព្យាបាលនៅមន្ទីរមួយ ដែលស្ថិតនៅខេត្តស៊ីសាកេត ប្រទេសថៃ។”

កូនស្រីរបស់ នាយ សាន ម៉ៅ បានបញ្ជាក់ថា បើក្នុងករណីការព្យាបាលត្រូវចំណាយលើស ពី ១ម៉ឺន៥ពាន់ដុល្លារ ដែលបានមកពីការបញ្ចាំប្លង់ដី និងរថយន្តនោះ គឺនាង និងក្រុមគ្រួសារ ពុំមានលទ្ធភាពឡើយ។
ស្ថិតក្នុងស្ថានភាពដ៏លំបាកនេះ ក្រុមគ្រួសារនាយសាន ម៉ៅ និងសមាគមសិល្បករខ្មែរ បានអំពាវនាវដល់សប្បុរសជនគ្រប់មជ្ឈដ្ឋាន ឲ្យជួយដល់តារាកំប្លែងនាយសាន ម៉ៅ ផង៕