ភ្នំពេញ៖ បន្ទាប់ពី ស្ករត្នោតកំពង់ស្ពឺ (Kampong Speu Palm Sugar) ត្រូវបានចុះបញ្ជីជាផលិតផលសម្គាល់ភូមិសាស្ដ្រ (GI) ដោយមានការការពារពីគណៈកម្មការអឺរ៉ុប (EU) កាលពីដើមខែមេសារួចមក បានជួយបង្កើនតម្លៃ ស្ករត្នោតកំពង់ស្ពឺ (Kampong Speu Palm Sugar) មានការធានាគុណភាព និងសុវត្ថិភាពអាហារ សម្រាប់អ្នកប្រើប្រាស់ ជាពិសេសបង្កើនប្រាក់ចំណូលសម្រាប់កសិករ ដែលជាអ្នកផលិតផងដែរ។ នេះបើតាមការឲ្យដឹងរបស់លោក សំ សារឿន ប្រធានសមាគមលើកកម្ពស់ ស្ករត្នោតកំពង់ស្ពឺ។

លោក សំ សារឿន បានឲ្យដឹងទៀតថា កសិករកាន់តែមានទឹកចិត្តក្នុងការផលិត ស្ករត្នោត ព្រោះកសិករអាចរកប្រាក់បានយ៉ាងហោចណាស់ ៣០០០ដុល្លារ ក្នុងមួយឆ្នាំពីការលក់ ស្ករត្នោតកំពង់ស្ពឺ (Kampong Speu Palm Sugar) ដោយអាចលក់បានក្នុងតម្លៃ ១គីឡូក្រាម ដល់ទៅ ៥០០០រៀល។ នេះដោយសារតែ ស្ករត្នោតកំពង់ស្ពឺ ត្រូវបានចុះបញ្ជីជាផលិតផលសម្គាល់ភូមិសាស្ដ្រ ដោយមានការទទួលស្គាល់ និងការពារស្ករត្នោតកំពង់ស្អឺ នៅលើទីផ្សារ EU ដែលជួយបង្កើនទំនុកចិត្តបន្ថែមទៀត ដល់អតិថិជនចំពោះសុវត្ថិភាពអាហារ។

សមាគមលើកកម្ពស់ ស្ករត្នោតកំពង់ស្ពឺ (Kampong Speu Palm Sugar) ដែលបច្ចុប្បន្នមានសមាជិកចំនួន ១៦៨ នាក់ បានរំពឹងថា នឹងអាចផលិត ស្ករត្នោត បាន ២៥០តោន នៅក្នុងឆ្នាំ២០១៩។

បច្ចុប្បន្នមានក្រុមហ៊ុននាំចេញស្ករត្នោតចំនួន ១០ ដែលនាំចេញ ស្ករត្នោតកំពង់ស្ពឺ
(Kampong Speu Palm Sugar) ទៅកាន់ ២០ ប្រទេស ហើយទីផ្សារធំៗសម្រាប់ ស្ករត្នោតកំពង់ស្ពឺ គឺទីផ្សារជប៉ុន កោះតៃវ៉ាន់ កូរ៉េខាងត្បូង និង EU៕