សំអាង​លើ​អ្វី ដែល​សម្ដេច​តេ​ជោ ហ៊ុន សែន ហ៊ាន​អះអាងថា «​ខ្សែក្រវាត់ និង​ផ្លូវ​» របស់​ចិន មិនមែនជា​អន្ទាក់​បំណុល​?

1095

ភ្នំពេញ​៖ នៅ​ចំពោះមុខ​ប្រធានាធិបតី​ចិន រួម​នឹង​បណ្តា​មេដឹកនាំ និង​តំណាង​មកពី​បណ្តា​ប្រទេស​ជាង ១០០​នៅលើ​ពិភពលោក សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​លើកឡើងថា ការផ្តល់​ហិរញ្ញប្បទាន​នានា​ស្ថិតក្រោម​គំនិត​ផ្តួចផ្តើម «​ខ្សែក្រវាត់ និង​ផ្លូវ​» របស់​ចិន មិនមែនជា​អន្ទាក់​បំណុល ដូច​ការលើកឡើង​ទាំងនេះ​នោះឡើយ គឺ​បានផ្តល់​ផលប្រយោជន៍​យ៉ាងច្រើន ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និង​វប្បធម៌​។

​សម្ដេច​តេ​ជោ ហ៊ុន សែន បានធ្វើ​ការលើកឡើង​បែបនេះ នៅក្នុង​ពិធី​បើក​វេទិកា «​ខ្សែក្រវាត់ និង​ផ្លូវ​» លើក​ទី​២ ដែល​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៩​នេះ​នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន ហ៊ាន​អះអាង​បែបនេះ ដោយសារតែ​សម្រាប់​ប្រទេស​កម្ពុជា ការអភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ ដែលជា​គម្រោង​វិនិយោគ​ដ៏​ធំ​របស់​ចិន គឺជា​សក្ខីភាព​មួយ​យ៉ាងច្បាស់​នៃ​ការកសាង​គម្រោង​ផែនការ​សហប្រតិបត្តិកា​រ «​ខ្សែក្រវាត់ និង​ផ្លូវ​» ហើយ​ការកសាង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ ទៀតសោត ក៏​នឹង​ក្លាយទៅជា​កម្លាំងចលករ​មួយទៀត ចូលរួម​កែប្រែ​វិមាត្រ​សេដ្ឋកិច្ចកម្ពុជា និង​បង្កើន​ការតភ្ជាប់​ក្នុង​តំបន់​ឱ្យ​កាន់តែ​ប្រសើរឡើង ក៏​ជា​សមិទ្ធផល​ដ៏​សំខាន់​មួយ ដែល​កើតចេញពី​គំនិត​ផ្តួចផ្តើម «​ខ្សែក្រវាត់ និង​ផ្លូវ​» នេះ​ផងដែរ​។​

​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា “​ដោយ​ឈរលើ​ស្មារតី​ខិតខំ​រួមគ្នា ចែករំលែក​ផលប្រយោជន៍​ជាមួយគ្នា និង​ទទួលបាន​ឱកាស​ដូចគ្នា​។ ខ្ញុំ​យល់ថា គំនិត​ផ្តួចផ្តើម «​ខ្សែក្រវាត់ និង​ផ្លូវ​» នឹងមិន​ផ្តល់​ផលប៉ះពាល់​ជា​អវិជ្ជមាន​ដល់​ប្រទេស​ណាមួយ​ឡើយ​។ ក្នុងនាម​ជា​ប្រទេស​ដែលមាន​អធិបតេយ្យ យើង​មាន​សិទ្ធិ និង​ជម្រើស​ក្នុងការ​សម្រេច​យកតែ​អ្វីដែល​យើង​ចង់បាន និង​ប្រភេទ​ហិរញ្ញប្បទាន​ណា​ដែល​យើង​ត្រូវការ ហើយ​អនុវត្តន៍​គម្រោង​ទាំងនោះ​ដោយ​ឈរលើ​គោលការណ៍​នៃ​ការពង្រឹង​ភាពជា​ម្ចាស់ និង​ភាពជា​អ្នកដឹកនាំ​ការអភិវឌ្ឍ​ជាតិ​របស់ខ្លួន​”​។​

តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ

​សម្តេច​តេ​ជោ បាន​បន្តទៀតថា “​ជាក់ស្តែង​ស្ថានភាព​បំណុល របស់​កម្ពុជា​មកដល់​ពេលនេះ ស្ថិតក្នុង​លក្ខណៈ​ល្អប្រសើរ ដោយសារ​យើង​មាន​គោលនយោបាយ និង​បាន​អនុវត្តន៍​ការគ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​សាធារណៈ​ប្រកបដោយ​វិន័យ​ហ្មត់ចត់​តឹងរឹង ព្រមទាំង​ផែនការ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​យ៉ាងច្បាស់​ដោយ​ផ្តល់​អាទិភាព និង​ការរៀបចំ​អភិវឌ្ឍន៍ តាម​លំដាប់លំដោយ​ជា​ប្រព័ន្ធ​ប្រទាក់ក្រឡា​គ្នា និង​ធានា​សង្គតិភាព​រវាង​ផែនការ​សកម្មភាព និង​គម្រោង​ថ្នាក់ជាតិ​ជាមួយនឹង​ផែនការ​សកម្មភាព និង​គម្រោង​ថ្នាក់ក្រោម​ជាតិ ក៏ដូចជា​ធានា​សង្គតិភាព​ជាមួយ​ផែនការ​សកម្មភាព និង​គម្រោង​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​ពហុភាគី​ទាំងអស់ ដើម្បី​ធានា​ឱ្យបាន​នូវ​ភាពជាក់ស្តែង​និយម​ឆ្លើយតប​ទៅនឹង​អាទិភាព និង​ប្រសិទ្ធភាព​នៃ​ការអនុវត្តន៍​ផងដែរ​”​។​

តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ

“​ប្រទេស​កម្ពុជា​មិន​ត្រឹមតែ​អាច​ចរចា និង​រៀបចំ​គម្រោង​ទាំងឡាយ ដោយ​ឈរលើ​ស្មារតី​ការពារ​ផលប្រយោជន៍​ជូន​ជាតិ និង​ប្រជាជន​របស់ខ្លួន​ដោយ​ស្មើភាព និង​ស្មើ​សិទ្ធិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​អាច​សម្រេចបាន​នូវ​ការធ្វើ​វិស្វកម្ម​ហិរញ្ញវត្ថុ​មួយ ដែល​មិនបង្កើត​បន្ទុក​ហិរញ្ញវត្ថុ និង​បំណុល​សាធារណៈ​ដល់​រដ្ឋ​ថែម​ទៀតផង​”៕