ភ្នំពេញ៖ បើយោងតាមការលើកឡើងរបស់លោក Li Jinge ប្រធានក្រុមហ៊ុន HUAWEI Technology ប្រចាំតំបន់អាស៊ីអាគ្នេយ៍ កម្ពុជា គឺជាប្រទេសដំបូងគេនៅអាស៊ាន ដែលបានចុះកិច្ចព្រមព្រៀងលើការអភិវឌ្ឍន៍បច្ចេកវិទ្យា 5G។
ការលើកឡើងនេះ ត្រូវបានធ្វើឡើងនៅក្នុងពេលដែលលោក Li Jinge បានជំនួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាទីក្រុងប៉េកាំង ប្រទេសចិន កាលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ កន្លងទៅនេះ។
លោកប្រធានក្រុមហ៊ុន HUAWEI Technology បានជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រីថា ក្រុមហ៊ុន HUAWEI Technology បានបើកការិយាល័យនៅក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ១៩៩៩មកម្ល៉េះ ដែលមកដល់បច្ចុប្បន្នមានរយៈពេល ២០ឆ្នាំហើយ។ មកដល់ពេលនេះ ក្រុមហ៊ុនទទួលបានជោគជ័យសម្រាប់ការវិនិយោគ នៅក្នុងប្រទេសកម្ពុជា និងបានសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជាផងដែរ។
លោកបានបន្តទៀតថា ក្រុមហ៊ុនរបស់លោក ទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាទូទាំងពិភពលោកផងដែរ ដោយសារក្រុមហ៊ុន HUAWEI Technology មានឯកទេសគ្រប់គ្រាន់ក្នុងការបម្រើសេវាកម្ម និងជាក្រុមហ៊ុនមួយឈានមុខគេ នៅក្នុងវិស័យទូរគមនាគមន៍ ដូចជាការផ្ដល់បច្ចេកវិទ្យាផងដែរ។
បច្ចុប្បន្នក្រុមហ៊ុន HUAWEI បានចុះហត្ថលេខាជាមួយបណ្ដាប្រទេសប្រមាណជា ៤០ប្រទេសរួចមកហើយ ក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យា 5G ហើយប្រទេសកម្ពុជា គឺជាប្រទេសទី១ នៅក្នុងតំបន់អាស៊ាន ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង អភិវឌ្ឍទៅលើបច្ចេកវិទ្យា 5G។
ក្រុមហ៊ុន HUAWEI នឹងបន្តសហការជាមួយក្រសួងស្ថាប័ន របស់រាជរដ្ឋាភិបាលកម្ពុជាបន្ថែមទៀត ព្រមទាំងពង្រឹងបន្ថែមជាមួយក្រសួងស្ថាប័ននានា ទៅលើវិស័យឌីជីថលនៅកម្ពុជា ដើម្បីចូលរួមប្រែក្លាយសេដ្ឋកិច្ចប្រទេសកម្ពុជា ទៅជាសេដ្ឋកិច្ចឌីជីថល (Digital Economic)៕