ភ្នំពេញ៖ វាគ្រាន់តែជាការសិក្សា និងពិគ្រោះយោបល់គ្នាតែប៉ុណ្ណោះ ចំពោះក្រុមហ៊ុនវិនិយោគចិនឈ្មោះ STM (Sino Tram Manufacturing Co.,Ltd) ដែលបានបង្ហញពីបំណងចង់វិនិយោគ សាងសងផ្លូវរថភ្លើងល្បឿនលឿន ពីភ្នំពេញទៅខេត្តកំពត នៅក្នុងជំនួបពិភាក្សាជាមួយ អភិបាលខេត្តកំពត លោក ជាវ តាយ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ ។

លោក ជាវ តាយ បានបញ្ជាក់ប្រាប់ទៅព័ត៌មានក្នុងស្រុកមួយថា ទីតាំងនៃផ្លូវរថភ្លើងល្បឿនលឿន ដែលគ្រោងនឹងសាងសង់មាន ៣ ជម្រើស រួមមាន៖ ទី១. សាង់សង់ផ្លូវរថភ្លើងល្បឿនលឿនថ្មី ដែលត្រូវសិក្សាអំពីតម្លៃក្នុងការសាងសង់។ ទី២. សាងសង់លើផ្លូវរថភ្លើងចាស់ ពីភ្នំពេញ-កំពត ដែលនឹងត្រូវពិភាក្សាជាមួយខាងក្រុមហ៊ុន Royal Railway Cambodia និងទី៣. នៅពេលធ្វើការសាងសង់ដំណើរការផ្លូវរថភ្លើងរួច ប្រគល់ឲ្យខាងក្រុមហ៊ុនវិនិយោចិនជាអ្នកគ្រប់គ្រងវិញ។
«នេះគ្រាន់តែជាកិច្ចពិភាក្សាលើដំបូង ដែលគ្រាន់តែសិក្សា និងពិគ្រោះយោបល់គ្នាតែប៉ុណ្ណោះ»។ នេះជាការបញ្ជាក់របស់លោកអភិបាលខេត្តកំពត។

លោក ឡាយ ទេពពិទូ ជំនួយការរបស់អភិបាលខេត្តកំពត បានប្រាប់ទៅសារព័ត៌មានថ្មីៗ ថា គោលបំណងដែលក្រុមហ៊ុនវិនិយោគចិននេះ ចង់មកវិយោគផ្លូវរថភ្លើងល្បឿនលឿននៅខេត្តកំពត គឺដោយសារខេត្តកំពត ជាទីតាំងតំបន់ទេសចរណ៍ និងមានមនុស្សកើនឡើងច្រើន បរិយាកាសល្អ ចំពោះភ្ញៀវទេសចរក៏កើនឡើងច្រើន និងសម្បូរទីតាំងតំបន់ទេសចរណ៍ ជាពិសេសខេត្តកំពត គ្រោងបង្កើតឆ្នេរកម្សាន្ដថ្មីមួយនាពេលខាងមុខនេះ។ ដូច្នេះគេជឿរថានឹងមានមនុស្សជាច្រើនចូលចិត្តតំបន់ថ្មីនេះ។
លោកជំនួយការ បានបន្តថា កត្តាមួយទៀតគឺ កត្តាសេដ្ឋកិច្ចនៅខេត្តកំពត មានសក្ដានុពលកើនឡើង ហើយតាមការសង្កេតមើលដីនៅខេត្តកំពត ក៏មានការតម្លៃកើនឡើងផងដែរ។ ហេតុនេះគេជឿថា មនុស្សគ្រប់គ្នាប្រាកដជាចូលចិត្ត កន្លែងថ្មី បរិយាកាសថ្មី នឹងមកទីតាំងខេត្តកំពតកាន់តែច្រើន។
ចំណែកក្រុមហ៊ុនចិន បានលើកឡើងថា គម្រោងសាងសង់ផ្លូវរថភ្លើង នៅលើផ្លូវជាតិចំកណ្ដាលទ្រូងផ្លូវ គឺដូចនៅប្រទេសចិន ដែលក្រុមហ៊ុនបានអះអាងថា ការសាងសង់បែបនេះ វាមិនបង្កឲ្យមានផលប៉ះពាល់នោះទេ។ គម្រោងសាងសង់រថភ្លើងល្បឿនលឿននេះ គឺក្រុមហ៊ុនចិនកំពុងសិក្សាពីរយៈចម្ងាយ និងជម្រើសទីតាំង២ គឺលើផ្លូវរថភ្លើងចាស់ និងផ្លូវជាតិលេខ៣៕