យោងតាមការព្យាកររបស់ក្រុមហ៊ុន Goldman Sach ប្រាក់ចំណេញរបស់ក្រុមហ៊ុន Apple នឹងធ្លាក់ចុះជិត ៣០% បើប្រទេសចិន ធ្វើការហាមឃាត់ផលិតផលរបស់ក្រុមហ៊ុន Apple ទាំងស្រុងនោះ។
ក្រុមហ៊ុន Apple នឹងបាត់បង់ប្រាក់ចំណូលសុទ្ធរបស់ខ្លួន ចំនួន ១៥ ពាន់លានដុល្លារក្នុងមួយឆ្នាំ។
ការព្យាករនេះបានធ្វើឡើង ក្រោយពីភាពតានតឹងផ្នែកពាណិជ្ជកម្ម បានកើនឡើងរវាងប្រទេសអាមេរិកនិងប្រទេសចិន ដែល កាលពីដើមខែនេះលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) បានដំឡើងពន្ធលើការនាំចូលរបស់ចិនចំនួន ២០០ ពាន់លានដុល្លារ បន្ទាប់ពីការចរចាបរាជ័យ។ លើសពីនេះទៀតលោក ដូណាល់ ត្រាំ បានកត់សម្គាល់ឃើញថាមានសក្តានុពលក្នុងការបង្កើនពន្ធ លើទំនិញបន្ថែមចំនួន ៣២៥ ពាន់លានដុល្លារទៀត ប្រសិនបើមិនអាចឈានទៅដល់កិច្ចព្រមព្រៀងណាមួយនោះទេ។

ហើយនៅសប្តាហ៍នេះ លោក ដូណាល់ ត្រាំ បានបង្កើតមូលដ្ឋានគ្រឹះ សម្រាប់ការហាមឃាត់ក្រុមហ៊ុនទូរគមនាគមន៍ចិន Huawei មិនឲ្យទទួលបាននូវគ្រឿងបន្លាស់ផ្គត់ផ្គង់ ឬសេវាកម្មពីក្រុមហ៊ុនអាមេរិក ដូចជាក្រុមហ៊ុន Google និងក្រុមហ៊ុន Qualcomm ជាដើម។ សកម្មភាពទាំងនេះបាននាំឱ្យមានការប្រែប្រួលទីផ្សារភាគហ៊ុនយ៉ាងសំខាន់ គឺភាគហ៊ុនរបស់ក្រុមហ៊ុនបច្ចេកវិទ្យា បានធ្លាក់ចុះដោយសារតែព័ត៌មាននេះ ហើយក្រោយមកក៏មានស្ថិរភាពឡើងវិញ បន្ទាប់ពីការហាមឃាត់ ត្រូវបានពន្យាពេលរយៈពេល៩០ ថ្ងៃ តែភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានធ្លាក់ចុះជិត ២% កាលពីថ្ងៃពុធ។
ការឆ្លើយតបមួយ ត្រូវបានគេកំពុងរំពឹងទុកពីរដ្ឋាភិបាលចិន ដែលអាចនឹងជះឥទ្ធិពលខ្លាំងជាងនេះ នៅលើទីផ្សារនានាក្នុងពិភពលោក។
នៅក្នុងរបាយការណ៍ស្រាវជ្រាវ បានសរសេរថា៖ “វិនិយោគិនបានចោទសួរ អំពីការប៉ះពាល់ផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Apple ប្រសិនបើប្រទេសចិន ហាមឃាត់ផលិតផលរបស់ក្រុមហ៊ុន Apple លក់នៅទីនោះ ដើម្បីជាការសងសឹក ចំពោះអាមេរិកវិញ ដែលបានធ្វើមកលើក្រុមហ៊ុន Huawei”។

ក្រៅពីជម្លោះពាណិជ្ជកម្ម ក្រុមហ៊ុន Apple កំពុងប្រឈមមុខនឹងការលំបាកយ៉ាងខ្លាំង សម្រាប់ទីផ្សារនៅក្នុងប្រទេសចិន ដោយសារតែតម្រូវការទូរស័ព្ទរបស់ក្រុមហ៊ុន Apple បានធ្លាក់ចុះ ស្របពេលដែលមានការប្រកួតប្រជែងកើនឡើងពីក្រុមហ៊ុនផលិតស្មាតហ្វូនមានតម្លៃថោកសមរម្យ ដូចជា Huawei និង Xiaomi ជាដើម។ នៅក្នុងខែមករា ក្រុមហ៊ុន Apple បានចេញនូវការព្រមានផ្នែកលក់ដំបូងរបស់ខ្លួន ក្នុងរយៈពេលជាងមួយទសវត្សរ៍ ដោយលើកឡើងពីការធ្លាក់ចុះនៃការលក់ iPhone នៅក្នុងទីផ្សារប្រទេសចិន។
សម្រាប់ក្រុមហ៊ុន Apple នឹងមានហានិភ័យបន្ថែមទៀត ប្រសិនបើជម្លោះពាណិជ្ជកម្មកាន់តែកើនឡើង។ អ្វីដែលគួរអោយកត់សំគាល់បំផុតនោះគឺថា រោងចក្រផលិត iPhone ភាគច្រើនរបស់ក្រុមហ៊ុន គឺស្ថិតនៅក្នុងប្រទេសចិន។
របាយការណ៍ដដែលនេះបាននិយាយថា៖ “ប្រសិនបើចិនដាក់កម្រិត សម្រាប់ការផលិត iPhone តាមមធ្យោបាយណាមួយនោះ យើងជឿថាក្រុមហ៊ុននឹងមិនអាចធ្វើការបង្វែរការផលិត iPhone ទៅរោងចក្រស្ថិតនៅខាងក្រៅប្រទេសចិន ក្នុងពេលឆាប់ៗនេះទេ អាចមានផលប៉ះពាល់អវិជ្ជមានដល់ក្រុមហ៊ុន Apple ហើយប៉ះពាល់ ដល់ប្រព័ន្ធអេកូបច្ចេកវិទ្យា ក៏ដូចជាការងារនៅក្នុងស្រុករបស់ចិន ផងដែរ”៕