សម្តេចក្រឡាហោម ស ខេង៖ ត្រូវបញ្ចប់ការចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមខារ៉ាអូខេ និងក្លឹបកំសាន្ត

1842

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជា ដល់កងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធទូទាំង២៥រាជធានី-ខេត្ត ត្រូវបញ្ចប់បទល្មើស​ ការចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមខារ៉ាអូខេ និងក្លឹបកំសាន្ត នៅឆ្នាំ២០១៩នេះ។

បទបញ្ជា របស់សម្តេចក្រឡាហោម ស ខេង ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩នេះ នៅក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩នេះ។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ

បន្ថែមពីនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញបញ្ជាមួយទៀត គឺហាមមិនឲ្យកម្លាំងនគរបាល ទៅយាមនៅទីតាំងកាស៊ីណូ ខារ៉ាអូខេ និងក្លឹបកំសាន្តនានា ព្រោះវាហាក់ដូចជា យកកម្លាំងនគរបាលទៅយាមកន្លែងគ្រឿងញៀន ហើយនៅពេលនេះ ក្រសួងកំពុងធ្វើសេចក្តីព្រាងច្បាប់ ពាក់ព័ន្ធរឿងនេះផងដែរ។

អ្នកប្រើប្រាស់គ្រឿងញៀន ដែលត្រូវចាប់ខ្លួន

នៅក្នុងឆ្នាំ២០១៩នេះ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការចុះបង្ក្រាបករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅក្នុងខារ៉ាអូខេ និងក្លឹបកំសាន្ត ជាបន្តបន្ទាប់ ដោយឃាត់ខ្លួនមនុស្សរាប់រយនាក់។ ជាក់ស្ដែងកាលពីប៉ុន្មានថ្ងៃមុននេះ កម្លាំងនគរបាល បានចូលទៅបង្ក្រាបគ្រឿងញៀននៅក្នុងក្លឹបកំសាន្ត មួយដែលមានឈ្មោះថា “លុច្សសារី” ដែលមានទីតាំងនៅក្នុង ខណ្ឌដូនពេញ ដោយបានធ្វើការឃាត់មនុស្សជាង ៤០០នាក់ ហើយរកឃើញមនុស្សជិត ១០០នាក់ មានសារធាតុញៀនក្នុងខ្លួន។​ ម្ចាស់ក្លឹប និងមនុស្សពាក់ព័ន្ធ ត្រូវបានចាត់វិធានការតាមច្បាប់ នៅពេលនេះ៕