ភ្នំពេញ៖ ក្នុងរយៈពេល ២ខែចុងក្រោយនេះ តម្លៃសាច់ជ្រូក នៅលើកទីផ្សារ បានកើនឡើងពី ១៦,០០០ រៀល ក្នុងមួយគីឡូក្រាម មក ២០,០០០ រៀល ក្នុងមួយគីឡូក្រាម ដោយសារតែខ្វះខាតសត្វជ្រូក យកមកសម្លាប់យកសាច់ ដើម្បីផ្គត់ផ្គង់នៅក្នុងទីផ្សារ។
ហេតុអ្វីបានជាខ្វះខាត សាច់ជ្រូក ផ្គត់ផ្គង់នៅក្នុងទីផ្សារ?
បន្ទាប់ពីមានការផ្ទុះឡើង នូវជំងឺប៉េសជ្រូកអាហ្វ្រិក (ASF) នៅក្នុងប្រទេសវៀតណាម អាជ្ញាធរប្រទេសកម្ពុជា បានធ្វើការហាមប្រាម មិនឲ្យមានការនាំចូលសត្វជ្រូកពីប្រទេសវៀតណាម ព្រោះអាចនាំមកជាមួយនូវជំងឺប៉េសនេះ ដល់កម្ពុជា។
ការហាមប្រាមនេះ ក៏បានបង្កើនការរឹតបន្ដឹង នូវការនាំចូលហួសប្រមាណ នៃសត្វជ្រូកផង និងការនាំចូលខុសច្បាប់នានា តាមច្រកព្រំដែនផងដែរ។

ជារៀងរាល់ថ្ងៃដើម្បីផ្គត់ផ្គង់ តម្រូវការទីផ្សារ ប្រទេសកម្ពុជាបាននាំចូលសត្វជ្រូកប្រមាណជា ១០០០ក្បាល ពីប្រទេសវៀតណាម។ បន្ទាប់ពីមានការហាមឃាត់ មិនឲ្យនាំចូលសត្វជ្រូកពីប្រទេសវៀតណាម កម្ពុជា បាននាំចូលសត្វជ្រូកពីប្រទេសថៃ ដែលមិនបានឆ្លងជំងឺប៉េស វិញម្ដង ដើម្បីបំពេញតម្រូវការប្រចាំថ្ងៃ។
ជាធម្មតា នៅពេលដែល តម្រូវការកើនឡើង ហើយការផ្គត់ផ្គង់ធ្លាក់ចុះនោះ តម្លៃនៃផលិតផលនោះ នឹងកើនឡើងនូវតម្លៃរបស់វាដោយខ្លួនឯង។

ជាក់ស្ដែង កាលណាមានពុំមានការនាំចូលមកច្រើន ទីសត្វឃាត ក៏ពុំអាចទិញសត្វជ្រូកបានច្រើន និងឲ្យតម្លៃថោកដូចមុនទៀតដែរ។ ដូចនេះ ការផ្គត់ផ្គង់សាច់ត្រូវបានធ្លាក់ចុះ អមដោយតម្លៃក៏កើនឡើងទៅតាមនោះដែរ។
យោងតាមសមាគមអ្នកចិញ្ចឹមជ្រូកកម្ពុជា បានឲ្យដឹងថា ប្រទេសកម្ពុជា ត្រូវការសត្វជ្រូកពី ៥.០០០ ទៅ ៦.០០០ ក្បាលក្នុងមួយថ្ងៃ។ ក្នុងនោះប្រមាណជា ៣០ ភាគរយ ត្រូវនាំចូលមកពីប្រទេសថៃ និងវៀតណាម៕