មូរ សុខ​ហួរ មនុស្ស​ជំនិត សម រ​ង្ស៉ី ៖ អាជ្ញាធរ​ថៃ​ពិតជា មិន​អនុញ្ញាតឱ្យ​ ​ចូល​ប្រទេស​ថៃ​មែន

1807

​​លោកស្រី មូរ សុខ​ហួរ អតីត​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជាម​នុស្ស​ជំនិត​របស់លោក សម រ​ង្ស៉ី ​បាន​ប្រាប់​ ​​វិទ្យុ​អាស៊ីសេរី​ ថា​ ​ពិតជា​ត្រូវ​នគរបាល​អន្តោរ​ប្រវេ​ស​ថៃ មិន​អនុញ្ញាត​ឱ្យចូល​ទៅកាន់​ប្រទេស​ថៃ​ពិតប្រាកដ​មែន​។​

​លោកស្រី មូរ សុខ​ហួរ​ ​បាន​និយាយថា​៖ “​អញ្ចឹង​ប្រទេស​ថៃ ក៏​ជាការ​ខិតខំ​របស់​យើង ប្រទេស​ម៉ា​ឡេ​ក៏​ជាការ​ខិតខំ​របស់​យើង ប្រទេស​ឥណ្ឌូនេស៊ី ទាំងអស់​ដែលជា​ច្រក​យើង​អាច​ចូលទៅ​ប្រទេស​របស់​យើង​វិញ ដូច្នេះ​រឿង​ដែល​គេ​មិនឱ្យ​ខ្ញុំ​ចូល​គឺជា​ការពិត​”​។​

​សូមបញ្ជាក់ថា នគរបាល​អន្តោប្រវេសន៍​ថៃ កាលពី​រសៀល​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៩ បាន​បិទ​មិនឱ្យ​លោកស្រី មូរ សុខ​ហួរ ហោះចូល​ទៅកាន់​ប្រទេស​របស់ខ្លួន​នោះទេ ដោយសារតែ​លោកស្រី​មានឈ្មោះ​នៅក្នុង​បញ្ជីខ្មៅ​ជាមួយ​ទណ្ឌិត សម រ​ង្ស៉ី​។​

​លោក កេ​ត សោ​ផាន់ អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានបញ្ជាក់​ប្រាប់​បណ្តាញ​ព័ត៌មាន Fresh News ឱ្យដឹងថា នៅ​ថ្ងៃ​២០ ខែតុលា ឆ្នាំ​២០១៩ ឈ្មោះ មួរ សុខ​ហួរ បានចេញ​ដំណើរ​ពី​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី កាលពី​ម៉ោង ០៣៖០៤​រសៀល​នាទី (​តាម​ជើងយន្តហោះ MH782) ហើយ​បានមក​ដល់ទី​ក្រុង​បាងកក នៅ​ម៉ោង​៤៖៣៤​រសៀល​។​

​លោក កេ​ត សោ​ផាន់ បាន់​បញ្ជាក់់ថា «​ពេលមកដល់​ប៉ុស្តិ៍​ត្រួតពិនិត្យ នគរបាល​អន្តោប្រវេសន៍​ថៃ បាន​ហាមឃាត់​មិន​ឲ្យ​ចូល​ដោយសារ​មានឈ្មោះ​ក្នុង​បញ្ជីខ្មៅ​។ សមត្ថកិច្ច​ថៃ​ក៏បាន​ចារ​ពាក្យ​ហាមឃាត់​មិន​ឲ្យ​ចូល​លើ​លិខិតឆ្លងដែន​របស់​ឈ្មោះ មួរ សុខ​ហួរ​។ ឈ្មោះ​មួរ សុខ​ហួរ បាន​ចាក​ចេញពី​ថៃ ទៅ​ម៉ាឡេស៊ី​វិញ នៅ​ម៉ោង ៨៖១០​នាទី​យប់ តាម​ជើងហោះហើរ MH781»​។​

​លោកស្រី មូរ សុខ​ហួរ ជា​អតីត​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​បុគ្គល​សំខាន់​មួយរូប ក្នុងការ​ចូលរួម​រៀបចំ​ផែន​ការធ្វើ​រដ្ឋប្រហារ​ខុសច្បាប់​របស់ លោក សម រ​ង្ស៉ី ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​របស់​កម្ពុជា​។​

​ជាមួយនឹង​ការប្រកាស​អំពី​ផែនការ​ផ្តួលរំលំ តាមរយៈ​ការវិលត្រឡប់​មកកាន់​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​នោះ លោក សម រ​ង្ស៉ី ដែល​ប្រើប្រាស់​តួនាទី​ជា​ប្រធានស្តីទី នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បានប្រកាស​យ៉ាង​គឃ្លើន​ប្រឆាំងនឹង​រដ្ឋធម្មនុញ្ញ ដោយ​រៀបចំ​ផ្តល់​ថវិកា​ដល់​កងទ័ព​ដែល​ផ្តាច់ខ្លួន​ពី​រាជរដ្ឋាភិបាល ដើម្បី​ចូលរួម​ការផ្តួលរំលំរ​បស់​ខ្លួន ព្រមទាំង​អំពាវនាវ​ដល់​ព្រះមហាក្សត្រ ឱ្យ​ដាក់​រាជ​ថែមទៀត​។​

​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ កាលពី​ខែ​មុន​នោះ បាន​បញ្ជូន​សាលដីកា​អំពី​ការចាប់ខ្លួន​លោក សម រ​ង្ស៉ី និង​បក្ខពួក​ទៅកាន់ ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំងអស់​រួចហើយ​។​

​អាជ្ញាធរ​ឡាវ និង​ថៃ បានប្រកាស​ជំហរ​ផងដែរ​ថា នឹងមិន​អនុញ្ញាតឱ្យ​ក្រុម​ណាមួយ ដោយ​សំដៅលើ​ក្រុម​របស់​ទណ្ឌិត សម រ​ង្ស៉ី ប្រើប្រាស់​ទឹកដី​របស់ខ្លួន​ដើម្បី​ធ្វើ​រដ្ឋប្រហារ​ប្រឆាំង​ប្រទេស​កម្ពុជា​នោះឡើយ​។​

​ផ្អែក​តាម មាត្រា​២ នៃ​ធម្មនុញ​អាស៊ាន បាន​ចែងថា រដ្ឋ​ជា​សមាជិក​អាស៊ាន មិនត្រូវ​ចូលរួម​ក្នុង​គោលនយោបាយ ឬ​សកម្មភាព​ណាមួយ ដែល​រួមមាន​ការដាក់ឱ្យ​ប្រើប្រាស់​នូវ​ទឹកដី​របស់ខ្លួន​ឱ្យ​រដ្ឋ​សមាជិក​អាស៊ាន ឬ​រដ្ឋ​មិនមែនជា​សមាជិក​អាស៊ាន ឬ​ឱ្យ​តួអង្គ​ដទៃទៀត​ដែល​ពុំមែន​ជា​រដ្ឋ គំរាម​គំហែង​ដល់​អធិបតេយ្យភាព បូរណភាព​ទឹកដី ឬ​ស្ថិរភាព​សេដ្ឋកិច្ច និង​នយោបាយ​របស់​រដ្ឋ​សមាជិក​អាស៊ាន​ណាមួយ​ឡើយ​៕​