កឹម សុខា មាន​ជំហរ​ ​មិន​គាំទ្រ​ផែនការ​ ​បង្ក​ហិង្សា​ ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ របស់ សម រ​ង្ស៉ី​

1413

​លោក យ៉ែម ប៉ុ​ញ្ញា​រិ​ទ្ធ អតីត​អ្នកនាំពាក្យ និង​ជា​អតីតមន្ត្រី​ជាន់ខ្ពស់​ គណ​បក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែងថា​រហូតមក​ដល់ពេលនេះ លោក កឹម សុខា នៅតែ​ប្រកាន់​គោលការណ៍​អហិង្សា ហើយ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី ក្រោម​ដំបូល​ខ្មែរ​តែមួយ ហើយ​លោក​ចាត់ទុកថា ការបង្ក​ហិង្សា ដោយ​ការប្រកាស​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ដោយ​ក្រុម​របស់ លោក សម រ​ង្ស៉ី គឺជា​ក្រុម​ហិង្សា និង​រឿង​បុគ្គល​តែប៉ុណ្ណោះ​។​

​លោក យ៉ែម ប៉ុ​ញ្ញា​រិ​ទ្ធ អតីត​អ្នកនាំពាក្យ និង​ជា​អតីតមន្ត្រី​ជាន់ខ្ពស់​គណ​បក្ស​សង្គ្រោះ​ជាតិ បានផ្តល់​បទ​សម្ភាស​ដ​ល់​គេហទំព័រ The Cambodia Daily ​កាលពី​ថ្ងៃអាទិត្យ​កន្លងទៅនេះ​ថា លោក កឹម សុខា តែងតែ​បញ្ជាក់​ពី​ជំហរ​របស់លោក ដោយ​ប្រកាន់​គោលការណ៍ ទីក្រុង​ប៉ារីស គឺ​គោលការណ៍​គោរព​សិទ្ធិមនុស្ស និង​គោលការណ៍​អហិង្សា ដូច្នេះ​អ្វីដែល​លោក​តែង​តែង​លើកឡើង មានការ​បញ្ជាក់​ជំហរ និង​គោលដៅ​ច្បាស់លាស់ គឺ​ដោះស្រាយ​ដោយ​សន្តិវិធី អហិង្សា ហើយ​រស់នៅ​ក្រោម​ដំបូល​ខ្មែរ​តែមួយ​។​

​លោក យ៉ែម ប៉ុ​ញ្ញា​រិ​ទ្ធ​ ​បាន​បន្ថែមថា «​យើង​មិន​ចង់​មានការ​រើសអើង ផាត់​ក្រុម​នេះ​ក្រុម​នោះ មាន​ឯង​អត់​អញ មាន​អញ​អត់​ឯង មិនមែនជា​ទស្សនៈ​រប​ស់ លោក កឹម សុខា​ទេ​»​។​

​ការ​ចេញមក​បញ្ជាក់​ជំហរ​របស់ អតីតមន្ត្រី​ជាន់ខ្ពស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើឡើង​បន្ទាប់ពី លោក សម រ​ង្ស៉ី និង​អតីតមន្ត្រី​ជាន់ខ្ពស់​គណ​បក្ស សង្គ្រោះ​ជាតិ​មួយចំនួនទៀត បានប្រកាស​ធ្វើ​រដ្ឋប្រហារ​ខុសច្បាប់ ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​របស់​កម្ពុជា នៅ​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​ខាងមុខនេះ ចំ​នឹង​បុណ្យ​ឯករាជ្យ​ជាតិ​។ ទន្ទឹមនឹង​ការប្រកាស​ធ្វើ​រដ្ឋប្រហារ លោក សម រ​ង្ស៉ី ដែល​ប្រើប្រាស់​តួនាទី​ជា​ប្រធានស្តីទី នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បានប្រកាស​រៀបចំ​ថវិកា​ដល់​កងទ័ព​ដែល​ផ្តាច់ខ្លួន​ពី​រាជរដ្ឋាភិបាល ដើម្បី​ចូលរួម​ការផ្តួលរំលំ​នេះ ព្រមទាំង​អំពាវនាវ​ដល់​ព្រះមហាក្សត្រ​ឱ្យ​ដាក់​រាជ​ថែមទៀត​។​

​លោក យ៉ែម បុញ្ញឫទ្ធិ បាន​ហៅ​សកម្មភាព​របស់ លោក សម រ​ង្ស៉ី និង​បក្ខពួក​នាពេលនេះ គឺ​អនុវត្ត​ខុស​នឹង​គោលជំហរ​របស់​គណបក្ស​ដែល​កំណត់​រួមគ្នា​តាំងពីដើម​មក​។​

​លោក​បញ្ជាក់ថា «​ជា​ជំហរ​របស់ (​អតីត​)​គណបក្ស​សង្គ្រោះ​ជាតិ ដែលមាន​លោក កឹម សុខា ជា​ប្រមុខ​ដឹកនាំ គឺ​យើង​នៅតែ​រក្សា​គោលការណ៍​របស់​គណបក្ស តាម​អ្វីដែល​យើង​បានកំណត់​ជាមួយគ្នា​ក្នុងការ​ដឹកនាំ ដូច្នេះ​រឿង​មួយ​ដែល​សំខាន់បំផុត ទាល់តែ​យើង​ជា​ថ្នាក់ដឹកនាំ ក៏ដូចជា​សមាជិក ក្រុមគាំទ្រ អនុវត្ត​គោលការណ៍​របស់​គណបក្ស​ឱ្យបាន​ពេញលេញ ហើយ​មុននឹង​ការផ្លាស់ប្តូរ​យុទ្ធសាស្ត្រ​អ្វីមួយ ទាល់តែ​មានការ​ជជែក​គ្នា ក៏ប៉ុន្តែ​ទាំងអស់គ្នា រហូតមកដល់​ពេលនេះ លោក កឹម សុខា នៅតែ​បញ្ជាក់​ហើយ​បញ្ជាក់ទៀតថា គោលការណ៍​របស់​គណ​បក្ស​គឺ​អហិង្សា មិន​យក​ខ្មែរ​ណា​ជាស​ត្រូវ​»​។​

​លោក​បាន​គូសបញ្ជាក់ថា «​ចំពោះ​ការដើរ​ប្រាស់ចាក​ផុត​ឆ្ងាយ​ពី គោលការណ៍​គណបក្ស​សង្គ្រោះ​ជាតិ​នោះ អាហ្នឹង​ចំពោះ​យើងខ្ញុំ វា​ជា​រឿង​បុគ្គល​ទៅវិញ​ទេ វា​មិន​ពាក់ព័ន្ធ​អ្វី​ដែលជា​គណបក្ស​ទេ​»​។​

​ពាក់ព័ន្ធ​នឹង​សកម្មភាព​របស់ លោក សម រ​ង្ស៉ី និង​បក្ខ​ពួកនេះ រាជរដ្ឋាភិបាល​កម្ពុជា ស្ថាប័ន​តុលាការ កងកម្លាំង​សមត្ថកិច្ច និង​កងទ័ព​គ្រប់​លំដាប់ថ្នាក់ ចាត់ទុកថា​ជា​អំពើ​ល្មើសច្បាប់​ដ៏​ធ្ងន់ធ្ងរ​បំផុត ដែល​បង្ក​គ្រោះថ្នាក់ ភាពវឹកវរ​ដល់​ប្រទេសជាតិ និង​ប្រជាពលរដ្ឋ ហើយ​ប្រកាស​ចាត់វិធានការ​តាមច្បាប់ និង​តួនាទី ដើម្បី​ការពារ​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​សង្គម​។​

​រហូតមកដល់​ពេលនេះ បក្ខពួក​របស់ លោក សម រ​ង្ស៉ី ដែល​ចាត់​ចូល​ជា​ក្រុម​ឧទ្ទាម ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន និង​ចោទប្រកាន់​ជា​បន្តបន្ទាប់​ពីបទ​រួមគំនិត​ក្បត់ ដែល​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ​ពី​៥ ទៅ​១០​ឆ្នាំ​។ អ្នក​ដែល​ត្រូវ​ចោទប្រកាន់​ទាំងនោះ ភាគច្រើន​បាន​ទៅ​ចូលរួម​ទទួលយក​ផែនការ​ពី លោក សម រ​ង្ស៉ី នៅ​ប្រទេស​ម៉ាឡេស៊ី កាលពី​ពាក់កណ្តាល​ខែសីហា ដើម្បី​យកមកអនុវត្ត ក្នុងការ​កៀរគរ​កម្លាំង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​។​

​យ៉ាងណាក៏ដោយ រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​យុត្ត​ធម៌ បានប្រកាស​ផងដែរ​ថា អ្នក​ដែល​ឃុបឃិត ឬ​ពាក់ព័ន្ធ​ផែនការ​នេះ នឹងត្រូវ​ទទួលទោស​។ ចំណែកឯ​អ្នក​មានការ​ភ្ញាក់រលឹក​ដឹងខ្លួន ហើយ​ចេញមក​សារភាព នឹង​អនុញ្ញាតឱ្យ​រួច​ផុតពី​ទោស​៕​