សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​ដកហូត​សិទ្ធិ​ប្រមូល​សំរាម​ពី​ក្រុមហ៊ុន​ស៊ិន​ទ្រី​ ​ដោយសារ​អសមត្ថភាព​ក្នុង​ការងារ​

1985

​ភ្នំពេញ​៖ ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានប្រកាស​ដកហូត​សិទ្ធិ​ប្រមូល​សំរាម​ពី​ក្រុមហ៊ុន​ស៊ិន​ទ្រី​ដើម្បី​ឲ្យ​រដ្ឋ​កាន់កាប់​សិន​ ​ព្រោះ​គ្មាន​ប្រសិទ្ធិភាព​ធ្វើការ​ងារ ហើយ​សម្តេច​បញ្ជាក់ថា ការប្រមូល​សំរាម​នៅ​រាជធានី​ភ្នំពេញ ត្រូវ​ដាក់ឱ្យ​ដេញថ្លៃ​ជាថ្មី ដោយ​ត្រូវមាន​ក្រុមហ៊ុន ៣ ឬ​៤​ក្រុមហ៊ុន សម្រាប់​ការប្រមូល​សំរាម​នៅ​រាជធានី​ភ្នំពេញ​។​

​ការប្រកាស​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បានធ្វើ​ឡើង នៅ​ព្រឹក​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៩ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​ជាង​៤​ពាន់​នាក់ មកពី​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ (BBU) នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា ក្រុមហ៊ុន​ស៊ិន​ទ្រី​តែមួយ​មិនអាច​ប្រមូល​សំរាម​នៅ​ភ្នំពេញ​មាន​ប្រសិទ្ធភាព​នោះឡើយ ត្រូវមាន​ក្រុមហ៊ុន​យ៉ាងតិច​៣ ឬ​៤​ជាការ​ល្អ ប្រតិបត្តិការ​ក្នុងការ​ប្រមូល​សំរាម​នៅ​រាជធានី​ភ្នំពេញ​។​

​ក្រុមហ៊ុន​ស៊ីន​ទ្រី (​ខេ​ម​បូ​ឌា​) គឺជា​ក្រុមហ៊ុន​ឯកជន​មួយ ដែល​ត្រូវបាន​បង្កើតឡើង នៅក្នុង​ខែសីហា ឆ្នាំ​២០០២ ដើម្បី​សំអាត ប្រមូល និង​ដឹកជញ្ជូន​សំរាម សំណល់​រឹង​ក្នុង​រាជធានី​ភ្នំពេញ​។​

​កន្លងមក ជាពិសេស​រយៈពេល​ប៉ុន្មាន​ខែ​មកនេះ ប្រជាពលរដ្ឋ​ជាច្រើន បាន​រអ៊ូរទាំ មិន​ពេញចិត្ត​ចំពោះ​សេវាកម្ម​ប្រមូល​សំរាម របស់​ក្រុមហ៊ុន​នេះ ដោយសារតែ​មានការ​អាក់ខាន​មិន​ទៀងទាត់ ធ្វើឱ្យប៉ះពាល់​ដល់​ការរស់នៅ​របស់​ពួកគេ​។​

​ជាមួយនឹង​ការផ្តល់​អនុសាសន៍​ពាក់ព័ន្ធ​នឹង​រឿង​សំរាម សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើក​គំនិត​ឱ្យ​សិក្សា​ធ្វើ​ចំណតរថយន្ត​សាធារណៈ​នៅតាម​សួនច្បារ​នានា ដើម្បី​សម្រួល​ការចត​រថយន្ត​។ សម្តេច​ថ្លែងថា បើ​ប្រជាពលរដ្ឋ​ហូប ហើយ​មិន​បោះ​ពាសវាល​ពាសកាល​មិន​ធ្វើឱ្យ​សំរាម​រាយប៉ាយ​នោះឡើយ​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងបន្តថា ប្រជាពលរដ្ឋ​ត្រូវ​ចេះ​ការពារ​រាជធានី​ភ្នំពេញ​របស់ខ្លួន ដោយ​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជា​ឱ្យ​សិក្សា​បង្កើត​រោងចក្រ​អគ្គិសនី​ដោយ​ប្លែង​ពី​សំរាម បើ​ទោះ​ថ្លៃ​បន្តិច​ក៏​រដ្ឋ​ចេញ​ខាត​ដែរ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​បង្គាប់​ទៅ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ឱ្យ​ប្រមូល​ក្រុមយុវជន​ដែល​សហការ​ជាមួយ​ក្រសួងបរិស្ថាន ចេញ​ប្រតិបត្តិ​ការសំអាត សំរាម​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ផងដែរ​៕​