ភ្នំពេញ៖ តើគណបក្សសង្គ្រោះជាតិ កំពុងតែមានការបែកបាក់ផ្ទៃក្នុងឬយ៉ាងណា ឬក៏ជាយុទ្ធសាស្ត្រថ្មី? តើអនាគតរបស់បក្សប្រឆាំងមួយនេះ នឹងទៅជាយ៉ាងណា? ពីព្រោះបើតាមការឲ្យដឹងពីអ្នកនាំពាក្យរបស់ក្រសួងមហាផ្ទៃ បានប្រាប់ទៅ សារព័ត៌មានកោះសន្តិភាពថា នឹងមានមន្ត្រីអតីតគណបក្សសង្គ្រោះជាតិ ប្រមាណ២៦រូប ដែលត្រូវបានតុលាការកំពូលហាមឃាត់ធ្វើនយោបាយកន្លងមកនោះ នឹងដាក់ពាក្យស្នើរសុំសិទ្ធិធ្វើនយោបាយឡើងវិញ ជាមួយគ្នានេះដែរ លោក កូយ សៅ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឱ្យសមត្ថកិច្ច តាមចាប់ខ្លួនលោក សម រង្ស៉ី, លោក អេង ឆៃអ៊ាង, លោកស្រី មូរ សុខហួរ, លោក អ៊ូ ច័ន្ទឫទ្ធិ, លោក ហូ វ៉ាន់, លោក ឡុង រី, លោក ម៉ែន សុថាវរិន្ទ្រ និង លោក តុ វ៉ាន់ចាន់។
លោក រៀល ខេមរិន្ទ្រ បានដាក់ពាក្យសុំសិទ្ធិធ្វើនយោបាយឡើងវិញ ហើយត្រូវបានលោក ខៀវ សុភ័ក អ្នកនាំពាក្យរបស់ក្រសួងមហាផ្ទៃ បញ្ជាក់ថាគឺវាជាការពិត និងត្រូវបានគេដកស្រង់សម្ដីរបស់លោកថា៖ “ពិតហើយលោក រៀល ខេមរិន្ទ្រ សុំសិទ្ធិធ្វើនយោបាយឡើងវិញ ហើយសម្តេចក្រឡាហោម ស ខេង បានយល់ព្រម ។ គាត់បានសុំកាលពីថ្ងៃទី១៤ ខែមីនា កន្លងមក ។ ឥឡូវសម្តេចឯកភាពហើយ ប៉ុន្តែនៅរង់ចាំព្រះរាជក្រឹត្យមួយទៀតទើបទទួលបានសិទ្ធិជាស្ថាពរព្រោះថា ជាគោលការណ៍រាជរដ្ឋាភិបាលឯកភាពហើយ”។

លោក រៀល ខេមរិន្ទ្រ បានដាក់ពាក្យស្នើសុំនីតិសម្បទា ធ្វើនយោបាយឡើងវិញ ដោយលោកមានបំណងបង្កើតគណបក្សនយោបាយថ្មីមួយ ដើម្បីចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោត ឆ្នាំ២០២២ – ២០២៣ ខាងមុខនេះ ហើយត្រូវបានរងការរិះគន់ជាបន្តបន្ទាប់ ពីសំណាក់មន្ត្រីនៃអតីតគណបក្សសង្គ្រោះជាតិផ្សេងទៀតផងដែរ។
សូមបញ្ជាក់ថា លោក រៀល ខេមរិន្ទ្រ គឺជាអ្នកទី៤ នៃអតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដែលបានដាក់លិខិតស្នើសុំសិទ្ធិធ្វើនយោបាយ បន្ទាប់ពី លោក ស៊ីម សុវណ្ណនី ហៅ ស៊ីម វ៉ាន់នី ដែលជាអតីតសមាជិកគណៈកម្មាធិការនាយក របស់អតីតគណបក្សសង្គ្រោះជាតិ ដែលទទួលបាននីតិសម្បទានយោបាយ បន្ទាប់ពី លោក គង់ គាំ អតីតទីប្រឹក្សាជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ និង លោក គង់ បូរ៉ា អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ។

ចំណែកឯលោក សម រង្ស៉ី, លោក អេង ឆៃអ៊ាង, លោកស្រី មូរ សុខហួរ, លោក អ៊ូ ច័ន្ទឫទ្ធិ, លោក ហូ វ៉ាន់, លោក ឡុង រី, លោក ម៉ែន សុថាវរិន្ទ្រ និង លោក តុ វ៉ាន់ចាន់ ដែលបច្ចុប្បន្ននេះអ្នកទាំងអស់កំពុងរស់នៅក្រៅប្រទេស ត្រូវបានតុលាការចោទប្រកាន់ពីបទ «រួមគំនិតក្បត់ និងញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍» បន្ទាប់ពី លោក សម រង្ស៉ី និងបក្ខពួក បានញុះញង់ឱ្យប្រជាពលរដ្ឋ និងទាហាន ងើបប្រឆាំងរាជរដ្ឋាភិបាល។
មហាជនកំពុងរងចាំមើល ថាតើវាសនារបស់គណបក្សសង្គ្រោះជាតិ នឹងក្លាយទៅជាយ៉ាងណានាពេលខាងមុខនេះ៕