ភ្នំពេញ៖ ប្រទេសកម្ពុជា និងប្រទេសវៀតណាម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង នៃកិច្ចសហប្រតិបត្តិការចំនួន៣ ក្នុងផ្នែកសេវាប្រៃសណីយ៍ និងប្រព័ន្ធទូរគមនាគមន៍, សុវត្ថិភាពព័ត៌មាន និងហត្ថលេខាឌីជីថល (digital signature) បន្ទាប់ពីកិច្ចប្រជុំទ្វេភាគីរវាង លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងលោក Nguyen Manh Hung រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងគមនាគមន៍របស់ប្រទេសវៀតណាម នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែមីនាកន្លងទៅនេះ។
នៅក្នុងកិច្ចព្រមព្រៀងនោះ វៀតណាមនឹងបង្កើនកិច្ចសហប្រតិបត្តិការ ផ្នែកប្រៃសណីយ៍ជាមួយប្រទេសកម្ពុជា តាមរយៈការបើកការិយាល័យប្រៃសណីយ៍នៅច្រកព្រំដែន ដើម្បីបង្កើតសេវាកម្មដឹកជញ្ចូនឆ្លងកាត់ព្រំដែន, សេវាប្រៃសណីយ៍ និងសេវាកម្មហិរញ្ញវត្ថុប្រៃសណីយ៍។
ប្រទេសវៀតណាម នឹងជួយប្រទេសកម្ពុជា កសាងមជ្ឈមណ្ឌលឃ្លាំមើលសន្តិសុខ តាមប្រព័ន្ធអ៊ីនធឺណែត និងផ្ដល់អាហារូបករណ៍ពេញចំនួន ៣កន្លែង ដែលមានទឹកប្រាក់ ២៧,០០០ ដុល្លារអាមេរិក សំរាប់និស្សិតកម្ពុជាដើម្បីបន្តការសិក្សា នៅវិទ្យាស្ថានបច្ចេកទេសប្រៃសណីយ៍ និងទូរគមនាគមន៍។
បន្ថែមពីនេះទៀតគឺ កិច្ចព្រមព្រៀង អំពីហត្ថលេខាឌីជីថល រវាងក្រុមហ៊ុន BKAV Group របស់ប្រទេសវៀតណាម ជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា។
អ្វីដែលភាគីវៀតណាម ស្នើសុំមកភាគីកម្ពុជានោះគឺ ការបន្តគាំទ្រដល់ក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មានវិទ្យា របស់ប្រទេសវៀតណាម មានដូចជាដូចជាក្រុមហ៊ុន Viettel, VNPT, FPT និង VNPost ចូលរួមវិនិយោគ និងធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងគម្រោងបច្ចេកវិទ្យាព័ត៌មានវិទ្យា របស់រដ្ឋាភិបាលកម្ពុជា៕