ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា នឹងចេញអនុក្រឹត្យស្តីពីការកាត់បន្ថយថ្ងៃឈប់សម្រាក (Cambodia Public Holiday) ចំនួន ៧ថ្ងៃ នៅចុងខែមីនានេះហើយ ដែលអាចធ្វើឲ្យបុគ្គលិកក្រុមហ៊ុន និងមន្ត្រីរាជការមួយចំនួន ធ្វើមុខជូ មិនសប្បាយចិត្ត ព្រោះខ្លួនបាត់បង់ថ្ងៃសម្រាក់ចំនួន ៧ថ្ងៃ ខណៈម្ចាស់អាជីវកម្មនៃក្រុមហ៊ុនឯកជន សប្បាយចិត្តចំពោះការកាត់បន្ថយនេះ។
ការកាត់បន្ថយថ្ងៃឈប់សម្រាកនេះ ត្រូវបានគេលើកឡើងថា ដើម្បីលើកកម្ពស់ផលិតភាព និងជួយបន្ទាបការចំណាយលើការផលិត ព្រោះកម្ពុជាត្រូវមានភាពប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់។

ពុំមានអ្នកណាម្នាក់ហ៊ានអះអាងថា ការកាត់បន្ថយថ្ងៃឈប់សម្រាក់នេះ ជាផ្នែកមួយនៃបញ្ហាសហភាពអឺរ៉ុប បានចាប់ផ្ដើមដំណើរការសិក្សា ក្នុងការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជាឬយ៉ាងនោះទេ។
លោក អៀង ម៉ុង នាយកគ្រប់គ្រងក្រុមហ៊ុនផលិតនំស្រួយ លីលី បានប្រាប់ទៅភ្នំពេញប៉ុស្តិ៍ថា ថ្ងៃឈប់សម្រាកសាធារណៈកាន់តែច្រើន នឹងបន្ថែមការចំណាយលើការផលិត ដែលជាបញ្ហាប្រឈមសម្រាប់សមត្ថភាពប្រកួតប្រជែងនៅក្នុងទីផ្សារ និងថា ជាអ្វីដែលក្រុមហ៊ុនចង់បាន និងមានប្រយោជន៍យ៉ាងខ្លាំង ក្នុងនាមជាក្រុមហ៊ុនក្នុងវិស័យឯកជន។

ចំណែកលោកស្រី ឆៃ ស៊ីវលីន ប្រធានសមាគមភ្នាក់ងារទេសចរណ៍កម្ពុជា បានប្រាប់ទៅភ្នំពេញប៉ុស្តិ៍ដែរថា ថ្ងៃឈប់សម្រាកកាន់តែច្រើន មិនមែនជាសញ្ញាដ៏ល្អសម្រាប់កំណើនសេដ្ឋកិច្ចនោះទេ ដោយធ្វើការប្រៀបធៀបថា “បើប្រៀបធៀបនឹងប្រទេស វៀតណាម និងថៃ ចំពោះសមត្ថភាពប្រកួតប្រជែង ជាមួយអ្នកជិតខាង ខាងផ្នែកពាណិជ្ជកម្ម យើងនៅតែមានថ្ងៃឈប់សម្រាកច្រើន (២៨ថ្ងៃ) តើយើងអាចបង្កើនផលិតភាពរបស់យើង ដើម្បីប្រកួតប្រជែងជាមួយពួកគេម្ដេចបាន? វាជាបញ្ហាប្រឈមក្នុងការទាក់ទាញ វិនិយោគិនផងដែរ”។
គួររំម្លឹកផងដែរថា ប្រទេសកម្ពុជាត្រូវបានចាត់ទុកថា ជាប្រទេសមានចំនួនថ្ងៃឈប់សម្រាកច្រើនជាងគេលើពិភពលោក បើបន្ថែម “ទិវាចងចាំ ២០ ឧសភា” ជាថ្ងៃឈប់សម្រាកជាតិ កាលពីឆ្នាំមុន បានធ្វើឲ្យថ្ងៃឈប់សម្រាកសរុប នៅប្រទេសកម្ពុជាកើនឡើងដល់ ២៨ ថ្ងៃ៕