ក្រុមហ៊ុន NagaCorp ជាក្រុមហ៊ុនមេរបស់កាស៊ីណូ Naga World ដែលត្រូវបានចុះបញ្ជីនៅផ្សារហ៊ុននៅទីក្រុងហុងកុង បាននិយាយថា ខ្លួនរំពឹងថា កាស៊ីណូធំៗទាំង៤ នៅម៉ាកាវ នឹងមកដំណើរការនៅក្នុងមណ្ឌលកម្សាន្ត និងកាស៊ីណូ Naga World ដែលមានទីតាំង ស្ថិតនៅក្នុងប្រទេសកម្ពុជា ខណៈដែលតម្លៃភាគហ៊ុន របស់ក្រុមហ៊ុននេះ នៅតែបន្តកើនឡើង។
ក្រុមហ៊ុន NagaCorp បានចេញផ្សាយរបាយការណ៍ហិរញ្ញវត្ថុ ប្រចាំឆ្នាំរបស់ខ្លួនសម្រាប់ឆ្នាំ ២០១៨ ដោយបានបង្ហាញថា Naga World ទទួលបានប្រាក់ចំណូលកើនឡើង ៥៥% ស្មើនឹង ១,៤ ពាន់លានដុល្លារ និងប្រាក់ចំណេញសុទ្ធកើនឡើង ៥៣% ស្មើនឹង ៣៩០,៦ លានដុល្លារ បើធៀបទៅនឹងឆ្នាំ២០១៧ ដោយក្នុងនោះភ្ញៀវលំដាប់ VIP បានកើនឡើង ៦៩% ស្មើនឹង ៣៥,៦៦ ពាន់លានដុល្លារ ទាញបានចំណូល ៧១% ស្មើនឹង ១,០៧ ពាន់លានដុល្លារ។
បន្ទាប់ពីការបើកដំណើការ Naga2 នៅក្នុងខែធ្នូឆ្នាំ ២០១៧ ក្រុមហ៊ុន NagaCorp បានឲ្យដឹងថា មានការកើនឡើងនៃបរិមាណចំពោះអ្នកលេងលំដាប់ VIP ក្នុងលក្ខណៈអាជីវកម្ម ដោយសារតែការកើនឡើងនៃអាជីវកម្ម នៅក្នុងមជ្ឍលមណ្ឌលណាហ្គាវើល ទាំង២រួមគ្នា ជាពិសេសនៅ Naga2 គឺមានតម្រូវការរបស់អតិថិជនសម្រាប់ បន្ទប់មានតុល្បែងលេងធំចាក់មានការកំណត់ និងតម្លៃភ្នាល់កើនឡើង។”
ជាពិសេស ក្រុមហ៊ុន NagaCorp បានចង្អុលបង្ហាញពីកិច្ចព្រមព្រៀងមួយ ដែលបានចុះហត្ថលេខាជាមួយនឹងក្រុមហ៊ុន Suncity Group ដែលជាក្រុមហ៊ុនឈានមុខគេនៅម៉ាកាវ ដើម្បីបង្កើតប្រតិបត្តិការអាជីវកម្មមូលដ្ឋានមួយ ដែលមានទីតាំងនៅរាជធានីភ្នំពេញ កាលពីខែមីនាឆ្នាំ២០១៨ ដោយបាននិយាយបន្ថែមទៀតថា ប្រតិបត្តការរបស់ Suncity នៅ Naga2 នឹងត្រូវបានផ្លាស់ប្តូរទៅទីតាំងធំ និងកាន់តែប្រសើរជាងនេះ នៅក្នុងត្រីមាសនេះ។
ក្រុមហ៊ុន NagaCorp បានបន្តទៀតថា៖ “ក្រុមហ៊ុន រំពឹងថា កាស៊ីណូធំៗទាំង៤នៅម៉ាកាវ នឹងមកដំណើរការនៅ Naga2 នៅក្នុងឆ្នាំ ២០១៩នេះ។ កាស៊ីណូទាំងនេះបានរួមចំណែកដល់កំណើន ៧០% នៃការអ្នកលេងលំដាប់ VIP របស់ម៉ាកាវ។ ថ្វីបើមានការកើនឡើងយ៉ាងខ្លាំង នៃបរិមាណអ្នកលេងលំដាប់ VIP ក៏ដោយ ក៏សមាសភាពអ្នកលេងលំដាប់ VIP នៅតែមានភាពចម្រុះយ៉ាងល្អ រវាងអ្នកលេងមកពីតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីខាងជើង។”
របាយការណ៍របស់ក្រុមហ៊ុន NagaCorp ក៏បានប្រាប់ផងដែរថា ប្រាក់ចំណូលមិននៅក្នុងប្រភេទល្បែង បានកើនឡើង ៣១% សម្រាប់ឆ្នាំ២០១៨ ស្មើនឹង ៣៩,៩ លានដុល្លារ ដែលភាគច្រើន បានមកពីការកើនឡើងនៃការលក់បន្ទប់ស្នាក់នៅពេលយប់ ជាមួយការបើកដំណើរការ Naga2 និងការផ្ដល់ជូននូវសេវាល្អជាងមុននៅគ្រប់សាខា ជាពិសេសកន្លែងលក់អាហារនិងភេសជ្ជៈទាំងអស់ ស្របជាមួយការកើនឡើង នៃការមកលេងរបស់ភ្ញៀវផងដែរ។
គួររំម្លឹកផងដែរថា ក្រុមហ៊ុន NagaCorp ទទួលបានសិទិ្ធវិនិយោគ លើអាជីវកម្មកាស៊ីណូផ្តាច់មុខតែ ១ គត់នៅទីក្រុងភ្នំពេញ ដែលត្រូវបានធានារហូតដល់ឆ្នាំ ២០៣៥ ក៏ដូចជាអាជ្ញាប័ណ្ណរយៈពេល ៧០ ឆ្នាំរហូតដល់ឆ្នាំ ២០៦៥។ របាយការណ៍បង្ហាញថា កាស៊ីណូ NagaCorp បានបង់ពន្ធលើប្រាក់ចំណូលរបស់ខ្លួន ចំនួន ៨,៨១ លានដុល្លារកាលពីឆ្នាំមុន។
ចំណែករបាយការណ៍ របស់អគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជានិយតករសម្រាប់អាជីវកម្មកាស៊ីណូ បានឲ្យដឹងថា រដ្ឋាភិបាលបានផ្តល់អាជ្ញាប័ណ្ណអាជីវកម្ម កាស៊ីណូដល់ក្រុមហ៊ុនចំនួន ៥២ កាលពីឆ្នាំ ២០១៨ ដែលធ្វើឲ្យចំនួនអាជ្ញាប័ណ្ណកាស៊ីណូនៅកម្ពុជា បានកើនឡើងដល់ចំនួនសរុប ១៥០ គិតត្រឹមដំណាច់ឆ្នាំ ២០១៨ នេះ ក្នុងនោះគ្រាន់តែខេត្តព្រះសីហនុមួយ មានអាជីវកម្មកាស៊ីណូស្របច្បាប់ចំនួន ៨៨ ទីតាំងទៅហើយ៕