ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឆ្លើយតបទៅអាមេរិក ក្រោយពីបានហៅ “ការឃុំខ្លួនលោក កឹម សុខា គឺជាទង្វើបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា” កាលពីយប់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០១៩។
ការឆ្លើយតបនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីវីដេអូដែលមានរយៈពេល ១នាទី របស់អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក អ្នកស្រី ម័ហ្គេន អ័រតាហ្គឹស (Morgan Ortagus) ត្រូវបានបង្ហោះនៅលើទំព័រហ្វេសប៊ុក របស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា រួចមក។
នៅក្នុងវីដេអូនោះ អ្នកស្រី ម័ហ្គេន អ័រតាហ្គឹស បានលើកឡើងថា ការចាប់ខ្លួនលោក កឹម សុខា ការរំលាយគណបក្សសង្គ្រោះជាតិ ដែលជាបក្សប្រឆាំងដ៏ធំ រួមជាមួយការដកហូតដំណែង របស់សមាជិកក្រុមប្រឹក្សាឃុំ ជាប់ឆ្នោតដោយត្រឹមត្រូវជាង ៥ពាន់នាក់ របស់បក្សប្រឆាំង គឺជាទង្វើបំផ្លាញលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញប្រទេសកម្ពុជា។
លោកស្រីបានបន្តថា លោក កឹម សុខា ត្រូវបានឃុំខ្លួនរយៈពេលយូរដោយគ្មានការជំនុំជម្រះ ឬបង្ហាញភស្តុតាងដែលអាចជឿទុកចិត្តបានទាល់តែសោះ និងបានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជា ដោះលែង និងទម្លាក់ចោលរាល់ការចោទប្រកាន់លើ លោក កឹម សុខា និងអ្នកនយោបាយដែលកំពុងជាប់ឃុំផ្សេងទៀត។
តែអ្វីដែលអាមេរិកបានលើកឡើងនោះ ហាក់ដូចជាមិនបានយល់ច្បាស់ អំពីការអនុវត្តច្បាប់នៅក្នុងប្រទេសកម្ពុជា ដែលត្រូវបាន ក្រសួងការបរទេសកម្ពុជា ពន្យល់ប្រាប់វិញ តាមរយៈសេចក្ដីថ្លែងការណ៍របស់ខ្លួនថា៖ “ចាប់តាំងពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ ដោយផ្អែកលើហេតុផលមនុស្សធម៌ លោក កឹម សុខា ត្រូវបានដោះលែងឲ្យមករស់នៅក្នុងផ្ទះរបស់គាត់ជាមួយគ្រួសាយ៉ាងសុខស្រួល ក្រោមការត្រួតពិនិត្យរបស់តុលាការ។ ដូចបណ្តាប្រទេសដទៃទៀតដែលអនុវត្តប្រព័ន្ធច្បាប់ស៊ីវិល (civil law) នីតិវិធីតុលាការកម្ពុជាមិនមានចែងអំពីថេរៈវេលាអតិបរិមា សម្រាប់រឿងក្តីដែលស្ថិតក្រោមការឃ្លាំមើលតាមផ្លូវតុលាការនោះទេ។”
នៅក្នុងសេចក្តីថ្លែងការណ៍ បានបន្តទៀតថា៖ “ការបរាជ័យក្នុងការប៉ុនប៉ងជំរុញឱ្យមានការផ្លាស់ប្តូររបប តាមរយៈមធ្យោបាយមិនមែនប្រជាធិបតេយ្យ មិនមែនជាការអនុវត្តសិទ្ធិមនុស្សជាមូលដ្ឋាន និងលទ្ធិប្រជាធិបតេយ្យ នោះទេ។ រាជរដ្ឋាភិបាលកម្ពុជា មានសិទ្ធិអធិបតេយ្យពេញលេញ ក្នុងការចាត់វិធានការតាមផ្លូវច្បាប់ចាំបាច់ ចំពោះបុគ្គលនិងអង្គភាពទាំងឡាយណា ដែលរំលោភរដ្ឋធម្មនុញកម្ពុជា និងច្បាប់ជាធរមានផ្សេងទៀត សំដៅការពារសន្តិសុខជាតិ និងនីតិរដ្ឋរបស់ខ្លួន”។
អាមេរិក បានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជា ដោះលែងលោក កឹម សុខា និងអ្នកនយោបាយជាប់ឃុំផ្សេងទៀត ជាច្រើនលើកច្រើនសារមកហើយ ហើយលើកនេះធ្វើឡើងនៅចំខួប ២ឆ្នាំនៃការចាប់និងឃុំខ្លួន អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលបានធ្វើឡើងកាលពីដើមខែកញ្ញា ក្នុងឆ្នាំ២០១៧ ហើយ២ខែក្រោយមក គណបក្សសង្គ្រោះជាតិ ក៏ត្រូវបានរំលាយដោយតុលាការកំពូល នៅមុនការបោះឆ្នោតជាតិឆ្នាំ២០១៨ ចូលមកដល់៕