ប៉េងកាំង (SCMP)៖ ប្រទេសចិនកាលពីពេលថ្មីៗនេះ បានប្រកាសលើកលែងពន្ធឲ្យក្រុមហ៊ុនផលិតបន្ទះឈីប (Chip) និងក្រុមហ៊ុនអភិវឌ្ឍន៍ Software សរុបរយៈពេល ៥ ឆ្នាំ គឺ ២ឆ្នាំដំបូងលើកលែងពន្ធ ១០០% និង ៣ឆ្នាំបន្ទាប់ លើកលែងពន្ធ ៥០% ដើម្បីជាការជំរុញឧស្សាហកម្មខាងផ្នែកបច្ចេកវិទ្យា និងផលិតបន្ទះឈីប នៅក្នុងស្រុក ឲ្យកាន់តែមានភាពរីកច្រើនខ្លាំងក្លាឡើងថែមទៀត ខណៈដែលវិស័យនេះ បានក្លាយជាមុខព្រួញ វាយប្រហារពីសហរដ្ឋអាមេរិក នៅក្នុងសង្គ្រាមពាណិជ្ជកម្ម ដែលកំពុងតែកើតមានឡើង។
ការប្រកាសនេះបានធ្វើឡើងដោយ ក្រសួងហិរញ្ញវត្ថុចិន កាលពីថ្ងៃពុធសប្តាហ៍នេះ ដោយបញ្ជាក់ថា ក្រុមហ៊ុនផលិតបន្ទះឈីប និងក្រុមហ៊ុនអភិវឌ្ឍន៍ Software នឹងត្រូវលើកលែងពីការបង់ពន្ធសាជីវកម្ម សម្រាប់រយៈពេល០២ឆ្នាំ ដោយចាប់ផ្តើមពីឆ្នាំ២០១៩នេះទៅ ហើយការបង់ពន្ធ របស់ក្រុមហ៊ុននៅក្នុងឧស្សាហកម្មទាំងនេះ នឹងត្រូវកាត់បន្ថយពាក់កណ្តាល សម្រាប់រយៈពេល០៣ឆ្នាំបន្ទាប់។
ប្រសិនបើប្រទេសចិន អាចបណ្តុះវិស័យបច្ចេកវិទ្យា គ្រប់ប្រភេទរបស់ខ្លួនឲ្យមានសក្តានុពលខ្លាំងក្លា នោះប្រទេសចិន នឹងឈានឆ្ពោះទៅបញ្ឈប់ការពឹងពាក់ ទៅលើប្រទេសដទៃទៀតហើយ តួយ៉ាងដូចជាប្រទេសអាមេរិក ដែលបច្ចុប្បន្ន គឺជាអ្នកក្ដោបក្ដាបខាងផ្នែកបច្ចេកវិទ្យាថ្មីៗ។
គួររំម្លឹកផងដែរថា សង្គ្រាមពាណិជ្ជកម្មរវាងចិននិងអាមេរិក កំពុងតែផ្តោតទៅលើវិស័យបច្ចេកវិទ្យា ដោយកាលពីសប្តាហ៍មុន រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានសម្រេចដាក់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Huawei ចូលទៅ ក្នុងបញ្ជីខ្មៅ របស់ខ្លួន ដែលជាលទ្ធផល គឺហាមមិនឲ្យក្រុមហ៊ុនបច្ចេកវិទ្យា និងគ្រឿងបន្លាស់ផ្សេងៗក្រុមហ៊ុនអាមេរិកធ្វើជំនួញជាមួយ ក្រុមហ៊ុន Huawei ប៉ុន្តែការសម្រេចនេះ ត្រូវបានពន្យារពេលអនុវត្តន៍រយៈពេល ៩០ថ្ងៃ សិន។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Huawei បានបញ្ជាក់ថា ខ្លួនបានរៀបចំរួចរាល់ហើយ ហើយដឹងថា នឹងមានថ្ងៃនេះកើតឡើង ចំណែក ការពន្យារពេល ៩០ថ្ងៃ វាគ្មានន័យអ្វីនោះឡើយ៕