ការវិនិយោគ​មកពី​ចិន និង​ភ្ញៀវ​មក​ពីចិន គឺមាន​លក្ខណៈ​ជាស​កល ហើយ​មាន​ផល​ល្អ និង​អាក្រក់​

1459

ភ្នំពេញ​៖ ការហូរចូល​នូវ​ចំនួន​វិនិយោគ មកពី​ប្រទេស​ចិន និង​ភ្ញៀវទេសចរ​ចិន គឺ​កើតមានឡើង​នៅ​គ្រប់​ប្រទេស និង​តំបន់​នៅក្នុង​ពិភពលោក គឺមាន​លក្ខណៈ​ជាស​កល ហើយ​វា​តែងតែ​ផ្ដល់​ផល​ល្អ និង​ផល​អាក្រក់​។ នេះ​គឺជា​ការលើកឡើង​របស់ លោក វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ប្រចាំការ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅក្នុង​វេទិកាសាធារណៈ ស្តីពី​ការគ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច និង​ថវិកា​ឆ្នាំ​២០១៩ នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៩​នេះ​។​

ក្តីបារម្ភ​មួយចំនួន ត្រូវបាន​មហាជន​លើក​យកមក​ធ្វើជា​ប្រធានបទ​ក្ដៅ ក្នុងការ​ពិភាក្សាគ្នា ដោយសារ​តែមាន​ការកើត​ឡើង​នូវ​ករណី​បទល្មើស ដែល​បង្កឡើង​ដោយ​ជនជាតិ​ចិន ឬ​ពាក់ព័ន្ធ​ជាមួយ​ជនជាតិ​ចិន កាន់តែ​ច្រើនឡើងៗ ស្របពេល​មាន​វិនិយោគិន​ចិន និង​ជនជាតិ​ចិន ចូលមក​ច្រើនឡើងៗ​នោះ​។​

​ទាក់ទង​ទៅនឹង​ចំនុច​នេះ លោក វ​ង្សី វិស្សុត លើកឡើងថា លំហូរ​នៃ​សាកលភាវូបនីយកម្ម វា​តែងតែមាន​ចំណុច​ល្អ និង​ចំណុច​អាក្រក់​។ ដូចគ្នានេះដែរ ចំពោះ​លំហូរ​ជនជាតិ​ចិន ទៅ​ប្រទេស​នានា​លើ​សកលលោក ក៏មាន​ចំណុច​ល្អ និង​ចំណុច​អាក្រក់​ដូចគ្នា ដូច្នេះ​ត្រូវ​ចេះ​ប្រើប្រាស់​ច្បាប់ ដើម្បី​គ្រប់គ្រង​។​

​លោក​បន្តថា «​យើង​ទៅ​ប៉ារីស​មើល សណ្ឋាគារ ភោជនីយដ្ឋាន​សុទ្ធតែ​ចេះ​និយាយ​ចិន អ្នកលក់​ហាង​ប្រេន​ដ៍ សុទ្ធតែ​និយាយ​ចិន​ទាំងអស់ សុទ្ធតែ​មុខ​ចិន​ទាំងអស់ អត់​មានមុខ​បារាំង​ទេ​ឥឡូវ​។ អ្នក​ជេរ​ចិន​នោះ តាមពិត​គាត់​ចង់បាន​ចិន​ទៅ​ស្រុក​គាត់​វិនិយោគ​ក្តី ទេសច​ចរណ៍​ក្តី​….​ប្រទេស​យើង ខ្ញុំ​ថា​ត្រូវ​ចេះ​ប្រើប្រាស់ គ្រប់គ្រង​លំហូរ​ចិន បើ​ចេះ​គ្រប់គ្រង​ចិន​មក​អត់​ឈប់​ទេ ប្រទេស​នោះ​មាន​សល់​ធនធាន​ច្រើន​»​។​