ភ្នំពេញ៖ កីឡាករខ្សែប្រយុទ្ធល្បីឈ្មោះរបស់កម្ពុជា លោក ចាន់ វឌ្ឍនាកា បានចាកចេញពីកម្ពុជា ដើម្បីទៅប្រកបអាជីពក្រៅស្រុក ជាមួយក្លឹប PKNP FC ជាលីគកំពូលមួយរបស់ម៉ាឡេស៊ី ក្នុងតម្លៃខ្លួនបិទជិត នៅថ្ងៃព្រហស្បតិ៍ទី១៧ ខែមករា ឆ្នាំ២០១៩នេះ។
នេះជាលើកទី៣ផងដែរ ដែលកីឡាករជំនាញជើងឆ្វេង មកពីខេត្តកំពត ទៅប្រកបអាជីពបាល់ទាត់នៅក្រៅស្រុក បើគិតចាប់តាំងពីឆ្នាំ២០១៧មក។ លើកទី១ ចូលរួមជាមួយក្លឹប Fujieda MYFC លេងក្នុងលីគទី៣ របស់ជប៉ុន និងលើកទី២ ក្នុងឆ្នាំ២០១៨ ទៅលេងឲ្យក្លឹប Pahang FA លេងក្នុងលីគកំពូលម៉ាឡេស៊ី និងដើមឆ្នាំ២០១៩នេះ ផ្លាស់ចេញពីក្លឹបបឹងកេតអែហ្វស៊ី ទៅលេងឲ្យក្លឹប PKNP FC ដែលជាអតីតក្លឹបចាស់របស់មិត្តរួមជាតិ ប្រាក់ មុនីឧត្តម កាលឆ្នាំ២០១៨។
យ៉ាងណាមិញ កីឡាករដែលមានវ័យទើបតែជាង២០ឆ្នាំ ចាន់ វឌ្ឍនាកា ក៏នឹងត្រូវប្រជែងជាមួយ ធារី ចន្ថាប៊ីន ដែលកំពុងលេងឲ្យក្លឹប Teerenganu FC ក្នុងក្របខណ្ឌ Malaysia-Super League ដែរនោះក្នុងរដូវកាលឆ្នាំ២០១៩ ខាងមុខនេះ។

ការចេញទៅលេងឲ្យក្លឹបកំពូលរបស់ម៉ាឡេស៊ីនាព្រឹកមិញនេះ បានកើតមានឡើង ក្រោយពេលដែល ចាន់ វឌ្ឍនាកា បានចុះកុងត្រាថ្មីជាមួយក្លឹបនេះកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩កន្លង ទៅថ្មីៗ។
សូមបញ្ជាក់ថា ក្លឹបថ្មីនេះឈ្មោះ PKNS ទទួលបានលេខ៣ កាលពីរដូវកាលមុន ខណៈដែលក្លឹបមុនឈ្មោះ Pahang បានលេខ៤។ សម្រាប់កីឡាករ ចាន់ វឌ្ឍនាកា ក៏ត្រូវបានឪពុករបស់ខ្លួន លោក ចាន់ ចេស្តា បច្ចុប្បន្នជាអនុរដ្ឋលេខាធិការក្រសួងកសិកម្ម ក៏បានរាយការណ៍ជូន និងសុំយោប់ណែនាំពីលោក ហ៊ុន ម៉ានី ក្នុងនាមជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អំពីការជ្រើសរើសក្លឹបដែលត្រូវទៅលេង។ ក្នុងនោះរួមមាន ក្លឹបខេត្តឈៀងរ៉ៃ ប្រទេសថៃផងដែរ។
បើតាមកីឡាករ ចាន់ វឌ្ឍនាកា ក្លឹបនៅប្រទេសម៉ាឡេស៊ី ទទួលបានប្រាក់កំរៃខ្ពស់ជាងថៃ ប្រហែលពីរដង និងមានលក្ខខណ្ឌងាយស្រួលច្រើនជាងផងដែរ៕