ភ្នំពេញ៖ ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ខេមបូឌា របស់លោក គិត ម៉េង ត្រូវបានបញ្ចប់សិទ្ធិធ្វើអាជីវកម្មផ្លូវដែក ដោយសម្ដេចតេជោ ហ៊ុន សែន នៅក្នុងវេទិការាជរដ្ឋាភិបាល ជាមួយវិស័យឯកជនលើកទី ១៨ កាលពីថ្ងៃសុក្រទី២៩ ខែមីនា ឆ្នាំ២០១៩។

ការដកហូតសិទ្ធិធ្វើអាជីវកម្មផ្លូវដែកមកវិញនេះ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន ប្រាប់ពីមូលហេតុថា រយៈពេលជាង ១០ ឆ្នាំមកនេះ ការដឹកជញ្ជូនតាមផ្លូវដែក មិនបានទទួលបានជោគជ័យប៉ុន្មានទេ បើទោះបីជាក្រសួងសាធារណៈការ និងដឹកជញ្ជូន ខិតខំលើកចិត្តផ្សព្វផ្សាយ ពីវិស័យនេះក៏ដោយ។ ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ខេមបូឌា ដែលបានសិទ្ធិប្រតិបត្តការផ្លូវដែកកម្ពុជា មិនបានពង្រីកសក្តានុពលរបស់ខ្លួន និងមិនបានដាក់ទុនលើក្បាលរថភ្លើង ទូរថភ្លើង គ្រឿងបរិក្ខានានា ដើម្បីបំពេញតម្រូវការ របស់អតិថិជនគ្រប់គ្រាន់ឡើយ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ “រថភ្លើងខូច គាំងមិនដំណើរការ ដោយមិនមានថវិការគ្រប់គ្រាន់ក្នុងការជួសជុលថែទាំ និងការវិនិយោគបន្ថែមដែលជាហេតុធ្វើឲ្យខកខានក្នុងការដឹកទំនិញឲ្យបានទាន់ពេល និងធ្វើឲ្យមានការផ្តល់សេវាមិនទៀងទាត់។ ហេតុនេះ ដើម្បីទទួលបានជោគជ័យក្នុងការគ្រប់គ្រងប្រព័ន្ធផ្លូវដែករបស់យើង រាជរដ្ឋាភិបាលសម្រេចបញ្ឈប់ការធ្វើអាជីវកម្មរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ រ៉េវេយស៍ ខេមបូឌា ក្នុងប្រតិបត្តិការផ្លូវដែក។ រាជរដ្ឋាភិបាលសម្រេចប្រគល់ ការគ្រប់គ្រងប្រតិបត្តិការផ្លូវដែកទៅឲ្យក្រសួងសាធារណៈការជាបណ្តុះអាសន្នដើម្បីរៀបចំនីតិវិធីគ្រប់គ្រងដំណើរការឡើងវិញ មុននឹងឈានដល់ការដាក់ឲ្យមានការដាក់ឲ្យដេញថ្លៃជាសាធារណៈជ្រើសរើសក្រុមហ៊ុនដែលមានសមត្ថភាព និងបទពិសោធច្បាស់លាស់ មកសហការជាមួយរាជរដ្ឋាភិបាលសំដៅធ្វើឲ្យប្រព័ន្ធផ្លូវដែកកម្ពុជាមានលក្ខណៈស្តង់ដារអន្តរជាតិ”។

គួររំម្លឹកផងដែរថា ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់លោក គិត ម៉េង មានភាគហ៊ុន ៤៥% រួមជាមួយក្រុមហ៊ុន Toll Holding របស់ប្រទេស អូស្ត្រាលី មានភាគហ៊ុន ៥៥% បានទទួលសម្បទានសិទ្ធិពីរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ផ្លូវដែក ដែលមានរយៈពេល ៣០ ឆ្នាំ កាលពីឆ្នាំ ២០០៩។ នៅឆ្នាំ២០១៤ ក្រុមហ៊ុន Toll Holding បានបង្វែរភាគហ៊ុនទាំងអស់ឲ្យទៅ ក្រុមហ៊ុន របស់លោក គិត ម៉េង ហើយប្រតិបត្តការផ្លូវដែកនេះ បានប្តូរឈ្មោះទៅជា “រ៉ូយ៉ាល់ រេលវេ ខេមបូឌា”៕