ទីក្រុងប៉េកាំង៖ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន បានប្រកាសផ្តល់ជំនួយប្រមាណ ៦០០លានយន់ ស្មើនឹងប្រមាណជិត ៩០លានដុល្លារអាមេរិក ដើម្បីលើកកម្ពស់វិស័យការពារជាតិរបស់ប្រទេសកម្ពុជា ក្នុងការការពារនូវបូរណភាព និងអធិបតេយ្យភាពរបស់ខ្លួន។
ជំនួបពិភាក្សាការងាររវាងលោក ស៊ី ជីនពីង ជាមួយសម្ដេចតេជោ ហ៊ុន សែន គឺបានធ្វើឡើងកាលព្រឹកថ្ងៃចន្ទ ទី២៩ ខែមេសា ឆ្នាំ២០១៩ មុនពេលសម្ដេចតេជោ ដឹកនាំគណៈប្រតិភូធ្វើមាតុភូមិនិវត្តន៍ ត្រលប់មកប្រទេសកម្ពុជាវិញ។
ក្រៅពីវិស័យការពារជាតិ សម្តេចតេជោ ហ៊ុន សែន និងលោកប្រធានាធិបតីចិន ស៊ី ជីនពីង ក៏បានលើកយកបញ្ហាជាច្រើនទៀត ពាក់ព័ន្ធទៅនឹងការពង្រឹងទំនាក់ទំនង ក៏ដូចជាកិច្ចសហប្រតិបត្តិការ លើផ្នែកនយោបាយ សេដ្ឋកិច្ច និងការធ្វើពាណិជ្ជកម្ម នៃប្រទេសទាំង២ផងដែរ។ នេះបើតាមការប្រាប់ឲ្យដឹងពីលោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។
សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យប្រធានាធិបតីចិន ស៊ី ជីនពីង បន្តជួយគាំទ្រដល់រោងចក្រសហគ្រាសរបស់ចិនប្រមាណ៧០០ ដែលកំពុងរកស៊ីនៅកម្ពុជា ឱ្យបន្តរកស៊ីនៅកម្ពុជាបន្ថែមទៀត ហើយក៏បានស្នើឱ្យជំរុញអ្នកវិនិយោគថ្មីរបស់ចិនបន្ថែមទៀតចូលមករកស៊ីនៅក្នុងប្រទេសកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានស្នើទៅប្រធានាធិបតីចិន ស៊ី ជីនពីង ឲ្យបើកទីផ្សាររបស់ខ្លួន ឱ្យកាន់តែទូលាយថែមទៀត សម្រាប់ផលិតផលកម្ពុជា ដោយបានប្រាប់ថា កម្ពុជាបានធ្វើកំណែទម្រង់ជាច្រើន ដើម្បីកាត់បន្ថយថ្លៃដើមផលិត ក៏ដូចជាការប្រតិបត្តិការនានារបស់ក្រុមហ៊ុន និងធានាបាននូវការប្រកួតប្រជែងផលិតផល ផលិតនៅកម្ពុជាលើទីផ្សារអន្តរជាតិ ខណៈដែលប្រព័ន្ធអនុគ្រោះពន្ធ (EBA) របស់កម្ពុជា កំពុងត្រូវសហភាពអឺរ៉ុប បើកការសិក្សាថាតើគួរដក ឬមិនដកនេះ។
ចំណែកលោក ស៊ី ជីនពីង បានលើកឡើងថា កម្ពុជាជាមិត្តដ៏ស្មោះត្រង់របស់ចិន ដូច្នេះ ចិននឹងបន្តគាំទ្រដល់ប្រទេសកម្ពុជា ជាពិសេសក្នុងក្របខណ្ឌជាដៃគូ នៃទំនាក់ទំនងជាយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។
ពាក់ព័ន្ធបញ្ហា EBA លោកប្រធានាធិបតីចិន បានអះអាងថា ចិន នឹងប្រឹងប្រែងជួយដោះស្រាយ នូវបញ្ហាប្រឈមនេះ ដោយជំរុញអ្នកវិនិយោគចិន មកកម្ពុជាឱ្យកាន់តែច្រើន និងបើកទីផ្សារចិន សម្រាប់ផលិតផលកម្ពុជា ឱ្យកាន់តែទូលាយថែមទៀត។
លោក ស៊ី ជីនពីង បានអះអាងផងដែរថា តាមរយៈគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» លោកនឹងជំរុញឱ្យមានការអភិវឌ្ឍ នៅតំបន់សេដ្ឋកិច្ចពិសេស សាងសង់ព្រលានយន្តហោះ និងផ្លូវល្បឿនលឿនជាដើម នៅក្នុងប្រទេសកម្ពុជា៕