ភ្នំពេញ៖ ប្រទេសកម្ពុជា និងប្រទេសចិន នឹងចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលអនុញ្ញាតឲ្យប្រទេសកម្ពុជា នាំអង្ករចេញទៅប្រទេសចិនចំនួន ៤០ ម៉ឺនតោនចាប់ពីខែ សីហា ឆ្នាំ ២០១៩ ដល់ចុងខែ ធ្នូ ឆ្នាំ ២០២០។
ការចុះអនុស្សរណៈនៃការយោគយល់គ្នា នឹងធ្វើឡើងនៅក្នុងអំឡុងពេលដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ចើញទៅចូលរួមវេទិកា ខ្សែក្រវាត់ និងផ្លូវ លើកទី២ នៅទីក្រុងប៉េកាំង ប្រទេសចិន ពោលគឺនៅថ្ងៃសៅរ៍ ទី២៧ ខែមេសា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម។

លោក ហ៊ុន ឡាក់ អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ត្រូវបានភ្នំពេញប៉ុស្តិ៍ ដកស្រង់សម្ដីថា ការសម្រេចបន្ថែមកូតារបស់ចិន គឺជាការជួយធានាឲ្យកម្ពុជាអាចរក្សាលំនឹងនៃការនាំចេញអង្កររបស់ខ្លួនទៅកាន់ទីផ្សារអន្តរជាតិបានកាន់តែល្អ ជួយបង្កើនសមត្ថភាពនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ ខណៈការនាំចេញអង្ករទៅទីផ្សារអឺរ៉ុបបច្ចុប្បន្នត្រូវបានជាប់ពន្ធ។

លោកបានបន្តទៀតថា ការនាំចេញអង្កររបស់កម្ពុជានៅក្នុងឆ្នាំនេះ នឹងមានការកើនឡើងលើសពីឆ្នាំមុន ដោយសារកត្តាធំៗចំនួន ២ គឺការបន្ថែមកូតា ៤០ ម៉ឺនតោនរបស់ប្រទេសចិន ខណៈការនាំចេញអង្ករទៅទីផ្សារអឺរ៉ុប មិនទាន់មានសញ្ញាធ្លាក់ចុះទេ បើទោះបីជាប់ពន្ធក៏ដោយ។
គួររំម្លឹកផងដែរថា កាលពីឆ្នាំមុន ប្រទេសចិន បានអនុញ្ញាតឲ្យកម្ពុជា អាចនាំចេញអង្ករទៅកាន់ប្រទេសចិនចំនួន ៣០ ម៉ឺនតោន ប៉ុន្តែកម្ពុជា ធ្វើការនាំចេញអង្ករ ទៅកាន់ប្រទេសចិន បានត្រឹមតែ ១៧០ ១៥៤ តោនប៉ុណ្ណោះ ចំណែកការនាំចេញទៅសហគមន៍អឺរ៉ុបវិញ មានចំនួន ២៦៩ ១២៧ តោន។ បរិមាណអង្ករកម្ពុជា នាំចេញសរុបក្នុងឆ្នាំ២០១៨ មាន ៦២៦ ២២៥ តោន ថយចុះជាងឆ្នាំ២០១៧ ដែលមានបរិមាណ ៦៣៥ ៦៧៩ តោន៕