រយៈពេល ៥ខែ ឆ្នាំ ២០២០នេះ ការនាំចេញរបស់កម្ពុជា ទៅវៀតណាមធ្លាក់ចុះ ១៥%

651

ភ្នំពេញ៖ ការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសវៀតណាម ក្នុងរយៈពេល ៥ខែដំបូង ឆ្នាំ ២០២០នេះ បានធ្លាក់ចុះ ១៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ មូលហេតុដែលនាំមកនៃការធ្លាក់ចុះនេះ គឺបណ្តាលមកពីការជះឥទ្ធិពលអវិជ្ជមានពីការរាតត្បាតនៃជំងឺកូវីដ-១៩។ នេះបើតាមការបញ្ជាក់របស់ស្ថានទូតវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

យោងតាមរបាយការណ៍ដដែលនេះ បានបង្ហាញថា ចន្លោះពីខែមករា ដល់ ខែឧសភា ឆ្នាំ ២០២០នេះ អគ្គនាយករដ្ឋានគយវៀតណាម បានស្រង់តួលេខនៃការនាំចេញរបស់កម្ពុជា ទៅប្រទេសវៀតណាម មានតម្លៃទឹកប្រាក់សរុបប្រមាណ ៤៧៦លានដុល្លារអាមេរិក បានធ្លាក់ចុះ ១៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ចំណែក ការនាំចូលរបស់កម្ពុជា ពីប្រទេសវៀតណាម ត្រឡប់មកវិញ មានតម្លៃទឹកប្រាក់សរុបប្រមាណ ១,៧ពាន់លានដុល្លារអាមេរិក បានធ្លាក់ចុះ ៦%។

ប្រភេទមុខទំនិញសំខាន់ៗ ដែលកម្ពុជានាំចេញទៅប្រទេសវៀតណាម ក្នុងរយៈពេល ៥ខែ ឆ្នាំ នេះ មានដូចជា ស្រូវ អង្ករ គ្រាប់ស្វាយចន្ទី ជ័រកៅស៊ូ ស្លឹកថ្នាំជក់ និងផ្លែចេក ជាដើម។ ដោយ ឡែកទំនិញ ដែលវៀតណាម នាំចេញមកកម្ពុជាវិញ មានដូចជា ដែកថែប ប្រេង បន្លែ ផ្លែឈើ ជីកសិកម្ម និងគ្រឿងឧបភោគបរិភោគ ជាដើម។

កាលពីកន្លងទៅថ្មីៗនេះ ប្រទេសវៀតណាម បានរឹតបន្តឹងតំបន់ព្រំដែន ដោយមិនអនុញ្ញតឱ្យមានប្រជាពលរដ្ឋចេញចូល ក្នុងបំណងអ្វីដែលរដ្ឋាភិបាលប្រទេសនេះ អះអាងថា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ ចំណែក ការដោះដូរពាណិជ្ជកម្ម ក៏ត្រូវបានរាំងស្ទះ ផងដែរ ជាពិសេស ផលិតផលកសិកម្មមួយចំនួនរបស់កម្ពុជា ត្រូវបានខកខាន និងយឺតយ៉ាវ ក្នុងការនាំចេញទៅកាន់វៀតណាម។

ផ្អែកតាមតួលេខ ខាងលើនេះ ការនាំចេញរបស់កម្ពុជា មានតម្លៃទឹកប្រាក់តិចជាង តម្លៃទឹកប្រាក់នៃការនាំចេញរបស់វៀតណាម ត្រឡប់មកកម្ពុជាវិញរហូតដល់ទៅជាង ៣ដង។ ជាទូទៅការធ្វើពារណិជ្ជកម្មរបស់កម្ពុជា តែងតែចាញ់ប្រៀបប្រទេសជិតខាងរបស់ខ្លួន ជាពិសេសវៀតណាម និងថៃ ហើយទំនិញរបស់កម្ពុជា ជាញឹកញាប់ត្រូវបានរឹតបន្តឹង ឬទម្លាក់ថ្លៃ ពីបណ្តាប្រទេសទាំងនេះ នៅពេលរដូវប្រមូលផលកសិកម្ម។ មូលហេតុនៃការចាញ់ប្រៀបនេះ ដោយសារផលិតកម្មក្នុងស្រុកនៅទុនខ្សោយ។

ថ្មីៗនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យក្រសួងស្ថាប័ន ជំនាពាក់ព័ន្ធជំរុញ និងផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបង្កើនការចិញ្ចឹមសត្វ និងដាំដុះបន្លែ ផ្លែឈើ ដើម្បីផ្គត់ផ្គង់ក្នុងស្រុក និងកាត់បន្ថយការនាំចូលពីក្រៅប្រទេស។

តាមអ្នកវិភាគសេដ្ឋកិច្ចមួយចំនួនធ្លាប់លើកឡើងថា រាជរដ្ឋាភិបាល គួររៀបចំគោលយោបាយ ឬយន្តការដែលច្បាស់លាស់ ក្នុងការលើកទឹកចិត្តដល់សហគ្រាសធុនតូច និងធម្យម និងអាជីវកម្មខ្នាតតូចបំផុត ព្រមទាំងកសិករចិញ្ចឹមសត្វ និងដាំបន្លែ ផ្លែឈើ ក្នុងស្រុក ដើម្បីធានាការផលិត និងការប្រកួតប្រជែង សំដៅជំរុញឱ្យផលិតកម្មក្នុងស្រុកមានមូលដ្ឋានគ្រឹះរឹងមាំ អាចផ្គត់ផ្គង់ក្នុងស្រុកបានដោយខ្លួនឯង និងឈានទៅរកការនាំចេញ ក៏ដូចជា អាចកាត់បន្ថយការនាំចូលពីក្រៅប្រទេសផងដែរ។

តាមរបាយការណ៍ខាងលើនៅក្នុងឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាមសម្រេចបាន ជិត ៥,៣លានដុល្លារអាមេរិក កើនឡើង១១% បើធៀបជាមួយឆ្នាំ២០១៨ ដែលក្នុងនោះការនាំចេញពីរប្រទេសវៀតណាមចូលប្រទេសកម្ពុជាសម្រេចបាន ៤,៤ពាន់លានដុល្លារអាមេរិក កើនឡើង ១៦% និងនាំចូលពីប្រទេសកម្ពុជា ៩០១លានដុល្លារអាមេរិក កើនឡើង ៧%៕

អត្ថបទ៖ សៀម ប៊ុនធី