ភ្ញៀវទេសចរ មកលេងកម្សាន្ដនៅខេត្តព្រះសីហនុ​ កើនឡើង នៅចន្លោះចុងខែឧសភា និងដើមខែមិថុនានេះ

972

ព្រះសីហនុ៖ បច្ចុប្បន្ន ខេត្តព្រះសីហនុ កំពុងទទួលបានភ្ញៀវទេសចរ មកលេងកម្សាន្ដមានចំនួនច្រើន បើធៀបកាលពី ៣ ឬ ៤ ខែកន្លងទៅ ចំនួនភ្ញៀវទេសចរ មានការធ្លាក់ចុះដោយសារបញ្ហាជំងឺកូវីដ-១៩ បាននិងកំពុងរាតត្បាតនៅទូទាំងពិភពលោក ហើយព្រះរាជាណាចក្រកម្ពុជា ក៏ទទួលរងឥទ្ធិពលពីជំងឺកូវីដ-១៩នេះដែរ។

បើតាមការឱ្យដឹងពីលោក​ តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្ត បានលើកឡើងថា នៅក្នុងកំលុងចុងខែឧសភា និងដើមខែមិថុនា ឆ្នាំ២០២០នេះ ខេត្តព្រះសីហនុ គឺភ្ញៀវទេសចរជាតិ មានចំនួនច្រើនមកលេងនៅតាមតំបន់ឆ្នេរ ព្រោះបច្ចុប្បន្ន កំពុងមានការអភិវឌ្ឍទាំងហេដ្ឋារចនាសម្ព័ន្ធល្អស្អាត និងសំណង់អគារធំៗដែលកំពុងក្លាយទៅជាខេត្តពហុបំណង ទាំងវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរណ៍។

ទន្ទឹមនឹងនេះ លោកប្រធានមន្ទីរ ក៏បានបញ្ជាក់បន្ថែមថាដោយមានការយកចិត្តទុកដាក់ពីរដ្ឋបាលខេត្ត​ដែលមានលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានជំរុញឱ្យមន្ទីរអង្គភាពពាក់ព័ន្ធ ធ្វើយ៉ាងណារៀបចំតំបន់ឆ្នេរ កែលម្អសួនច្បារ បំពាក់អំពូលភ្លើង និងរក្សាអនាម័យបរិស្ថាន នៅតាមតំបន់ឆ្នេរ ក៏ដូចជានៅតាមទីសាធារណៈនៅក្នុងក្រុង ឱ្យមានសោភ័ណភាពបរិស្ថានល្អ ដើម្បីទាក់ទាញភ្ញៀវទេសចរ មកលេងកម្សាន្ដកាន់តែច្រើនបន្ទាប់ពីជំងឺកូវីដ-១៩ ត្រូវបានធូរស្បើយ៕

អត្ថបទ៖ ប៉ៃ សុខឃីម