លោក រិន ចេងហ្វ៊ៃ (Ren Zhengfei) បានប្រាប់ទៅ សារព័ត៌មាន Financial Times ថា ការបន្ធូរបន្ថយបម្រាមពាណិជ្ជកម្មចំពោះ Huawei ដោយលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ពុំមានឥទ្ធិពលអ្វីធំដុំឡើយ ព្រោះ Huawei បានសម្របខ្លួនក្នុងបរិបទសម័យកាលថ្មី ចង់មានភាពឯករាជ្យ និងមិនចង់ស្ថិតនៅក្រោមការកៀបសង្កត់របស់អាមេរិក ដែលមានចរិកចង់តែបង្កបញ្ហានោះទេ។
លោក លោក រិន ចេងហ្វ៊ៃ ស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យា Huawei បានលើកឡើងថា៖ “ការសម្រេចចិត្តរបស់លោក ត្រាំ គឺល្អសម្រាប់ក្រុមហ៊ុនអាមេរិក ហើយក្រុមហ៊ុន Huawei ក៏ នៅតែចង់បន្តទិញផលិតផលបច្ចេកវិទ្យាពីក្រុមហ៊ុនអាមេរិកដែរ។ ប៉ុន្តែយើងមើលមិនឃើញថា វាមានឥទ្ធិពលធំដុំប៉ុន្មានឡើយមកលើអ្វីដែលពួកយើងកំពុងធ្វើ ហើយយើងនឹងបន្តផ្តោតសំខាន់ លើការធ្វើការងាររបស់ខ្លួនឲ្យកាន់តែល្អ និងត្រឹមត្រូវ”។
នៅក្នុងដំណាក់ក្ដៅ ក្រោមសម្ពាធរបស់អាមេរិក លោក លោក រិន ចេងហ្វ៊ៃ បានលើកឡើងថា អាមេរិកបានជួយ ក្រុមហ៊ុន Huawei តាមរយៈការបង្កផលលំបាក ព្រោះនៅក្រោមសម្ពាធដ៏ខ្លាំងរបស់អាមេរិក ក្រុមហ៊ុន Huawei កាន់តែមានភាពរឹងមាំខ្លាំងក្លាទៅវិញ ទោះត្រូវឆ្លងកាត់ឧបសគ្គមួយចំនួនក្តី ថមថយការលក់នៅក្នុងប្រទេសមួយចំនួនក្ដី។
គួររំម្លឹកផងដែរថា រដ្ឋាភិបាលអាមេរិកបានចាប់ផ្តើមបើកចំហឲ្យក្រុមហ៊ុនអាមេរិក ដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណសម្រាប់ការលក់ផលិតផលបច្ចេកវិទ្យាទូទៅ ដែលមិនប៉ះពាល់ដល់បញ្ហាសន្តិសុខជាតិទៅឲ្យក្រុមហ៊ុន Huawei បន្ទាប់ពីលោក ដូណាល់ ត្រាំ បានជួបជាមួយប្រធានាធិបតីចិន ស៊ីន ជិនពីង នៅទីក្រុងអូសាកា ប្រទេសជប៉ុន កាលពីថ្ងៃសៅរ៍សប្តាហ៍មុន នៅក្នុងជំនួបដាច់ដោយឡែក នៃកំឡុងកិច្ចប្រជុំកំពូល G20 ដើម្បីស្វែងរកដំណោះស្រាយ សង្គ្រាមពាណិជ្ជកម្មរវាងប្រទេសទាំង២។
ទោះជាយ៉ាងណាក៏ដោយ នេះមិនមែនមានន័យថា ក្រុមហ៊ុន Huawei ត្រូវបានលុបចេញពីបញ្ជីខ្មៅនោះទេ។ ការបើទូលាយបន្តិចរបស់អាមេរិក គឺជាការដោះដូរជាមួយនឹងការដែល ឲ្យប្រទេសចិន បន្តទិញផលិតផលអាមេរិក ក្នុងវិស័យឧស្សាហកម្ម និងថាមពល ហើយជាពិសេសនោះគឺផលិតផលវិស័យកសិកម្មឡើងវិញ ដោយសារតែអាមេរិកបានទទួលរងការប៉ះពាល់ជាខ្លាំង៕